ការ​ស្វែង​យល់​អំពី​​ពាណិជ្ជកម្ម​បែប​សន្ទនា​ តាមរយៈកម្មវិធី “និយាយអាជីវកម្ម​ជាមួយ Facebook”

ការ​ស្វែង​យល់​អំពី​​ពាណិជ្ជកម្ម​បែប​សន្ទនា​ តាមរយៈកម្មវិធី “និយាយអាជីវកម្ម​ជាមួយ Facebook”

រាជធានីភ្នំពេញ (១១ កញ្ញា ២០២០) - អាជីវកម្ម​ខ្នាត​តូច និង​មធ្យមនានា​​​កំពុង​តែ​សម្រប​ខ្លួនទៅ​នឹង ​​ពិភព​លោកបែបថ្មី គឺការ​អនុវត្ត​គម្លាត​សង្គម និង​សម្របទៅតាម​ឌីជីថលនីយកម្ម​យ៉ាងលឿន​នៃ ​សេដ្ឋកិច្ច និង​សេវាកម្ម​ផ្សេងៗ ធ្វើយ៉ាងណា​ដើម្បីទទួលបានជោគជ័យ​នៅចំពោះមុខ​​បញ្ហា​ប្រឈម​ ដែល​កើត​ឡើង​ដោយសារ​តែជំងឺ​រាត​ត្បាត​កូរ៉ូណា។

ក្នុងកិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ជួយ​ដល់អាជីវកម្ម​ខ្នាត​តូច​នៅ​កម្ពុជា និង​​​សហគ្រិន​នានា ​នៅ​ក្នុង​ការ​ ធ្វើអាជីវកម្មតាមអនឡាញ និងទទួលជោគជ័យពី​ការ​ប្រើប្រាស់ទំព័រ​អនឡាញរបស់ខ្លួននោះ ក្រុមហ៊ុន Facebook បាន​បង្កើត​​ឲ្យ​មាន​កម្មវិធីអប់រំ​ជា​ស៊េរី មួយឈ្មោះថា “​និយាយ​អំពីអាជីវកម្ម​ជាមួយ​ Facebook”។

កម្មវិធីអប់រំនេះ បានចាប់ផ្ដើម​ដំណើរការ​​តាមរយៈព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់លើអនឡាញមួយ ដែល​ក្នុងនោះ អ្នក​ឯកទេស​ខាង​បណ្ដាញព័ត៌មានសង្គម ​ម្ចាស់អាជីវកម្ម​នានា​នៅកម្ពុជា និង​​តំណាង​មកពីក្រុមហ៊ុន Facebook លោកស្រី Charlotte Trudgil ដែលជា​​នាយក​ប្រតិបត្តិការ​ក្រុមហ៊ុន Facebook ប្រចាំ​កម្ពុជា មីយ៉ាន់ម៉ា និង​ឡាវ លោក អ៊ិន វិចិត្រ ដែលជា​នាយកប្រតិបត្តិ និងជា​សហស្ថាបនិក​​របស់​ក្រុមហ៊ុន Media Load និង Little Digital និង​លោក ហែម សុបញ្ញា នាយកក្រុមហ៊ុន Httpool ​ប្រចាំប្រទេស​កម្ពុជា​ ចូលរួម​ឆ្លើយ​សំណួរ​​អំពីពាណិជ្ជកម្ម​បែប​សន្ទនា (Conversational Commerce) និង​អាជីវកម្ម​តាម បណ្ដាញ​សង្គម (Social Commerce) ដោយ​បានផ្ដល់​នូវ​គន្លឹះ និង​អនុសាសន៍ ​ផ្សេងៗ ដល់​សហគ្រិន​ដែលចាប់អារម្មណ៍។

លោកស្រី Charlotte Trudgil មានប្រសាសន៍ថា៖ “អ្នកប្រើកម្មវិធី​ Facebook កាន់តែ​ច្រើនឡើង​​នៅ​ក្នុង​ តំបន់អាស៊ីអាគ្នេយ៍ កំពុង​ងាក​ទៅរក​​ពាណិជ្ជកម្ម​បែប​សន្ទនា ដោយ​រិះរកមធ្យោបាយ លក់​ផលិតផល ​របស់ខ្លួន​ ដោយ​ប្រើ​វិធី​លឿនៗ មាន​​អន្តរកម្ម និងតម្រូវ​តាម​បុគ្គល។ ពាណិជ្ជកម្ម​បែប​សន្ទនា កំពុង​ជួយ​ ដល់​​ការ​ទិញ​ទំនិញ និង​សេវា​ ទាំង​តាមអនឡាញ និង​តាម​ទីតាំង​ផ្ទាល់​​ ហើយ​កំពុង​តែផ្លាស់ប្ដូរ​របៀប​របប ដែល​យើង ទិញ​ ទំនិញ និង​សេវានានា”។ ​​

