អ្នកនិពន្ធជនជាតិ អូស្រ្តាលី លោកOswald Ludwig Pohl ធ្លាប់បាននិយាយថា៖ អាពាហ៍ពិពាហ៍ដែលស្រស់ស្អាតពេញលេញ គឺជារឿងសំណាងបំផុតនៅក្នុងជីវិតរបស់មនុស្ស រីឯអាពាហ៍ពិពាហ៍មិនសមប្រកបវិញគឺគ្មានអ្វីខុសគ្នានិងការធ្លាក់ចុះឋាននរគនោះឡើយ។
អាពាហ៍ពិពាហ៍ដែលល្អមួយ អាចនាំឲ្យអ្នកទាំងពីរកាន់ដៃគ្នាឆ្ពោះដើរលើវិថីមួយនេះដោយមិនខ្លាចព្យុះភ្លៀវអ្វីទាំងអស់ ប៉ុន្តែអាពាហ៍ពិពាហ៍ដែលមិនល្អ មានតែនាំឲ្យអ្នកទាំងពីរទទួលបានតែភាពឈឺចាប់ និងការរងទុក្ខដោយគ្មានអ្នកណាយល់សោះឡើយ ។
ហើយនៅក្នុងជីវិតគូរស្រករនេះទៀតសោត តាមពិតទៅមនុស្សប្រុសខ្លាចការលែងលះជាងមនុស្សស្រីទៅទៀត ព្រោះការឈឺចាប់របស់គេគ្មានអ្វីអាចកាត់ថ្លៃបាន និងគ្មានអ្នកណាយល់ឡើយ។
១.មនុស្សប្រុសបារម្ភពីការមើលថែទាំកូន និងការពិបាករកអ្នកក្រោយមកជំនួស
បញ្ហាលែងលះ មនុស្សស្រីមិនដូចមនុស្សប្រុសឡើយ ក្រោយពីលែងលះហើយមនុស្សស្រីនៅតែចង់បានក្តីស្រលាញ់ ភាពថ្នាក់ថ្នមរបស់អ្នកដទៃមកកាន់ខ្លួន នៅខណៈពេលបែបនេះកូនៗអាចបំពេញសេចក្តីសុខ និងសុភមង្គលដល់ពួកគេដែលជាម្តាយបាន។ ប៉ុន្តែបើជាមនុស្សស្រីដែលអាត្មានិយមវិញ ពួកគេអាចរុញច្រានកូនៗទៅឲ្យខាងឪពុកជាអ្នកចិញ្ចឹមបីបាច់ ជាធម្មតាខាងឪពុកមិនរុញច្រានទំនួលខុសត្រូវផ្តេសផ្តាសឡើយ នៅក្នុងចិត្តគេបារម្ភថាពេលដែលកូននៅជាមួយគេ ពួកគេអាចនឹងពិបាករកអ្នកថ្មីមកជំនួស ម្យ៉ាងទៀត ម្តាយចុងម្នាក់នោះអាចល្អដាក់កូនៗគេឬអត់ គឺពិបាកស្មានដឹងណាស់ ភាគច្រើនមនុស្សប្រុសរៀបការលើកទី២ គឺមិនមែនសុទ្ធតែដើម្បីតម្រូវការរបស់ខ្លួនគេទាំងអស់ឡើយ ពួកគេព្រោះតែចង់រកម្តាយចុងល្អម្នាក់សម្រាប់កូនៗរបស់គេតែប៉ុណ្ណោះ។
២.ពេលលែងលះមនុស្សប្រុសបារម្ភអំពីការបាត់បង់ទ្រព្យសម្បត្តិ
ពេលលែងលះ អ្នកទាំងពីរចាំបាច់ត្រូវប្រឈមមុខនិងការចែកទ្រព្យសម្បត្តិ មិនថាទោះតិចឬច្រើនក្តី ទ្រព្យសម្បត្តិដែលបានសន្សំចូលគ្នាជាយូរណាស់មកហើយ សុទ្ធតែត្រូវយកមកចែកឲ្យស្មើរគ្នា។ អ្វីដែលមនុស្សប្រុសឈឺចាប់បំផុតនោះ គឺការខំប្រឹងរបស់ខ្លួនកន្លងមកដើម្បីក្រុមគ្រួសារមួយនេះ បែរជាប្តូរមកវិញនូវការបែកបាក់ និងអាសារបង់ទៅវិញ។ ដូច្នេះ មនុស្សប្រុសគ្រប់រូប សុទ្ធតែមិនចង់ជួប មិនចង់លឺ មិនចង់ឃើញ នូវស្ថានភាពបែកបាក់គ្រួសារនេះឡើយ។
