ហេតុអ្វីជីវិតប្តីប្រពន្ធ រួមរស់ជាមួយគ្នាកាន់តែយូរ កាន់តែព្រងើយកន្តើយដាក់គ្នា?

មនុស្សដែលខ្ញុំគោរពបំផុតនោះគឺ ៖

១. មនុស្សស្រីដែលព្រមរួមទុក្ខជាមួយប្តី ក្នុងគ្រាក្រពេលវ័យក្មេង។

២. មនុស្សប្រុសដែលនៅកំដរប្រពន្ធមិនស្រវ៉ាស្រីថ្មី ពេលដែលថ្កុំថ្កើន។

ពេលវេលាបានកន្លងទៅយូរឆ្នាំ ទំនាក់នងប្តីប្រពន្ធក៏បានប្រែប្រួលពីស្នេហាមកជាសាច់ញាតិដែលខ្វះមិនបាន។ ពេលខ្លះស្រាប់តែមានអារម្មណ៍ថា ហេតុអ្វីបានជាប្តីប្រពន្ធទាំងពីរនាក់ កាន់តែព្រងើយដាក់គ្នា?

តាមពិត មិនមែនមកពីមនោសញ្ចេតនាសាបរលាបទេ គឺមកពីយើងទម្លាប់ទទួលយកអំពើល្អរបស់ដៃគូ ហើយក៏លែងមានអារម្មណ៍ក្រែងចិត្ត លែងចេះដឹងគុណ លែងដឹងពីការលះបង់របស់ដៃគូ។ អ្នកទាំងពីរទម្លាប់សោយសុខអ្វីដែលដៃគូបានលះបង់ រឹតតែទាមទារកាន់តែខ្ពស់ថែមទៀត ហើយភ្លេចគិតពីការតបស្នងត្រឡប់វិញ។

មនុស្សយើងច្រើនតែទម្លាប់ផ្តល់ស្នាមញញឹមឱ្យអ្នកដទៃ ហើយជះកំហឹងដាក់មនុស្សក្បែរខ្លួនឯង (អ្នកផ្ទះ) !

០

នៅពេលដែលអ្នកទម្លាប់ទទួលយក នាងនៅផ្ទះ រវល់មុខ រវល់ក្រោយ ដាំបាយ បោកអ៊ុត មើលកូន ហើយអ្នកបានញុំាបាយឆ្ងាញ់ ពាក់ខោអាវដែលបានអ៊ុតស្អាតភ្លឹងៗ តើអ្នកមានដែលនិយាយពាក្យទៅកាន់នាងថា [ ប្រពន្ធអូនលំបាកហើយ ] ដែរទេ? មិនមែនគ្រប់យ៉ាងសុទ្ធតែជាការគួរទេ នាងជាប្រពន្ធរបស់អ្នកមិនមែនជាឈ្នួលបម្រើរបស់អ្នកទេ!

នៅពេលដែលនាងទម្លាប់ឃើញគាត់ហត់នឿយយប់ថ្ងៃ ខំរកលុយនៅខាងក្រៅទាំងលំបាក នាងតែងតែនិយាយថា "គេអាចរកលុយបានច្រើនជាងឯងទៀត! " តែគាត់នៅខាងក្រៅខំតស៊ូហត់នឿយ ព្រោះតែខំរកលុយមកចិញ្ចឹមនាង និងកូនៗឱ្យមានជីវភាពធូរធារ។

មានតែការលើកទឹកចិត្ត និងការគាំទ្ររបស់នាង ទើបជាកម្លាំងរុញច្រានគាត់ឱ្យខំតស៊ូទៅមុខកាន់តែឆ្ងាយ។

ពេលគាត់ត្រឡប់មកដល់ផ្ទះ នាងមានដែលនិយាយថា [ បងលំបាកហើយ ] ដែរឬទេ? គាត់គឺជាប្តីរបស់នាង មិនមែនជាម៉ាស៊ីន ATM របស់នាងទេ!