នៅក្នុងកម្មវិធីផ្សាយ​តាមអនឡាញនេះ វាគ្មិន​បាន​ផ្ដោត​លើ​អត្ថ​ប្រយោជន៍​​​របស់ពាណិជ្ជកម្ម​បែបសន្ទនា និង​ដំណោះ ស្រាយ​ចម្រុះ ដែល​ផ្ដល់​លទ្ធភាព​​ឲ្យ​អាជីវកម្មនានា និងអតិថិជន​បានភ្ជាប់ទំនាក់ទំនង​គ្នា ដែលជួយ​​បង្កើនភាពងាយស្រួ​ល​ក្នុងការ​ទិញទំនិញ និងសេវាកម្ម និង​​តម្រូវ​តាម​ការ​រំពឹងទុក​ របស់ ​អតិថិជន។

លោក ហែម សុបញ្ញា មានប្រសាសន៍ថា៖ “ក្នុងនាមជា​ដៃគូទទួលសិទ្ធិផ្ដាច់មុខ​ផ្នែក​លក់​របស់ ក្រុមហ៊ុន Facebook យើង​ពិតជាមានក្ដីរំភើបរីករាយ​ក្នុងការ​ចួលរួម​ក្នុងកម្មវិធីបែបនេះ ។ ក្រោយពេល​បាន ជជែក ជាមួយក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម​ក្នុង​ស្រុក និង​ស្វែង​យល់ពីការ​លំបាក​របស់ពួកគេ​រួចមក គឺយើង​អាច ជួយពួកគេ​ឲ្យ​ចំចំណុច​ដែលគេ​ត្រូវការ​ និងពេល​វេលា​ដែលគេ​ត្រូវការ។ យើង​ធានាថា នឹង​បន្តអប់រំ អ្នក​ផ្សាយពាណិជ្ជកម្មនៅកម្ពុជា​ ពីរបៀប​ប្រើប្រាស់​សំណុំកម្មវិធីពី Facebook ដើម្បីបានទទួលផល ឲ្យ​បាន ច្រើនបំផុត​សមនឹង​ការ​ខិត​ខំប្រឹងប្រែង​ ក៏ដូចជាជួយគាំទ្រដល់អាជីវកម្ម​របស់ពួកគេ”។

លោក អ៊ិន វិចិត្រ មានប្រសាសន៍ថា៖ “​តាំងពីខ្ញុំ​ចាប់ផ្ដើម​ប្រើប្រាស់ពាណិជ្ជកម្ម​បែប​សន្ទនា និង​ចាប់​ផ្ដើម​ លក់ផលិតផល​តាមកម្មវិធី Messenger មក ការ​លក់​របស់ខ្ញុំ​បានកើនឡើងជាងទ្វេដង​។ អតិថិជន​របស់ ខ្ញុំ​មានអារម្មណ៍ងាយ​ស្រួល​ក្នុងការ​ប្រើប្រាស់​សេវាកម្មបែបនេះ ហើយ​ខ្ញុំ​កំពុង​រង់ចាំ​មើលថាតើ ទៅថ្ងៃអនាគត ​នឹង​មានកម្មវិធី​អ្វីបន្ថែមទៀតស​ម្រាប់​ឲ្យ​យើង​ប្រើប្រាស់”។

កម្មវិធី​ពិភាក្សានេះអាច​ចូលទៅមើល​បានតាមរយៈតំណ​ភ្ជាប់នេះ Geeks in Cambodia Facebook Page។ នៅក្នុង​វគ្គ​ក្រោយៗ អ្នកជំនាញ ​ខាងបណ្ដាញព័ត៌មានសង្គម និងតំណាង​របស់ក្រុមហ៊ុន Facebook នឹង​ជជែកគ្នា និង​ឆ្លើយ​សំណួរ​ អំពី​ទិដ្ឋភាព​ខុសៗគ្នា​នៃ​ការធ្វើអាជីវកម្ម​លើ Facebook រាប់បញ្ចូលទាំង​ការ​គ្រប់គ្រង​ការ​ផ្សាយពាណិជ្ជកម្ម លើ Facebook និង​ការ​ចាត់ចែង​ការងារ​ផ្សព្វផ្សាយទីផ្សារ​​លើ Facebook ដោយ​ប្រើបុគ្គលជាតារា​ជាដើម។

