៣ ចំណុចនេះ គ្រប់គ្រាន់អាចបញ្ជាក់ពីតម្លៃស្នេហារបស់ដៃគូ

ពេលមនុស្សពីរនាក់ស្រលាញ់គ្នា តែងស្រម៉ៃថាពួកគេអាចរស់នៅជាមួយគ្នាដោយមានសុភមង្គល។ តាមពិតទៅ ពេលស្រលាញ់គ្នា នៅជាមួយគ្នា ឱ្យតែអ្នកទាំងពីរមានចំណុចរួមគ្នាទាំង ៣ នេះ គឺគ្រប់គ្រាន់អាចបញ្ជាក់ថា អ្នកទាំងពីរស្គាល់ពីតម្លៃស្នេហារវាងគ្នា និងគ្នា តើចំណុចទាំង ៣ ណាខ្លះទៅ សូមអានចំណុចទាំង៣ខាងក្រោមនេះ៖

១. មិនថាគិតដល់អ្វីទេ ចង់ចែករំលែកអារម្មណ៍ និងរឿងរ៉ាវជាមួយដៃគូមុនគេ

ពេលមនុស្សពីរនាក់ស្រលាញ់គ្នា បើទាំងពីរនាក់ សុទ្ធតែមិនព្រមយករឿងរបស់ខ្លួនប្រាប់ទៅដៃគូទេ មិនព្រមមានទំនាក់ទំនងផ្សារភ្ជាប់លើផ្នែកដួងចិត្តទេ នេះបញ្ជាក់ថា អ្នកទាំងពីរមិនបានស្រលាញ់គ្នាពិតប្រាកដឡើយ។

ផ្ទុយមកវិញ បើអ្នកទាំងពីរស្រលាញ់គ្នា និងយល់ពីគ្នាច្បាស់ នៅពេលនេះ ពួកគេនឹងជជែកគ្នាដោយមានភាពស៊ីសង្វាក់គ្នា បើកចិត្តនិយាយប្រាប់គ្នាអំពីរឿងរបស់ខ្លួន សឹងតែរឿងតូចតាចដែលខ្លួនបានជួបប្រទះក្នុងជីវិតក៏យកមកប្រាប់គ្នាដែរ ប្រធានបទរបស់ពួកគេច្រើនស្ទើរតែរាប់មិនអស់ផង ។

ស្របពេលនេះដែរ ឱ្យតែពួកគេគិតឃើញអ្វី នឹកដល់រឿងអ្វី តែងតែចង់រកដៃគូម្ខាងទៀតនិយាយប្រាប់រឿងគ្រប់យ៉ាង និងទ្រាំមិនបានចង់យករឿងទាំងនេះចែករំលែកទៅកាន់គេដំបូងគេបង្អង់។

1

២. មានការលំបាក តែងប្រឈមមុខជាមួយគ្នា ជម្នះឧបសគ្គជាមួយគ្នា


បើសិនជាគេមិនដែលចាប់អារម្មណ៍រឿងផ្ទាល់ខ្លួនរបស់ដៃគូ មិនសូវចង់ដឹងចង់ឮ ហើយពេលដែលជួបការលំបាក ក៏មិនព្រមនិយាយប្រាប់ដៃគូដែរនោះ អាចនិយាយបានថាអ្នកមិនមែនជាមនុស្សសំខាន់នៅក្នុងចិត្តគេឡើយ គេគ្រាន់តែចាត់ទុកអ្នកដូចជាអ្នកដទៃតែប៉ុណ្ណោះ។

ផ្ទុយមកវិញ បើអ្នកទាំងពីររំពឹងថារួមរស់នៅជាមួយគ្នា ស្រលាញ់គ្នាមួយជីវិត ពេលជួបការលំបាក តែងតែនៅជាមួយគ្នាមិនទៅណាពីគ្នា គាំពាគ្នា លើកទឹកចិត្តគ្នា កាន់ដៃគ្នាមិនព្រមលែង មិនខ្វល់ពីអ្វីទាំងអស់ រួមគ្នាជំនះឧបសគ្គ នេះបញ្ជាក់ថាអ្នក គឺជាជីវិតរបស់គេ ជីវិតរបស់គេមិនអាចគ្មានអ្នកឡើយ។

2

៣. មានទំនាស់ ចេះរកដំណោះស្រាយ ល្អូកល្អើនដូចគ្រាដើម

បើសិនមានទំនាស់ អ្នកទាំងពីរគិតតែចង់ឈ្នះរៀងខ្លួន ចាប់កំហុសគ្នាទៅវិញទៅមក ប្រឹងបំប៉ោងរឿងឱ្យទៅជាធំ មិនចេះអាធ្យាស្រ័យគ្នា រហូតដល់កើតមានការស្អប់គុំគួន ឈានទៅដល់ធ្វើឱ្យមនោសញ្ចេតនាកាន់តែសាបរលាប មិនអាចបន្តដំណើរទៅមុខជាមួយគ្នាបាន ស្នេហាបែបនេះមិនយូរទេ គង់តែបញ្ចប់ដោយភាពឈឺចាប់ក្នុងថ្ងៃណាមួយ។

ផ្ទុយមកវិញ បើអ្នកទាំងពីរស្គាល់ពីគ្នាច្បាស់ ស្រលាញ់អាណិតគ្នាទៅវិញទៅមក នៅក្នុងពេលនេះ អ្នកទាំងពីរមើលសំខាន់ចំពោះដៃគូ ចេះដឹងរាក់ជ្រៅ ដឹងថាមិនអាចធ្វើឱ្យមនោសញ្ចេតនានេះខ្ទិចខ្ទី ឬឱ្យនរណាម្នាក់របួស ហើយពេលពួកគេមានទំនាស់ តែងតែចេះរកវិធីសាស្រ្តមកដោះស្រាយ មិនសូវប្រកែកគ្នាដោយសាររឿងកំប៉ិចកំប៉ុង ចុងក្រោយអាចធ្វើឱ្យស្នេហាមួយនេះល្អូកល្អើនដូចគ្រាដើម បញ្ជាក់ថាគូស្នេហាបែបនេះជាគូព្រេង គូរគាប់ គូពីបុព្វេមិនថាមានរឿងធំប៉ុនណាក៏មិនទៅណាចោលគ្នាឡើយ៕

អត្ថបទ ៖ បក្សី ទេព / Knongsrok