#ទំនាក់ទំនងប្តីប្រពន្ធដែលល្អបំផុតគឺ ៖

១

[ អ្នកដឹងថាខ្ញុំរកលុយខាងក្រៅលំបាក ខ្ញុំយល់ពីអ្នកនៅផ្ទះមើលកូនថែទាំផ្ទះសម្បែងក៏មិនស្រួលដែរ ] ។

ប្តីប្រពន្ធដែលល្អ គឺចេះធ្វើពុតជាល្ងង់រាងខ្លួន។ ប្តីប្រពន្ធមិនមែនជាសត្រូវនោះទេ កុំចេះតែចង់គ្រប់គ្រងគេ បង្ខំគេឱ្យស្តាប់បង្គាប់យើងតែម្ខាងៗ។ កុំចេះតែបន្ទោសគ្នាអ្នកណាខុសអ្នកណាត្រូវ ។ គ្មានអ្នកណាខ្ពស់ជាងអ្នកណាទេ ! ក៏គ្មានអ្នកណាល្អជាងអ្នកណាដែរ ។

រឹតតែមិនមានពាក្យអ្នកណាមិនសក្តិសមជាមួយអ្នកណា។ មុខតំណែងមិនដូចគ្នា កាតព្វកិច្ចក៏ខុសគ្នា ។ អ្នកទាំងពីរនាក់គឺមានសិទ្ធស្នើគ្នា។ អ្នកជាមនុស្សបែបណា គឺសក្តិសមជាមួយដៃគូបែបនោះហើយ។

ប្តីប្រពន្ធដែលឆ្លាត គឺមិនចេះប្រកាន់ច្រើន។ ជីវិតយើងបើមិនប្រកាន់ច្រើន ទើបចេះគោរពគ្នា ចេះស្រឡាញ់គ្នា។ ប្តីប្រពន្ធ មិនខ្លាចឈ្លោះប្រកែកសម្តីគ្នាទេ ខ្លាចតែមិនយល់ពីគ្នា មិនចេះនិយាយគ្នាដោះស្រាយបញ្ហា។ អាពាហ៍ពិពាហ៍ដែលល្អគឺ យល់ពីគ្នា ស្របតាមបំណងគ្នាទៅវិញទៅមក។

អ្នកចូលចិត្តញុំាហឹរ ខ្ញុំចូលចិត្តញុំាផ្អែម ខ្ញុំមិនចាំបាច់អីត្រូវបង្ខំចិត្តអ្នកឱ្យកែប្រែរសជាតិមកញុំាផ្អែមតាមខ្ញុំឡើយ។ ពេលចេញក្រៅញុំាអី ខ្ញុំហៅម្ហូមដែលខ្ញុំចូលចិត្តមួយចំណែក រួចហើយក៏ហៅម្ហូបដែលអ្នកចូលចិត្តមួយចំណែកដែរ។

មួយជីវិតនេះ យើងត្រូវចេះកាន់ដៃគ្នា ជួយគ្រាហ៍គ្នាដើរទៅមុខបន្ត។ មួយជីវិតយើង មនុស្សដែលនៅកំដរយើងបានយូរជាងគេ មិនមែនជាឪពុកម្តាយ មិនមែនជាកូនប្រុសស្រីទេ ប៉ុន្តែគឺជា (ប្តី)(ប្រពន្ធ) យើងនេះហើយ។

សាកស្រម៉ៃមើលថា ប្រសិនបើថ្ងៃអនាគតយើងអាចអង្គុយក្បែរគ្នា ដើម្បីរំឭកអនុស្សារីយ៍នៅថ្ងៃនេះ តើយើងចង់បន្ថែមរឿងល្អៗឱ្យកាន់ច្រើន ឬក៏ឱ្យគេចងចាំពាក្យសម្តីមុតដូចកាំបិតចាក់ទម្លុះបេះដូង? មួយជីវិតនេះខ្លីណាស់ ជាតិក្រោយក៏មិនបានជួបទៀតដែរ៕

បកប្រែ ៖ សុខ គឹមទៀវ