មិនចូលចិត្តសប្បាយ ឬមិនចង់ចំណាយពេលអត់ប្រយោជន៍?

តាមពិតវ័យប៉ុនខ្ញុំ មិនសមណាត្រូវមកគិតខ្វាយខ្វល់ច្រើនស្ទើរតែរាល់ថ្ងៃរាល់យប់នោះឡើយ។ អាយុទើបតែជាងម្ភៃសោះ តែមានរឿងស្មុគស្មាញរាប់មិនអស់ទៅវិញ។ បើនិយាយពីមិត្តភក្តិ មិនមែនថាមិនមានទេ តែគេបបួលទៅណាមកណា សូម្បីតែញុំាអីម្ដងម្កាលក៏តែងតែបដិសេធគេដែរ ថាទេៗៗៗ រហូតដល់គេលែងបបួលហើយ។

38a4ee5730833b3c2154b6738397d657

មនុស្សវ័យស្របាលខ្ញុំ គេមានពេលជួបជុំមិត្តភក្តិ ផឹកស៊ីសប្បាយ មានពេលដើរលេងយប់ជួបជុំគ្នា តែដល់ពេលក្រឡេកមកមើលខ្លយនឯងវិញ ជីវិតស្ងាត់ដូចព្រៃកប់ខ្មោចគ្មានអ្នកណាចង់ចូលមកលេងជាមួយឡើយ។

តាមពិតមិនមែនថាមិនចង់សប្បាយទេ តែឱ្យតែពេលគិតថា ទៅណាមកណា ជាពិសេសឱ្យតែគិតដល់រឿងស៊ីផឹក មានអារម្មណ៍ថាចំណាយពេលអត់ប្រយោជន៍ពេកហើយ។ តែដល់ពេលឃើញគេសប្បាយផឹកស៊ី ជួបជុំមិត្តភក្តិដើរលេងជាមួយគ្នា ក៏នឹកគិតថាហេតុអ្វីជីវិតខ្ញុំមិនព្រមបើកទូលាយឱ្យដូចគេដែរទៅ?

ចង់សប្បាយ តែមិនចូលចិត្តការជួបជុំមនុស្សច្រើនទេ ហើយបើចូលក្នុងចំណោមមិត្តភក្តិតៗគ្នារឹតតែមិនចង់ទៅទៀត ដើរតែជាមួយមនុស្សពីរបីនាក់មុខដដែលៗ តែពេលខ្លះ ទៅណាមកណា ញុំាអីក៏តែម្នាក់ឯងដែរ សូម្បីតែមើលកុន ក៏មើលម្នាក់ឯងទៀត ... ហេតុអ្វីជីវិតនេះ មិនព្រមរកសេចក្ដីសុខ ភាពរីករាយខ្លះឱ្យខ្លួនឯង ហេតុអ្វីចេះតែបដិសេធមនុស្សដែលចង់ចូលមកក្នុងជីវិតបែបហ្នឹង?


69faef30c3b65c67ad8ad71d0d9e50a5

កាលពីមុនក៏ធ្លាប់មានគ្នាទៅណាមកណាជាមួយ តែមួយរយៈចុងក្រោយបែរជាមានអារម្មណ៍ធុញថប់ក្នុងការដើរលេងចេញក្រៅ រឹតតែមិនចូលចិត្តជួបជុំមនុស្សច្រើន។ គិតទៅជីវិតនេះមានតែប៉ុណ្ណឹង ព្រឹកញុំាបាយ ចេញពីផ្ទះទៅកន្លែងធ្វើការ ចេញពីកន្លែងធ្វើការចូលផ្ទះ ហេតុអ្វី ជីវិតនេះសោះកក្រោះបែបហ្នឹង? ឬជីវិតនេះមិនសមនឹងទទួលបានសេចក្ដីសុខ​ និងភាពរីករាយ?

មិនដឹងថាពេលណាទើបអាចចាកចេញពីពិភពស្ងប់ស្ងាត់ អាចផ្លាស់ប្ដូរកែប្រែអត្តចរិតខ្លួនឯង ឱ្យក្លាយជាមនុស្សចូលចំណោមគេទៅ? អ្វីដែលសំខាន់ នៅតែផ្ទះ ធ្វើតែការងារ ញុំាអីក៏ម្នាក់ឯង រស់នៅបែបហ្នឹងហើយ នៅតែមិនមានសល់លុយកាក់ឱ្យបបូរដូចគេទៀត ប្រឹងៗៗៗ មិនដឹងប្រឹងយកទៅណា?

1b7509385791b6f5697ccde1d0fcfc67

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