គន្លឹះ​សម្រាប់ទទួលជោគជ័យ​លើអាជីវកម្ម​បែប​សន្ទនា​

គន្លឹះ​ចំនួន ​៦ សម្រាប់​ទទួលជោគជ័យ​​លើ​អាជីវកម្ម​បែប​សន្ទនា​លើ Facebook

រាជធានីភ្នំពេញ ថ្ងៃទី ១១ កញ្ញា - ពាណិជ្ជកម្ម​បែប​សន្ទនា​​អាច​ជាឧបករណ៍​ដ៏​ល្អ​ប្រពៃ​សម្រាប់នាំផ្លូវ​អ្នក​ ​ក្នុងការ​ធ្វើ​អាជីវកម្ម​​តាមអនឡាញ​ឲ្យ​បានទទួលជោគជ័យ​​ ដោយ​ប្រើប្រាស់​កម្មវិធីនានា ដូចជា Messenger និង Instagram ជាដើម ដើម្បី​ភ្ជាប់ទំនាក់ទំនង​ដោយផ្ទាល់ជាមួយនឹងអតិថិជន​​របស់​អ្នក បង្កើនកម្រិតជឿទុកចិត្ត ហើយ​លក់ផលិតផល​របស់អ្នក​​ឲ្យ​បានកាន់តែ​ច្រើន។ ខាង​ក្រោមនេះគឺជា​គន្លឹះ មួយចំនួន​ ដែលអាចជួយ​អ្នក​​ក្នុងការ​​ធ្វើពាណិជ្ជកម្មបែប​សន្ទនា​ប្រកប​ដោយ​ភាពសក្ដិសិទ្ធ។

១. បង្កើត Messenger និងគ្រប់គ្រង​ការ​សន្ទនា


បុរេលក្ខខណ្ឌតែមួយគត់​ក្នុងការ​ប្រើប្រាស់ Messenger សម្រាប់ពាណិជ្ជកម្មបែប​សន្ទនា គឺត្រូវ​បង្កើតទំព័រ Facebook សម្រាប់អាជីវកម្ម​របស់អ្នក ជាមុន​សិន​។​ នៅពេលដែលទំព័រ​ពាណិជ្ជកម្ម​របស់អ្នកត្រូវបាន ​បង្កើត​រួចហើយ អ្នកអាច​ចាប់ផ្ដើម​ផ្ញើ និងទទួល​សារ​បានភ្លាមៗ។

ប្រសិនបើ​អ្នកមាន​ទំព័រអាជីវកម្ម​លើ Instagram អ្នកអាច​ប្រើ Unified Page Inbox ដើម្បីគ្រប់គ្រង​រាល់ សារ​ទាំងអស់ នៅ​ក្នុងទីកន្លែងតែមួយ។ ធ្វើដូច្នេះ អាច​ឲ្យ​អ្នក​​គ្រប់គ្រង​លើ​ការ​សន្ទនានៅលើ Facebook, Instagram និង Messenger បាន​កាន់តែលឿន និង​កាន់តែងាយស្រួល។

២. បង្ហាញ​ពីគុណតម្លៃដែលអ្នក​អាចផ្ដល់​ឲ្យ

ជួយ​ឲ្យ​អតិថិជន​យល់ថាតើហេតុអ្វីបានជាគេគួរ​ចាប់ផ្ដើម​សន្ទនា​ជាមួយនឹង​អាជីវកម្ម​របស់អ្នក​ នៅលើ Messenger។ ណែនាំដល់អតិថិជន​របស់អ្នក​​​ពីចំណុច​ចូលសន្ទនា​ និង​ជំរុញ​ឲ្យ​មានការ​សាក​សួរ និង ​មូលហេតុ​ខ្លី និង​ច្បាស់លាស់ ដែលពួកគេ​គួរផ្ញើ​សារ​មក​កាន់អាជីវកម្ម​របស់អ្នក ដូចជា​ ការ​ណាត់​ម៉ោងជួប ឬជជែកជាមួយនឹងអ្នកជំនាញជាដើម។

