តើគួររៀបការមុន ហើយចាំចាប់ដៃគ្នារកស៊ី ឬរកស៊ីឱ្យមានបានសិន ចាំរៀបការតាមក្រោយ?

ជារឿងមួយដែលយើងម្នាក់ៗត្រូវគិតពិចារណា លើការរកស៊ី បង្កើតមុខរបរ មុននឹងសម្រេចចិត្តរៀបការ សាងគ្រួសារជារបស់ខ្លួនឯង។ ការរៀបការ គឺជារឿងសំខាន់មួយផ្នែក នៅក្នុងជីវិតរបស់យើងម្នាក់ៗ ចំណែករឿងធ្វើការរកស៊ី ក៏រឹតតែសំខាន់សម្រាប់ជីវភាពយើងដូចគ្នាដែរ។

អ្នកខ្លះ មិនទាន់មានមុខរបរ ឬការងារជាប់លាប់ច្បាស់លាស់ទេ តែបែរជាសម្រេចចិត្តចង់បានប្ដី ឬប្រពន្ធយ៉ាងឆាប់រហ័ស តែគេអាចរៀបការហើយ បានចំណងដៃយកមករកស៊ី ហើយមានគ្នាជួយរក វាក៏ម្យ៉ាងដែរ តែសម្រាប់អ្នកខ្លះទៀត គេគិតថា​ គេចង់មានការងារល្អសិន មានមុខរបរច្បាស់លាស់ មានចំណូលត្រឹមត្រូវ មានគ្រប់យ៉ាងនឹងធឹងសិន ទើបសម្រេចចិត្តរៀបការ ចំណុចនេះ វាក៏ម្យ៉ាងដែរ ព្រោះសម័យនេះ បើយើងមិនមានអ្វីសោះ ការសាងគ្រួសារ គឺជារឿងដែលប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុខ្លាំងបំផុត។

119917590_1018028771971153_5056030407913322794_o

អ្នកខ្លះនិយាយថា លុយកាក់មិនសំខាន់ទេ តែកុំភ្លេចថា សម្រាប់ជិវិតគ្រួសារ លុយមិនសំខាន់ តែវាចាំបាច់ក្នុងការប្រើប្រាស់ គ្រួសារខ្លះ បែកបាក់ព្រោះតែគ្មានលុយកាក់នេះឯង ម្យ៉ាងទៀត បើយើងគ្មានលុយ វាលំបាកណាស់ ហើយគេឯងមើលងាយទៀត កុំអាងលុយកាក់ឪពុកម្ដាយ កុំអាងកេរ្តិ៍អាករអ្នកមានគុណ កុំនាំទុក្ខធ្ងន់ឱ្យគាត់ទៀត។


បើមិនទាន់មានមុខរបរ ការហើយចាំរក ក៏មានគ្នាជួយរកវាក៏ល្អដែរ តែសំខាន់ ទាល់តែយើងទាំងពីរមានគំនិត មានបញ្ញា មានការចង់មានចង់បាន ចេះប្រឹងប្រែងទើបប្រសើរ តែបើការហើយមិនខំរកទៀតនោះ មុខតែវេទនាទាំងគូមិនខានទេ តែយ៉ាងណាក៏ដោយ ការមានមុខរបរ មានការងារ អាចរកចំណូលបានជាមុន មុននឹងសម្រេចចិត្តរៀបការ វាជារឿងមួយដែលប្រសើរជាង ព្រោះយ៉ាងណា បើយើងមានលុយកាក់ខ្លួនឯង វាក៏បានជួយឱ្យអ្នកមានគុណបានធូរស្រាល ក្នុងការចំណាយលើការរៀបការរបស់យើងដែរ មួយវិញទៀត ពេលការហើយ ក៏មិនបាច់ត្រូវភ័យខ្លាចថា រកអីទុកអី គ្មានអ្វី ត្រូវដេកភ័យខ្វះមុខខ្វះក្រោយនោះឡើយ៕

120078359_1018028718637825_6461698508340679262_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