៣.មនុស្សប្រុសបារម្ភថាខ្លួនលែងលះហើយ ត្រូវបានអ្នកដទៃនិយាយពីរឿងរបស់ខ្លួន
ក្រោយពីលែងលះហើយប្រាកដជាត្រូវសាច់ញាត្តិ មិត្តភ័ក្រ្តដឹងពីរឿងរបស់ខ្លួន ហើយយករឿងរបស់ខ្លួនទៅនិយាយប្រាប់គេឯង។ មនុស្សប្រុសស្រលាញ់មុខមាត់របស់ខ្លួនណាស់ ពាក្យខ្សឹបខ្សៀវនិយាយពីគេដូចជាកាំបិតចាក់គេម្តងបន្តិចៗ។ ដ្បិតតែពេលវេលាអាចព្យាបាលរបួសបានមែន ប៉ុន្តែក្នុងរយៈពេលភ្លាមៗគេមិនអាចទទួលយកបានឡើយ គេប្រាកដជាខំលាក់បាំងរឿងដែលកើតឡើងនៅលើខ្លួនរបស់គេ មិនឲ្យអ្នកដទៃដឹងនោះទេ។
៤.មនុស្សប្រុសបារម្ភថាក្រោយពីខ្លួនលែងលះហើយនឹងស្តាយក្រោយមួយជីវិត
ប្រហែលដោយសារតែការយល់ច្រលំតូចមួយ ធ្វើឲ្យស្នេហារបស់ពួកគេដើរដល់ផ្លូវបំបែក ពេលមនុស្សស្រីលើកឡើងពីការលែងលះ មនុស្សប្រុសភាគច្រើនមិនបានធ្វើការសម្រេចចិត្តណាមួយភ្លាមៗនោះឡើយ គេខ្លាចថាក្រោយពីគេលែងលះហើយ គេមិនអាចរកបានមនុស្សដែលខ្លួនស្រលាញ់ និងមនុស្សដែលស្រលាញ់ខ្លួនទៀតឡើយ បែបនេះអាចធ្វើឲ្យគេស្តោកក្រោយពេញមួយជីវិត ដូច្នេះ គេស្ទាក់ស្ទើរ មិនជ្រើសរើស និងសម្រេចចិត្តអ្វីភ្លាមនោះទេ អ្វីដែលគេអាចធ្វើបានតែមួយគត់គឺនៅស្ងប់ស្ងាត់ ព្យាយាមពន្យល់បកស្រាយ និងប៉ះប៉ូវនូវអ្វីដែលគេបានធ្វើទៅលើមនុស្សស្រីតែប៉ុណ្ណោះ។
៥.មនុស្សប្រុសបារម្ភថារកមិនបានមនុស្សល្អស្រលាញ់គេពិតប្រាកដ
ក្រោយពីលែងលះហើយ ទាំងចិត្តកាយរបស់មនុស្សប្រុសសុទ្ធតែទទួលរងរបួសយ៉ាងដំណំ វាបានក្លាយទៅជាស្រមោលដ៏ខ្មៅងងឹតតាមជាប់ខ្លួនរបស់គេ។ មនុស្សប្រុសតែងបារម្ភនិងភ័យខ្លាចថា ស្នេហាលើកក្រោយរបស់គេរកមិនបានមនុស្សស្រីដែលស័ក្តសមជាមួយគេឡើយ ព្រោះមនុស្សប្រុសចង់បានបំផុតគឺទីពុំនាក់ដែលជាទីស្នាក់អាស្រ័យទាំងរូបកាយ និងដួងព្រលឹងរបស់គេ គេចង់បានមនុស្សស្រីដែលអាចកំដរគេដើរ ជួយអុជចង្កៀងបំភ្លឺជីវិតដល់គេ ធ្វើម្ហូបឲ្យគេ ផ្តល់ក្តីស្រលាញ់ពិតដល់គេ និងគ្រួសារមួយដ៏កក់ក្តៅដល់គេ ប៉ុន្តែមិនចង់ដើរតាមស្នាមដាមជើងចាស់ម្តងទៀតនោះឡើយ។
រៀបរៀងដោយ៖ MCB/ក្នុងស្រុក