ភារកិច្ចទាំង៥របស់មនុស្សស្រី ដែលអ្នកត្រូវរ៉ាប់រង មិនមែនរឿងស្នេហា ឬព្រោះតែមនុស្សប្រុសនោះឡើយ

មួយជីវិតរបស់មនុស្សស្រី អ្នកត្រូវដឹង និងថែរក្សា ហើយបំពេញកាតព្វកិច្ច ភារៈទាំង៥នេះឱ្យបានល្អ ប៉ុន្តែយ៉ាងណា អ្នកក៏ប្រហែលជាត្រូវបាត់បង់សេរីភាពបន្តិចហើយ។

១. ឪពុកម្ដាយ

119992126_1015549392219091_2848681970112590579_n

ក្នុងនាមជាកូនស្រី សំខាន់ណាស់ដែលអ្នកត្រូវបំពេញតួនាទីជាកូនដ៏ល្អ ជាពិសេសគឺមើលថែពុកម៉ែចាស់ ឬឈឺ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនអាចតាមប្ដី ហើយទុកឪពុកម្ដាយចោលបានទេ។ អ្នកត្រូវដឹងថា ការរស់នៅជាមួយនឹងប្ដី ប្ដីខ្លះមានតែធ្វើឱ្យយើងចាំផ្លូវយប់ព្រលប់ទើបត្រឡប់មកវិញ ប៉ុន្តែសម្រាប់ឪពុកម្ដាយ មិនថាយើងទៅដល់ទីណា កន្លែងណាទេ គឺមានតែអ្នកមានគុណនេះហើយ ដែលតែងតែចាំមើលផ្លូវ ព្រួយគិត នឹកបារម្ភពីយើងគ្រប់ពេលវេលា ដូច្នេះ កុំទុកអ្នកមានគុណចោលឱ្យសោះ មិនត្រូវលំបាក វេទនាយ៉ាងណាទេ ការមើលថែ គាប់បម្រើឪពុកម្ដាយ គឺជាសម្ពាយដែលមិនអាចដាក់ចុះបានឡើយ។

២. កូនៗ

119475546_1012892245818139_2027201686756664971_n

កូនៗមិនមែនជាបន្ទុកសម្រាប់ជីវិតមនុស្សស្រីទេ តែជាកាដូដ៏មានន័យ អំណោយដ៏មានតម្លៃបំផុតដែលបានចូលមកក្នុងជីវិតរបស់អ្នក។ មិនថាលំបាក ឬត្រូវចំណាយច្រើនប៉ុនណាឡើយ មានតែកូនៗនេះហើយ ដែលអាចនៅមើលថែអ្នកពេលចាស់ទៅ។ ម្យ៉ាងវិញទៀត កូនជាសាច់ ជាឈាម កូនយើងជាអ្នកបង្កើតឡើងមក ដូច្នេះ ការមើលថែ បង្ហាត់បង្រៀនកូនឱ្យល្អ គឺជាភារៈដ៏ធំរបស់អ្នកដែលជាម្ដាយ កូនជាអ្វីៗគ្រប់យ៉ាងរបស់អ្នក កូនសំខាន់ជាងអ្វីៗទាំងអស់ ដែលនឹងចូលមកផ្លាស់ប្ដូរជីវិតអ្នកឱ្យកាន់តែរឹងមាំ និងមានតម្លៃ ចេះខិតខំប្រឹងប្រែង មិនចុះចាញ់ ឬបោះបង់អ្វីដោយងាយៗឡើយ។

៣. ការងារ

120455493_1027901637650533_7848351518095094246_o


មនុស្សស្រីត្រូវដឹង ស្នេហា​អាចក្បត់អ្នក តែការងារគ្មានថ្ងៃក្បត់អ្នកឡើយ អ្នកអាចបំពេញកិច្ចការងាររបស់អ្នកបានកម្រិតណា គុណតម្លៃរបស់អ្នកក៏នឹងកើនឡើងដល់កម្រិតនោះ។ មិនថាក្នុងជីវិតរបស់អ្នក មានសំណាងបានប្ដីល្អ ប្ដីចេះធ្វើការរកលុយប៉ុនណាទេ ក៏អ្នកត្រូវតែជាមនុស្សស្រីដែលរឹងមាំ មានការងារធ្វើ មានមុខរបរច្បាស់លាស់សម្រាប់ខ្លួនឯងដែរ អ្នកមិនអាចពឹងប្ដីឱ្យរកលុយមកចិញ្ចឹមអ្នក និងកូនតែម្ខាងបានទេ។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកមានមុខរបរ មានការងារ អាចរកចំណូលបាន អ្នកក៏នឹងមានតម្លៃទៅតាមហ្នឹង មិនចាំបាច់ត្រូវមើលទឹកមុខអ្នកណា នាំឱ្យគេប្រមាថអ្នកបានឡើយ។

៤. សម្រស់

120567203_1027837210990309_4799933389683730373_o

ភាពស្រស់ស្អាត គឺជាអ្វីមួយដែលស្ត្រីគ្រប់រូបចង់បានឋិតថេរជារៀងរហូត។ ប៉ុន្តែទោះជាយ៉ាងណា វ័យកាន់តែច្រើន សម្រស់វាក៏នឹងបាត់បង់ទៅតាមហ្នឹងដែរ។ ប៉ុន្តែអ្វីដែលសំខាន់ អ្នកត្រូវតែចេះរក្សាសម្រស់របស់ខ្លួនឯងឱ្យស្រស់ស្អាតទៅតាមវ័យរបស់អ្នក មិនមែនឱ្យតែចាស់លែងស្អាតទេ តែសំខាន់ ត្រូវតែស្រស់ស្អាតតាមរបៀបមនុស្សចាស់។

ស្ត្រីកាន់តែស្រស់ស្អាត គុណសម្បត្តិកាន់តែកើនឡើងច្រើនដែរ។ នៅពេលដែលអ្នកស្រស់ស្អាត អ្នកប្រាកដជាត្រូវបានមនុស្សជាច្រើនស្រឡាញ់ ភាពស្រស់ស្អាតរបស់អ្នក គឺជាគុណសម្បត្តិមួយផ្នែកនៅក្នុងជីវិតនេះ។

៥. សុខភាពល្អ

120501942_1028262280947802_4908019846572969366_o

សុខភាពគឺជារឿងសំខាន់បំផុតរបស់មនុស្សម្នាក់ៗ។ ស្ត្រីសព្វថ្ងៃត្រូវការថែរក្សារាងកាយ និងត្រូវចេះស្រឡាញ់ខ្លួនឯង។​ យ៉ាងណាមិញ ស្ត្រីដែលមានសុខភាពល្អ និងមានរាងស្អាតទើបមានភាពទាក់ទាញ។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកមានសុខភាពល្អប្រសើរ អ្នកក៏នឹងមានរាងកាយមាំមួន បញ្ញាស្មារតីល្អគាប់ អ្នកអាចគិត និងសម្រេចកិច្ចការអ្វីក៏បានងាយដែរ៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