មិត្តហ្វូន អ៊ី-ម៉ាន់នី និង​ព្រូដិនសល​កម្ពុជា​ ចុះកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រយៈពេលវែង​ ដើម្បីផ្ដល់សេវា​​ទូរគមនាគមន៍ ធានារ៉ាប់រងអាយុជីវិត និង​គណនី​តាមទូរស័ព្ទចល័ត

ភ្នំពេញ កាលពីថ្ងៃទី ២០ ខែ តុលា​ ឆ្នាំ ២០២០ - ក្រុមហ៊ុន មិត្តហ្វូន អ៊ី-ម៉ាន់នី និង​ព្រូដិនសល​កម្ពុជា ដែលសុទ្ធសឹង​ជា​ក្រុមហ៊ុនធំៗបំផុតទៅតាម​វិស័យ​របស់ខ្លួន ក្នុង​ប្រទេស​កម្ពុជា បាន​ចុះកិច្ចព្រមព្រៀងលើ​កិច្ច​សហប្រតិបត្តិការ​​រួមគ្នា​​ក្នុង​ការ​ផ្ដល់សេវា​ទូរគមនាគមន៍ ធានារ៉ាប់រង​អាយុជីវិត និងគណនីតាម​ទូរស័ព្ទចល័ត។

1 (5)

ពិធីចុះហត្ថលេខា​លើ​អនុស្សរណៈនៃការ​យោគយល់គ្នា (MoU) បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ដែល​រៀប​ចំរួមគ្នា​ដោយ​​ នាយកចាត់ការទូទៅ​របស់ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong នាយក​ប្រតិបត្តិក្រុមហ៊ុនអ៊ី-ម៉ាន់នី លោក Pham Doan Cuong និងអគ្គ​​នាយក​ (ចាត់តាំង) ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា លោក Sanjay Chakrabarty។

ក្រោមកិច្ច​ព្រមព្រៀងនេះ ក្រុមហ៊ុនដៃគូទាំងនេះ​នឹង​ផ្ដល់​សេវា​​នានា​ដល់អតិថិជន​របស់ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ដូចជា​សេវា​ទូទាត់​ប្រាក់តាមអនឡាញ និង​ការ​ពង្រឹង​សេវា​ធានារ៉ាប់រង​អាយុជីវិតតាមប្រព័ន្ធទូរគមនាគមន៍។ កិច្ចព្រមព្រៀងនេះ​ ក៏នឹង​ពង្រឹង​ដល់កិច្ច​សហប្រតិបត្តិការ​រយៈពេលវែង​រវាង​ក្រុមហ៊ុន​ឈានមុខគេ​ផ្នែកទូរគមនាគមន៍ គណនីតាម​ទូរស័ព្ទចល័ត និង​ធានារ៉ាបរ់ងអាយុជីវិត​ ទាំងបីនេះ​ផងដែរ។

2 (2)

ភាគីទាំងបី នឹង​សហការ​គ្នា​​លើប្រតិបត្តិការ​មួយចំនួន។ ក្នុងនោះក្រុមហ៊ុន មិត្តហ្វូន​នឹង​ផ្ដល់ជូន​ក្រុមហ៊ុនព្រូដិនសលកម្ពុជា នូវសេវាហៅនិងទទួលទូរស័ព្ទ (SIP TRUNK) សេវាអ៊ិនធឹណិត សេវា​បច្ចេក​វិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ សេវា eConnect សេវា SMS Brand-name និង​សេវា​ជា​ច្រើនទៀត។ ក្រុមហ៊ុន មិត្តហ្វូន និងអ៊ី-ម៉ាន់នី នឹង​ផ្ដល់សេវាជូន​អតិថិជន​របស់ក្រុមហ៊ុនព្រូដិនសល​កម្ពុជា​​​ក្នុងការ​បង់​ប្រាក់បុព្វលាភរ៉ាប់រង តាមរយៈប្រព័ន្ធ​​បង់ប្រាក់អ៊ី-ម៉ាន់នី ឬ​គណនីតាម​ទូរស័ព្ទ​ចល័ត។ ទន្ទឹមនឹងនេះ អ៊ី-ម៉ាន់នី នឹង​ផ្ដល់ជូនព្រូដិនសល​កម្ពុជានូវ​ដំណោះស្រាយដែលនឹងជួយ​សម្រួល​ដល់​ការទូទាត់​សំណងពីព្រូដិនសល​កម្ពុជាទៅដល់​អតិថិជនខ្លួន ដែលប្រើប្រាស់គណនីចល័ត អ៊ី-ម៉ាន់នី (eMoney Wallet) ។ ជាងនេះទៅទៀត ក្រុមហ៊ុនព្រូដិនសល​កម្ពុជា​​នឹង​​អាច​ផ្សព្វផ្សាយ​ពាណិជ្ជកម្មស្ដីពីដំណោះស្រាយ និង​​សេវា​ធានារ៉ាប់រងអាយុជីវិត​​នៅលើកម្មវិធីទូរស័ព្ទដៃ អ៊ី-ម៉ាន់នី និង​មិត្តហ្វូនផងដែរ។


