យោងតាមសេចក្ដីរាយការណ៍ពី ក្រសួងធនធានទឹក និងឧតុនិយមបានចេញប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី ០៨ កញ្ញា ២០២០នេះថា ចាប់ពីថ្ងៃទៅ ០៩ កញ្ញា ដល់ ថ្ងៃទី ១៥ កញ្ញា ២០២០នេះកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។
តាមរយៈការតាមដាននៃបម្រែបម្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប អូសបន្លាយឆ្លងកាត់ភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ។ ខណៈខ្យល់មូសុងនិរតីមាន ល្បឿនមធ្យមបក់មកលើកម្ពុជា។
ស្ថានភាពអាកាសធាតុមានដូចតទៅ ៖
១. នៅតាមបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ក្នុងនោះ ក៏មានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៅភាគខាងត្បូង និងភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ច្រើន។
២. នៅតាមបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
- សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។
៣. នៅតាមបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C
- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ហើយរលកសមុទ្រអាចមានកម្ពស់ពី ០.២៥-០.៧៥ ម៉ែត្រ។
ដោយហេតុនេះដែរ សូមបងប្អូនជនរួមជាតិនៅតាមបណ្ដាខេត្តក្រុងទាំងអស់ សូមធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងកើតមានគ្រោះថ្នាក់ណាមួយកើតឡើង៕