៣. រួសរាន់ក្នុងការ​ឆ្លើយតប

ព្យាយាម​ឆ្លើយតបទៅអតិថិជន​ឲ្យ​បានឆាប់តាមដែលអាចធ្វើបាន អាចថា ក្នុងពេលពីរបីម៉ោង។ ប្រសិនបើ អ្នកមិននៅ ចូរ​បង្កើត ការ​ឆ្លើយតប​ដោយស្វ័យប្រវត្តិ (Instant Replies) ដើម្បីថ្លែងអំណរគុណ និង​ឲ្យ​អតិថិជនដឹងថា អ្នកនឹង​ឆ្លើយតប​ក្នុងពេលឆាប់ៗ។ អ្នកក៏អាច​បង្កើត​សារ Away Message នៅពេល​ ដែលអាជីវកម្ម​របស់អ្នក​បិទទ្វារ​សម្រាក។

៤. ចូរប្រាកដថា អតិថិជនដឹងថាគេនឹង​បានអ្វីពីអាជីវកម្ម​របស់អ្នក

ចូរពន្យល់​ឲ្យ​បានច្បាស់លាស់ថាតើអតិថិជនអាចចំណេញអ្វីខ្លះពីការ​ប្រើប្រាស់ Messenger ដើម្បី​ឲ្យ​ អតិថិជនដឹងថាតើពួកគេ​រំពឹងថានឹងទទួលបានអ្វីខ្លះពីការ​សន្ទនា ហើយ​ពួកគេ​តម្រូវ​ឲ្យ​ធ្វើអ្វីខ្លះ។ បើទោះ​បីជាអ្នក​ចង់ប្រើ​ ការ​ឆ្លើយ​តប​ដោយស្វ័យ​ប្រវត្តិក្ដី ចូរ​ត្រៀម​ឲ្យ​មាន​អ្នកដែលអតិថិជន អាច ​និយាយជាមួយបាន ប្រសិនបើពួកគេមានសំណួរ​ជាក់​លាក់​ផ្សេងៗ។ ចូរ​ប្រាប់​ឲ្យ​អតិថិជន​ដឹងថា ពួកគេ អាច​ជជែកជាមួយនឹង​មនុស្ស​ណាម្នាក់​ តាម Messenger ឬកម្មវិធីផ្សេងទៀត។

៥. យកចិត្តទុកដាក់ចំពោះម៉ាកយីហោរបស់អ្នក

យកចិត្តទុកដាក់លើ​ម៉ាកយីហោរបស់អ្នក និង​កេរ្តិ៍ឈ្មោះ​របស់ម៉ាកយីហោ ក៏ដូចជា​របៀប​បង្ហាញ ម៉ាកយីហោ នោះ​នៅលើ Messenger។ ត្រូវ​ហ៊ាន​ប្រើប្រាស់​មុខងារច្នៃប្រឌិត​ផ្សេងៗ ដូចជា ប្រើរូបភាព GIFs និង​វីដេអូផ្សាយ​ផ្ទាល់ខ្លីៗ ប្រសិនបើ​ត្រូវគ្នានឹង​ម៉ាកយីហោរបស់អ្នក។​

៦. សាកល្បង​​អ្វីដែលប្លែកពីគ្នា

ព្យាយាមពិសោធន៍​​មើលថាតើ Messenger មានដំណើរការ​ដូចម្តេច ។ អ្នកអាច​សាក​ប្រើ​វិធីគោរព ខុសៗគ្នា វីដេអូផ្សេងៗគ្នា ឬ​ធ្វើ​បច្ចុប្បន្ន​ភាពលើការ​សន្ទនា​របស់អ្នក​ឲ្យ​ប្លែកពីមុន។ ធ្វើការ​សម្រេច​ចិត្ត​ លើ​គោលដៅ ហើយ​កែសម្រួល​យុទ្ធសាស្ត្រ​របស់អ្នក​ដើម្បីសម្រេច​គោលដៅនោះ។ ស្វែង​យល់ពី​របៀប​​ប្រើ ប្រាស់​ មុខងារ​ប្រើសារ​ ដើម្បីធ្វើការ​ផ្សព្វផ្សាយទីផ្សារ​អាជីវកម្ម​របស់​អ្នកឲ្យ​បានពេញ ទំហឹង​។