ក្រៅពីនេះ អតិថិជន​មិត្តហ្វូន និង អ៊ី-ម៉ាន់នីទាំងអស់ នឹង​អាច​ចូលទៅប្រើកម្មវិធីសុខភាពលើទូរស័ព្ទដៃ​របស់ព្រូដិនសល​កម្ពុជា ឈ្មោះថា Pulse by Prudential (Pulse) ​ដោយ​ឥត​គិត​ថ្លៃសេវាថែមទៀតផង។

នាយក​ចាត់ការទូទៅ​​ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong មានប្រសាសន៍ថា៖ ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងបីនឹង​ផ្ដល់ជូនអតិថិជនរបស់ខ្លួននូវសេវាកម្មប្រកប​ដោយភាពច្នៃប្រឌិតបំផុត”។

3 (2)

លោក​បានបន្ថែមថា៖ “កិច្ច​សហប្រតិបត្តិការ​នេះ​ដាក់ចេញនូវ​វិធី​សាស្ត្រថ្មី​​ក្នុងការបង់​ប្រាក់សេវា​ធានារ៉ាប់​រងអាយុជីវិត​ ដែលនេះជា​ជំហាន​បន្ទាប់​​នៃការវិវត្តផ្នែកឌីជីថល​របស់យើង ក៏ដូចជា​បញ្ជាក់​ឲ្យឃើញពី​ការ​ប្ដេជ្ញាចិត្ត​របស់​ព្រូដិនសល​កម្ពុជា មិត្តហ្វូន និង​អ៊ី-ម៉ាន់នី ​ក្នុងការ​បន្ត​ប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើបចុង​ក្រោយ​ ដើម្បីបម្រើ​សេវាកម្មដែល​ធ្វើ​ឲ្យអតិថិជនកាន់តែ​មាន​ទំនុកចិត្ត​ ហើយជួយឲ្យពួកគាត់​​រស់នៅ​មានសុខភាពល្អ និង​មានផាសុកភាពជាងមុន”។

នាយកប្រតិបត្តិក្រុមហ៊ុន អ៊ី-ម៉ាន់នី លោក Pham Doan Cuong មានប្រសាសន៍ថា៖ “ភាពជាដៃគូ នេះ​នឹង​ផ្ដល់ភាព​ងាយ​ស្រួលដល់អតិថិជន​របស់អ៊ី-ម៉ាន់នី និង​​ព្រូដិនសល​កម្ពុជា​ក្នុងកា​របង់​ប្រាក់​បុព្វលាភ​រ៉ាប់រង​របស់ខ្លួន។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា​ ក៏អាចទូទាត់​សំណង​ជូនដល់អតិថិជន​របស់ខ្លួន តាមរយៈភ្នាក់ងារ​ជាង ៨០០០ ទីតាំង​​​របស់អ៊ី-ម៉ាន់នី នៅទូទាំង​ប្រទេស​ផងដែរ”។

អគ្គនាយក (ចាត់តាំង) ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty មានប្រសាសន៍​ថា៖ “គោល​បំណង​របស់ក្រុមហ៊ុនព្រូដិនសល​កម្ពុជា គឺជួយ​​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូបទទួលបាននូវជីវិតដ៏ប្រសើរ។ ដើម្បីបំពេញគោលបំណងនេះ ទំនួល​ខុស​ត្រូវ​របស់យើងនៅពេលនេះ គឺ​កាន់តែមានភាពបន្ទាន់ និង​សំខាន់ជាង​ពេលណាទាំងអស់​នៅ​ក្នុង​ប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន​ក្នុង​កម្ពុជា ពោលគឺ​ដោយសារ​តែ​រោគរាតត្បាត​កូវីដ-១៩ ហើយ​និង​ទឹកជំនន់​ដែលបង្កផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើនក្នុងពេលនេះ។ ទន្ទឹមនឹងនេះផងដែរ ចំនួនប្រជាពលរដ្ឋ​កម្ពុជា​ដែល​​ប្រើប្រាស់​សេវា​ធានារ៉ាប់រងអាយុជីវិត​នៅមានកម្រិតទាបនៅឡើយ។ ក្នុងនាមជា​ក្រុមហ៊ុនធានារ៉ាប់រង​អាយុជីវិត​ធំជាងគេ​បំផុត​នៅកម្ពុជា ដោយ​មានអតិថិជនជាង ២០ ម៉ឺននាក់ ហើយ​តាមរយៈការ​ជួយគាំទ្រ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​ពីសំណាក់​ក្រុមហ៊ុន​នាំមុខ​គេ​ទាំងពីរ គឺក្រុមហ៊ុនមិត្តហ្វូន និង​អ៊ី-ម៉ាន់នី ខ្ញុំជឿជាក់ថា យើង​នឹង​មាន​លទ្ធភាពពិសេស​​ក្នុងការ​ពង្រីក​វិសាលភាព​សេវាធានារ៉ាប់រង​អាយុជីវិត​​ដល់ប្រជាពលរដ្ឋ​រាប់លាននាក់​នៅកម្ពុជា​ដែលពុំទាន់​ទទួលបាន​ការធានារ៉ាប់រង ឬមានការធានារ៉ាប់រងតិច​តួច”។

#ចប់#