ក្រសួងធនធានទឹក និងឧតុនិយម ជូនសេចក្ដីប្រកាសអំពីអាកាសធាតុ សូមប្រជាជនប្រុងប្រយ័ត្នបន្ថែមទៀត ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ តុលា ២០២០

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅក្នុងថ្ងៃទី ១៦ តុលា ២០២០នេះឱ្យដឹងថា យោងតាមការវិវត្តនៃអាកាសធាតុ មកដល់វេលានេះឃើញថា ប្រព័ន្ធសម្ពាធទាបដែលបានអូសបន្លាយនៅលើប្រទេសកម្ពុជាកាន់តែបង្កើនឥទ្ធិពលជាលំដាប់។ ចំណែកវិសម្ពាធ ដែលបានកើតឡើងនៅលើសមុទ្រចិនខាងត្បូង ដែលក្រសួងបានជូនដំណឹងថា វានឹងក្លាយជាព្យុះទី១៧ កាលពីថ្ងៃទី ១៥ ខែតុលា ២០២០​ នោះ ពេលនេះវាស្ថិតនៅក្នុងកម្រិត វិសម្ពាធដដែល ដោយមានល្បឿនខ្យល់ក្នុងអតិបរមា ១៥ម៉ែត្រក្នុង១វិនាទី ដែលទាបជាងល្បឿនរបស់ព្យុះ (Tropical Storm) តែ ២ម៉ែត្រក្នុង១វិនាទីតែប៉ុណ្ណោះ។ វិសម្ពាធនេះនឹងធ្វើដំណើរចូលមកភាគកណ្ដាលនៃប្រទេសវៀតណាម នៅថ្ងៃទី ១៧ តុលា ២០២០។

ស្ថានភាពបែបនេះនឹងធ្វើឱ្យភ្លៀងនៅតែបន្តធ្លាក់ច្រើន ពិសេសចាប់ពីថ្ងៃទី ១៧ តុលា ២០២០ រហូតដល់ថ្ងៃទៅ ២១ តុលា ២០២០ នៅតាមបណ្ដាខេត្តភាគពាយ័ព្យ បណ្ដាខេត្តនៅភូមិសាស្ត្រជាប់ក្បែរជួរភ្នំដងរែក ខ្ពង់រាបឦសាន និងតំបន់ជួរភ្នំក្រវាញ នឹងអាចមានភ្លៀងធ្លាក់ខ្លាំងជាប់បន្ត។ ចំណែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន និងនៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងលាយឡំនឹងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។


យោងតាមស្ថានភាពអាកាសធាតុ ដែលបានជម្រាបជូនខាងលើ សូមក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារនជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងតំបន់ខាងលើ សូមជ្រាបព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ៕

121603245_1457252014466700_3475827660482220567_o