ហេតុអី ខ្ញុំស្រឡាញ់មនុស្សស្រីម្នាក់ហ្នឹងម៉្លេះ? ព្រោះម៉ាក់របស់ខ្ញុំ ពុំដែលទទួលបានការស្រឡាញ់ពីប៉ារបស់ខ្ញុំ!

- ហេតុអី ខ្ញុំស្រឡាញ់មនុស្សស្រីម្នាក់ហ្នឹងម៉្លេះ? ព្រោះម៉ាក់របស់ខ្ញុំ ពុំដែលទទួលបានការស្រឡាញ់ពីប៉ារបស់ខ្ញុំ!

- ហេតុអី ខ្ញុំថ្នមមនុស្សស្រីម្នាក់ហ្នឹងម៉្លេះ? ព្រោះម៉ាក់របស់ខ្ញុំ ពុំដែលទទួលបានការថ្នាក់ថ្នមពីប៉ារបស់ខ្ញុំ!

- ហេតុអ្វី ខ្ញុំយកចិត្តទុកដាក់ ខ្វាយខ្វល់ ពីមនុស្សស្រីម្នាក់ហ្នឹងម៉្លេះ? ព្រោះប៉ារបស់ខ្ញុំ មិនដែលយកចិត្តទុកដាក់ ខ្វាយខ្វល់ពីម៉ាក់របស់ខ្ញុំឡើយ!

- ហេតុអី ខ្ញុំផ្ដល់ឱ្យមនុស្សស្រីម្នាក់ហ្នឹងច្រើនម៉្លេះ ទាំងដែលនាងមិនដែលសុំអ្វីពីខ្ញុំសោះ? ព្រោះប៉ាខ្ញុំ មិនដែលផ្ដល់អ្វីឱ្យម៉ាក់ខ្ញុំទេ!

- ហេតុអី ខ្ញុំគោរព ឱ្យតម្លៃ មនុស្សស្រីម្នាក់ហ្នឹងម៉្លេះ? ព្រោះប៉ាខ្ញុំ មិនដែលគោរព ឱ្យតម្លៃម៉ាក់ខ្ញុំឡើយ!

- ហេតុអី ខ្ញុំលះបង់ឱ្យនារីម្នាក់ហ្នឹងច្រើនខ្លាំងម៉្លេះ? ព្រោះតាំងពីដើមមក តាំងពីម៉ាក់រៀបការជាមួយប៉ា ម៉ាក់មិនដែលទទួលបានការមើលថែពីប៉ាឡើយ ម៉ាក់ជាមនុស្សស្រី តែម៉ាក់ បែរជាត្រូវរ៉ាប់រង ទទួលបន្ទុកគ្រប់បែបយ៉ាងនៅក្នុងគ្រួសារ ម៉ាក់បែរជាអ្នកដែលលំបាក​ ហត់នឿយ ជាអ្នកលះបង់តែម្នាក់ឯងទៅវិញ ...!

Image_2022 01 09_231602

តាមពិត មនុស្សស្រី គួរតែទទួលបាននូវអ្វីដែលមនុស្សស្រីសមនឹងទទួល ... មនុស្សស្រី គួរតែទទួលបានការស្រឡាញ់ ថ្នាក់ថ្នុម មើលថែ ផ្ដល់ការគោរព និងឱ្យតម្លៃ ពីដៃគូជីវិតរបស់នាង ... !


មនុស្សស្រី មិនមែនជាទេវតា ដែលត្រូវយកមកដាក់លើហឹងសម្រាប់ថ្វាយបង្គំទេ ប៉ុន្តែមនុស្សស្រីជាមនុស្សស្រី ដូច្នេះ គាត់សមតែទទួលបាននូវអ្វីដែលមនុស្សស្រីគួរតែទទួលបាន ... ខ្ញុំធ្លាប់ឃើញម៉ាក់លំបាក ហត់នឿយ ឈឺចាប់ ទឹកភ្នែកជាង ៣០ឆ្នាំហើយ ដូច្នេះ ខ្ញុំមិនចង់ឃើញមនុស្សស្រីដែលខ្ញុំស្រឡាញ់ គាត់ត្រូវមកជួបជីវិតដូចជាម៉ាក់របស់ខ្ញុំដែរ វាពិតជាឈឺចាប់ណាស់ ... ខ្ញុំក៏មិនអាចធ្វើខ្លួនអាក្រក់ដូចជាប៉ា ដែលធ្វើបាបម៉ាក់នោះឡើយ ...!

មនុស្សស្រីដែលខ្ញុំស្រឡាញ់ គាត់សក្តិសមនឹងទទួលបានសំណាង និងមានគ្រប់យ៉ាង ជីវិតរស់នៅសមប្រកប មិនហត់កាយ មិននឿយចិត្ត ... មនុស្សស្រីសមតែជាមនុស្សដែលមានសំណាងបំផុត នៅពេលដែលគាត់សម្រេចចិត្តជ្រើសយកនរណាម្នាក់មកធ្វើជាដៃគូ ព្រោះទម្រាំតែគាត់ជ្រើសរើសយកអ្នក គាត់ក៏មានមនុស្សដែលស្រឡាញ់ ចង់ថ្នាក់ថ្នមគាត់ដែរ ដូច្នេះហើយ អ្នកម៉េចនឹងអាចធ្វើបាបមនុស្សស្រីម្នាក់ ដែលព្រមដើរលើផ្លូវជីវិតជាមួយនឹងអ្នកបានទៅ?

Image_2022 01 09_231628

រយៈពេលជាង​ ៣០ ឆ្នាំមកនេះ ខ្ញុំឃើញទិដ្ឋភាពគ្រប់បែបយ៉ាង ខ្ញុំឃើញទឹកភ្នែកម៉ាក់ អារម្មណ៍មួយហ្នឹង នៅដិតដាមជាប់ក្នុងចិត្ត និងខួរក្បាលខ្ញុំរាល់ថ្ងៃ ហើយអ្វីដែលខ្ញុំទន្ទេញជាប់ជានិច្ច គឺខ្ញុំនឹងធ្វើឱ្យម៉ាក់ក្លាយជាមនុស្សសំណាងពេលចាស់ទៅ ហើយមនុស្សស្រីដែលចូលមកក្នុងជីវិតរបស់ខ្ញុំ ក៏ត្រូវតែជាមនុស្សស្រីដែលមានសំណាងដូចគ្នា នៅពេលដែលគាត់សម្រេចចិត្តឱ្យខ្ញុំរួមដំណើរជីវិតជាមួយនឹងគាត់ ... ។

ខ្ញុំមានតែពាក្យថា « ស្រឡាញ់ ... ស្មោះត្រង់ ... លះបង់ ... ផ្ដល់ឱ្យដោយការគោរពអស់ពីចិត្ត និងមួយជីវិត » ចំពោះមនុស្សស្រីដែលខ្ញុំស្រឡាញ់​...!!!៕

អត្ថបទ ៖​ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ knongsrok

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550