មនោសញ្ចេតនារវាងមនុស្សពីរនាក់ គេមិនខ្លាចទេដែលនៅឈ្លោះគ្នានោះ ខ្លាចតែស្ងាត់ស្ងៀម គ្មានពាក្យនិយាយ ទើបជាបញ្ហា

មនោសញ្ចេតនារវាងមនុស្សពីរនាក់ មិនខ្លាចនឹងការឈ្លោះបែកផ្សែងទេ ខ្លាចតែស្ងាត់មាត់ ខ្ជិលមិនចង់ទាំងនិយាយរកច្រើន។

ឈ្លោះគ្នា គឺនៅអាចនិយាយបានថា នៅយកចិត្តទុកដាក់។ បើស្ងាត់ឈឹងហើយនោះ គឺបានន័យថាអស់ចិត្ត អស់អារម្មណ៍ខ្វាយខ្វល់ហើយ។

- ពេលខ្លះគ្រប់ពេលដែលខឹង ក៏ព្រោះតែចិត្តនៅខ្វាយខ្វល់។

- រអ៊ូ ក៏ព្រោះតែនៅបារម្ភ នឹកគិត។

- ចិត្តនៅហួងហែងទើបគិតច្រើន ប្រសិនបើចិត្តឈប់ស្រឡាញ់ សូម្បីតែគិតក៏មិនចង់គិតផង។

បើមានថ្ងៃណាមួយ ពាក្យរអ៊ូក៏គ្មាន ការបារម្ភក៏បាត់អស់ ប្រែទៅជាស្ងាត់ស្ងៀម ប្រែទៅជាចេះគិត ពេលនោះរឿងគ្រប់យ៉ាងក៏មិនទាក់ទងនឹងអ្នកទៀតឡើយ។

571fc02567e5818265859be105c4cd25

មនុស្សបារម្ភខ្វាយខ្វល់គិតពីអ្នកពិត គឺមានអារម្មណ៍ចំពោះអ្នក រាល់ទង្វើ រាល់សម្តីរបស់អ្នក វាពិតជាមានឥទ្ធិពលខ្លាំងណាស់ចំពោះនាង។ អាចធ្វើឱ្យនាងពិបាកចិត្ត អាចធ្វើឱ្យនាងខឹង អាចធ្វើឱ្យនាងយំ អាចធ្វើឱ្យនាងប្រចណ្ឌដោយសារតែអ្នក នោះគឺបានន័យថាអ្នកសំខាន់សម្រាប់នាង។

នៅពេលដែលនាងប្រែជាស្ងាត់ សោះអង្គើយ ចេះគិតយល់ នោះក៏បានន័យថា បេះដូងនាងត្រជាក់ដូចទឹកកកហើយដែរ។ មិនមានពាក្យនិយាយច្រើនដូចមុន គម្លាតក៏ឆ្ងាយជាងមុន នោះគឺនាងចាត់ទុកអ្នកដូចជាខ្យល់ អាចទៅអាចនៅក៏គ្មានបញ្ហា។ ហើយក្តីបារម្ភទាំងអស់ប្រែជាសោះអង្គើយសាបដូចទឹក មូលហេតុគឺ តាំងពីមានក្តីសង្ឃឹមមុតមាំពេញបេះដូង រហូតដល់អន់ចិត្ត ខកបំណង អស់សង្ឃឹម ឈប់គិតឈប់ឈឺចាប់ ត្រជាក់ដូចទឹក...។

A0ce333e748bfc7b2e8825760195a482


តាមពិតទៅ ការខកចិត្តពិតប្រាកដគឺគ្មានសំឡេងស្រែកយំខ្លាំងៗទេ។

ការអស់សង្ឃឹមដាច់ចិត្តពិតប្រាកដ គឺមិនរករឿងឈ្លោះស្រែកជេរគ្នាទៀតទេ។

គឺនៅសល់តែភាពស្ងៀមស្ងាត់ ដូចមនុស្សមិនធ្លាប់ស្គាល់គ្នា រឿងរបស់អ្នក ខ្ញុំមិនខ្វល់! រឿងរបស់ខ្ញុំ អ្នកកុំសួរ!

សូមកុំធ្វើឱ្យមនុស្សដែលបារម្ភពីអ្នកអស់ចិត្ត។

សូមកុំធ្វើឱ្យមនុស្សល្អចំពោះអ្នកប្រែជាស្ងាត់ស្ងៀមឈឹង។

ភាពសោះអង្គើយ គឺបណ្តាលមកពីធ្លាប់ឈឺចាប់។

ភាពស្ងៀមស្ងាត់ គឺបណ្តាលមកពីធ្លាប់ខកបំណង អស់សង្ឃឹម។

ស្ងាត់ៗស្ងៀមៗ មនោសញ្ចេតនាក៏ដាច់ គម្លាតក៏ឆ្ងាយទៅៗ គ្មានទៀតឡើយចិត្តដែលស្រណោះអាល័យ៕

បកប្រែដោយ ៖ សុខ គឹមទៀវ / Date 17 10 2020

Cab23e5228c98b3bb9a6911d7c5270c3