ប្រវត្តិនិងឫសគល់នៃល្ខោនបុរាណឬល្ខោនពោលស្រី

 

ល្ខោនបុរាណ ឬអ្នកខ្លះហៅថា ល្ខោនពោលស្រី គឺជាល្ខោនមួយនៃភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ទោះបីជាមកដល់បច្ចុប្បន្ន ល្ខោននេះហាក់ដូចជាគេដឹងថាមានតែនៅវត្តកៀនស្វាយក្រៅក៏ដោយ តែបើតាមការបញ្ជាក់របស់លោកយាយ ជា មុត និងលោកយាយ គិន យិន ថាល្ខោននេះមានឫសគល់មកពីខាងព្រែកថោង-ព្រែកហ្លួងក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានគ្រូឈ្មោះ លោកយាយ ជិញ ជាអ្នកបង្ហាត់បង្រៀនអ្នកភូមិនៅវត្តកៀនស្វាយក្រៅកាលពីប្រមាណជាង៧០ឆ្នាំមុន ហើយក៏បន្តរីកដុះដាលមកដល់បច្ចុប្បន្ន។ នេះសបញ្ជាក់ឲ្យឃើញជាឧទាហរណ៍មួយនៃការបន្តវេនមត៌កវប្បធម៌អរូបី តាមរយៈការផ្សាំបណ្តុះតៗគ្នាពីភូមិមួយទៅភូមិមួយ។

Photo_2020 10 13_23 45 31 (4)

Photo_2020 10 13_23 45 32 (2)

Photo_2020 10 13_23 45 32

ល្ខោនបុរាណនៃវត្តកៀនស្វាយក្រៅនេះស្ទើរតែបាត់បង់ទៅហើយ ក្រោយសម័យ ប៉ុល ពត។ រហូតមកដល់រវាងចុងទសវត្សរ៍១៩៩០ ទើបមានការផ្តួចផ្តើមឲ្យមានការសម្តែងឡើងវិញ ដ្បិតអ្នកគ្រូ លោកគ្រូ ដែលនៅមានជីវិតក្រោយសម័យ ប៉ុល ពត អាចបង្ហាត់បង្ហាញប្រពៃណីពីបុរាណកាលរបស់អ្នកភូមិឡើងវិញបាន។ ការដំឡើងស្នាដៃនេះ​ ក៏បានសម្តែងច្រើនដងរួចមកហើយដែរ។ តែយ៉ាងណាក៏ដោយ ល្ខោនបុរាណមួយនេះក៏ចេះតែហោចទៅៗ។ រវាងឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន កិច្ចពិធីដែលជាប្រពៃណី ទំនៀមទម្លាប់ មានដូចជាទំនៀមសំពះគ្រូនៅថ្ងៃទី១៣ កើត ខែបុស្សជាដើម នៅតែបន្តរៀងមក គ្រាន់តែពុំមានការសម្តែងដូចកាលពីដើម។ អ្នកលេងល្ខោនបុរាណ ដែលមានវ័យចាស់ៗ រវាង៨០-៩០ឆ្នាំ ក៏ដូចជាអ្នកសម្តែងថ្មីៗ ដែលបានហាត់រៀននៅទស្សវត្សរ៍ឆ្នាំ១៩៩០ នៅតែចិញ្ចឹមចិត្តចង់ឲ្យល្ខោននេះរស់ដូចបុរាណកាលវិញក្នុងភូមិស្រុករបស់ខ្លួន។ ក្នុងគោលបំណងនោះហើយ ទើបលោកយាយ ជា មុត និងលោកយាយ គិន យិន ដែលជាសិល្បករជើងចាស់ ព្រមជាមួយសិល្បករក្មេងក្នុងភូមិប្រមាណជា៦-៧នាក់ទៀត បានខិតខំចំណាយពេលវេលាមកចូលរួមបង្ហាត់​បង្ហាញក្បាច់ល្ខោន និងចូលរួមហាត់សម្តែងដោយយកចិត្តទុកដាក់ ដើម្បីដំឡើងស្នាដៃមួយ គឺ “រឿងជ័យជេត” ដោយសហការជាមួយសិល្បករនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

លោកយាយ លោកតា ព្រមទាំងសិល្បករនៃវត្តកៀនស្វាយក្រៅរំពឹងថា ការដំឡើងនិងសម្តែងល្ខោនបុរាណរឿងជ័យជេត នឹងជួយឲ្យល្ខោនបុរាណដ៏កម្រមួយនេះ រីកដុះដាលទៅមុខ ហើយចាក់ឫសមត៌កដូនតានៅក្នុងភូមិស្រុករបស់ខ្លួនឡើងវិញ។


Photo_2020 10 13_23 45 31 (2)

Photo_2020 10 13_23 45 31 (3)

Photo_2020 10 13_23 45 31

ល្ខោនបុរាណរឿងជ័យជេត ដែលកំពុងដំឡើងនឹងផ្សព្វផ្សាយបន្តផ្ទាល់តាម Facebook ផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា​ ឆ្នាំ២០២០ ដើម្បីចូលរួមអបអរព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថជាអម្ចាស់។

សូមជួយគាំទ្រ និងរង់ចាំទស្សនាទាំងអស់គ្នា។

រូបភាព : នាយកដ្ឋានភាពយន្ត

ប្រភព: អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