ដំណើរជីវិតរបស់មនុស្សតែងមានយីអ៊ុនឡើងចុះ គ្មាននរណាដែលរស់នៅស្រណុកសុខស្រួលរហូតនោះឡើយ។ពេលដែលជួបការលំបាក មិនស្របចិត្ត ផ្លូវពិបាកដើរ ពិបាកចិត្ត កើតជាទុកកង្វល់នៅក្នុងពេលនេះ អ្វីដែលត្រូវធ្វើបំផុតនោះគឺត្រូវបូកសរុបពីរឿងកន្លងទៅរបស់ខ្លួន រក្សាភាពស្ងប់ស្ងៀម ជញ្ចឹងគិតពិចារណា មិនមែនបណ្តោយខ្លួន កាន់តែមិនអាចខ្ចិលច្រអូសខ្ជីខ្ជារជាដាច់ខាត។ ពេលដែលអ្នកឋិតនៅក្នុងស្ថានភាពទាល់ច្រក រកប្រាក់ក៏មិនបាន ដាច់ខាតកុំទៅកន្លែងទាំង៣នេះឲ្យសោះ មូលហេតុមានដូចខាងក្រោមនេះ។
០១.ទៅរាង្គសាល ប៉ាក្លឹបផឹកស្រាស្រវឹងជោគជាំ
កាន់តែពិបាកចិត្ត កង្វល់ច្រើន ពេលអ្នកបណ្តោយខ្លួនផឹកស្រា កង្វល់កាន់តែកើនឡើងទ្វេរដង បំណងដែលទៅទីនោះគឺចង់បំបាត់កង្វល់ ប៉ុន្តែពេលផឹកស្រាកាន់តែច្រើន កង្វល់នោះបែរជាអណ្តែតជាប់ខួរក្បាលទៅវិញ។យើងគិតថាការផឹកស្រាអាចធ្វើអោយយើងបន្ធូរអារម្មណ៍បានមួយពេល ផ្ទុយមកវិញមិនបានធ្វើអោយអារម្មណ៍ធូរស្រាលនោះទេ តែបែរជាកាន់តែធ្វើអោយខ្លួនឯងស្ពឹកស្រពន់ វង្វេងបាត់បង់ស្មារតីទៅវិញ។ម្យ៉ាងទៀត ពេលដែលមនុស្សធ្លាក់ដល់ចំណុចសូន្យ គឺមិនមែនជាពេលដែលយើងត្រូវបន្ធូរអារម្មណ៍នោះទេ គឺជាពេលដែលយើងត្រូវប្រមូលស្មារតីនិងកំលាំងសារជាថ្មី។នៅពេលនេះគ្មាននរណាប្រាប់អ្នកថា អ្នកគួរតែទៅទីណានិងធ្វើអ្វីនោះទេ អ្នកគម្បីដាក់កំរិតខ្លួនឯង មានទំនួសខុសត្រូវចំពោះខ្លួន រឹងមាំ និងលើកទឹកចិត្តខ្លួនឯង ពេលអ្នកដើរឆ្លងភាពមិនស្របបំណង ឬឧបសគ្គបានហើយ លទ្ធផលចុងក្រោយគឺអ្នកកាន់តែខ្លាំងខ្លា និងរឹងម៉ាំ!
០២. កុំចង់រកផ្លូវចេញផ្តេសផ្តាសឲ្យសោះ
ពេលដែលជីវិតច្របូកច្របល់ ពេលដែលយើងវង្វេងគ្មានកោះត្រើយ នៅពេលនោះ គឺជាពេលដែលយើងត្រូវពង្រឹងខ្លួនឯងឲ្យកាន់តែរីកចំរើន ប៉ុន្តែមិនមែនជាពេលដែលយើងត្រូវទៅដើររកច្រកចេញដោយផ្តេសផ្តាសនោះទេ ពីព្រោះ កាន់តែអន្ទះសារ នោះកាន់តែមានកំហុស។ពេលដែលអ្នកធ្លាក់ដល់សូន្យ កុំជឿសំដីរបស់អ្នកដទៃផ្តេសផ្តាស ដូចជាអោយអ្នកទៅបណ្តាក់ទុន លេងភាគហ៊ុន ដេញតុងទីន ចង់ការជាដើម។ មានពេលខ្លះចង់មានបានលឿនពេក កាន់តែងាយនឹងត្រូវបានគេប្រើប្រាស់ទៅវិញទេ។ដូច្នេះហើយ ពេលជួបជុំផឹកស្រាសាច់ក្លៀម គេនិយាយថាចង់ផ្តល់ឳកាសអ្វីដល់អ្នក អ្នកត្រូវចេះគិតគូរវែងឆ្ងាយ និងប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត កុំចេះតែចង់យកលុយបង្កើតលុយ ឬចង់មានបានលឿនពេកឲ្យសោះ ដើម្បីកុំអោយមានការបោកប្រាស់កើតឡើងចំពោះរូបអ្នក។
០៣.កុំទៅបនល្បែង
ពេលអ្នកពិបាករកប្រាក់ កន្លែងដែលអ្នកមិនគួរទៅបំផុតនោះគឺ “បនល្បែង”។ការលេងល្បែងមិនអាចកែប្រែវាសនារបស់អ្នកបានឡើយ ផ្ទុយមកវិញមានតែធ្វើឲ្យអ្នកកាន់តែវិនាស។មានបនល្បែងខ្លះ ពេលដែលអ្នកចូលទៅលេងហើយ គឺធ្វើឲ្យអ្នកលង់ខ្លួនពិបាកដកខ្លួនរួច ។ពេលឈ្នះ ចេះតែចង់លេងបន្តទៀត ខ្លាចឈ្នះច្រើនជាងនេះ ដល់ពេលចាញ់ ចេះតែចង់ឈ្នះប្រាក់មកវិញ។មានអ្នកខ្លះឈ្លក់វង្វេងនិងល្បែងស៊ីសង ដោយសារតែខ្លួនឯងមិនអស់ចិត្ត និងកើតចិត្តលោភលន់យល់ច្រលំថាការល្បែងស៊ីលងគឺជាមាគ៌ត្រឹមត្រូវសម្រាប់រកប្រាក់ នេះគឺខុសធ្ងន់ណាស់។
ដំណើរផ្លូវរបស់យើងម្នាក់ៗសុទ្ធតែមានពេលឡើងនិងចុះទៅតាមវាសនា និងផលកម្ម។ការប្រឈមមុខចំពោះជីវិតដែលល្អបំផុតនោះគឺ ជួបស្ថានភាពអ្វីក៏ដោយត្រូវចេះសម្រប និងបង្វែរចិត្តគិតអ្វីដែលល្អៗ។អោយតែផ្លូវចិត្តយើងល្អ ចេះពិចារណាគិតវែងឆ្ងាយ ទៅរៀនពីបទពិសោធន៍ដែលខ្លួនបានជួបកន្លងមក ហើយរៀនចេះស្វែងយល់ពីភាពឡើង និងធ្លាក់ចុះនៃឆាកជីវិត នេះទើបជាមាគ៌ាដែលអ្នកអាចត្រលប់ទៅរកភាពជាខ្លួនឯងពិតប្រាកដ។
រៀបរាងដោយ៖ Mythical Bird/ក្នុងស្រុក