តើអ្នកនឹងជ្រើសរើសម្នាក់ណា រវាងមនុស្សម្នាក់ដែលទៅចោលអ្នក ធ្វើឱ្យអ្នកឈឺចាប់ ហើយត្រឡប់មកវិញ និងមនុស្សម្នាក់ដែលអ្នកមើលរំលង តែគេស្រឡាញ់អ្នកស្មោះ ហើយក៏នៅតែរង់ចាំអ្នករហូតមក?

អាចនិយាយបានថា វាជារឿងដែលពិបាកនឹងធ្វើការសម្រេចចិត្ត ប្រសិនបើឱ្យយើងជ្រើសរើសរវាងមនុស្សដែលយើងស្រឡាញ់ខ្លាំង តែគេបានទៅចោលយើងម្ដងរួចទៅហើយ​ គេបានធ្វើឱ្យយើងខូចចិត្ត និងឈឺចាប់យ៉ាងខ្លាំងកន្លងមក តែគេបែរជាវិលត្រឡប់មកវិញ សុំត្រូវរ៉ូវគ្នាជាថ្មី និងសុំឱកាសដើម្បីកែប្រែម្ដងទៀត និងជាមួយមនុស្សម្នាក់ទៀតដែលយើងតែងតែមើលរំលង គឺមនុស្សដែលយើងបានបដិសេធមិនទទួល ឬស្រឡាញ់គេឡើយ តែយ៉ាងណាក៏ដោយ ក៏មនុស្សម្នាក់នោះ នៅតែរង់ចាំយើងរហូតមក គឺរង់ចាំយើងផ្ដល់ឱកាស និងចាប់ផ្ដើមជាមួយនឹងគេ ជាពេលដែលយើងព្រមបើកចិត្តសម្រាប់គេ ព្រោះថាគេស្រឡាញ់យើងពិត ហើយក៏បានត្រៀមកាយ ត្រៀមចិត្តចាប់ផ្ដើមជាមួយយើងដែរ។

0b8d7330265fc3af9de21cedcb4cb47a

ដូច្នេះ រវាងអ្នកទាំងពីរ តើអ្នកនឹងជ្រើសរើស ឬសម្រេចចិត្តផ្ដល់ឱកាសឱ្យម្នាក់ណា? ការសម្រេចចិត្តរបស់អ្នក វាគឺជាការកំណត់ក្ដីសុខ សុភមង្គលរបស់អ្នកផ្ទាល់នៅក្នុងទំនាក់ទំនងស្នេហា?

ការពិតទៅ វាប្រហែលជាមិនពិបាកគិតនោះទេ លើកលែងតែអ្នកជាមនុស្សដែលងប់ងល់ ឈ្លក់វង្វេង ស្រឡាញ់គេជាងស្រឡាញ់ខ្លួនឯង នោះអ្នកនឹងសម្រេចចិត្តខុសម្ដងហើយម្ដងទៀត។ បើអ្នកប្រើខួរក្បាល និងគំនិតមកសម្រេចចិត្តជ្រើសរើសដៃគូជីវិត នោះអ្នកនឹងក្លាយជាមនុស្សដែលឆ្លាត និងរឹងមាំបំផុត ... ។ ប៉ុន្តែប្រសិនបើអ្នកប្រើបេះដូងដ៏ទន់ជ្រាយ ជាមួយនឹងមនោសញ្ចេតនាមិនដាច់ស្រឡះ នោះអ្នកនឹងក្លាយជាកញ្ចះនៃស្នេហា និងធ្វើឱ្យខ្លួនឯងកាន់តែឈឺចាប់ម្ដងហើយម្ដងទៀតមិនចេះចប់ឡើយ។

4909b2b6697b5b5f0ef75c390738b057


បើសួរខ្ញុំ ខ្ញុំចង់ប្រាប់អ្នកថា ប្រសិនបើអ្នកចង់ផ្ដល់ឱកាសឱ្យមនុស្សដែលក្បត់អ្នក ឬទុកអ្នកចោល មនុស្សដែលធ្លាប់ធ្វើឱ្យអ្នកឈឺចាប់កន្លងមកម្ដងទៀតនោះ អ្នកគួរតែគិត និងសម្រេចចិត្តផ្ដល់ឱកាសក្នុងការចាប់ផ្ដើមជាមួយមនុស្សដែលស្រឡាញ់អ្នកពិត និងតែងតែរង់ចាំអ្នករហូតមកវិញល្អជាង ដ្បិតថាអ្នកអាចនឹងមិនទាន់មានចិត្តស្រឡាញ់គេ តែជឿថា វាមិនពិបាកទេប្រសិនបើអ្នកព្រមបើកចិត្តសម្លឹង និងទទួលយកគេនោះ ហើយម្នាក់នោះ គេនឹងធ្វើឱ្យអ្នកមានក្ដីសុខសុភមង្គលពិតប្រាកដ។

ប៉ុន្តែបើអ្នកបែរជាព្រមបើកចិត្ត និងផ្ដល់ឱកាសឱ្យមនុស្សដែលក្បត់អ្នកម្ដងទៀតនោះ គឺស្មើនឹងអ្នកបើកដៃឱ្យគេចូលមកធ្វើបាបចិត្តអ្នគជាថ្មីច្បាស់ណាស់ ព្រោះថាមនុស្សដែលធ្លាប់ក្បត់ និងទៅចោលអ្នកម្ដងហើយ គេនឹងមិនខ្លាចក្នុងការចាកចេញពីអ្នកម្ដងទៀតនោះទេ ព្រោះគេបានស្គាល់ផ្លូវដែលដើរចេញពីជីវិតអ្នកច្បាស់ណាស់ ដូច្នេះ គេក៏មិនរារែកនឹងការដើរចេញម្ដងទៀតដែរ។ ម្យ៉ាងវិញទៀត បើគេពិតជាស្រឡាញ់អ្នកមែន គេនឹងមិនធ្វើឱ្យអ្នកឈឺចាប់ ខូចចិត្តតាំងពីដំបូងមកម្ល៉េះ៕

0bec778ce17be2731bb453d2d700a4dc

5fea30c0c69b63f9044cfe9637445799

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