ក្នុងជីវិតប្តីប្រពន្ធ ទង្វើ ៥ នេះមិនត្រូវប្រព្រិត្តិដាច់ខាតពិសេសចំពោះមុខកូន ព្រោះអាចធ្វើឲ្យអ្នកគ្មានឱកាសត្រឡប់ក្រោយបាន

ជាធម្មតាបុរសនិងស្រ្តូីគ្រប់រូប តែងតែមានបំណងប្រាថ្នាមួយដូចគ្នា គឺចង់រៀបអាពាហ៍ពីពាហ៍ជាមួយមនុស្សដែលខ្លួនស្រឡាញ់សាងគ្រួសារនឹងគ្នាបែបមានក្ដីសុខខ្លាំង។ ប៉ុន្តែពេលខ្លះ បំណងក្នុងចិត្តក៏មិនអាចក្លាយជាការពិតនោះទេ ដូច្នោះហើយប្រសិនបើបានគ្នាជា ប្ដី​ប្រពន្ធ ត្រូវចេះស្រឡាញ់គ្នា យកចិត្តទុកដាក់គ្នាទៅវិញទៅមក និងសូមកុំប្រព្រិត្តិទង្វើទាំង ៥ នេះជាដាច់ខាត ព្រោះអាចធ្វើឲ្យអ្នកមិនអាចត្រឡប់ក្រោយបាន។​

ដាច់ខាតមិនត្រូវឈ្លោះគ្នានៅចំពោះមុខកុមារ និងមនុស្សចាស់

ប្រសិនបើឪពុកម្តាយឈ្លោះគ្នានៅចំពោះមុខកូនៗ នឹងធ្វើឲ្យកុមារមានស្មារតីភ័យខ្លាចខ្លាំងណាស់ រហូតអាចធ្វើឲ្យពួកគេ​​មាន​អារម្មណ៍​ភ័យខ្លាច តានតឹង និង​ធ្លាក់​ទឹកចិត្ត។ ដូច្នេះហើយ បើអ្នកពិតជាស្រលាញ់កូន អ្នកត្រូវតែឱ្យពួកគេធំឡើងក្នុងបរិយាកាសល្អ។ លើសពីនេះ ប្តី-ប្រពន្ធ ក៏មិនត្រូវប្រកែកគ្នាខ្លាំងៗនៅចំពោះមុខឪពុកម្ដាយជាដាច់ខាត ព្រោះអាចធ្វើឲ្យពួកគាត់មានអារម្មណ៍អស់សង្ឃឹម។

មិនត្រូវ​ឈ្លោះ​គ្នា​ពេល​ប្ដីឬ​ប្រពន្ធ​ឈឺ

គ្មាន​អ្វី​សាហាវ​ជាង​ការ​ឈ្លោះ​ប្រកែក​គ្នា​អំឡុងពេលនរណាម្នាក់ក្នុងគ្រួសារកំពុង​ឈឺ​​នោះ​ទេ ព្រោះ​ពេល​ឈឺ មិន​ត្រឹម​តែ​រាង​កាយ​ខ្សោយ​ប៉ុណ្ណោះ​ទេ ស្មារតី​ក៏​ហត់​ខ្លាំង និង​ផុយ​ស្រួយ​ដែរ។ បើ​អ្នកនៅតែមិន​ឈប់​ឈ្លោះ​គ្នា​ក្នុង​ករណី​បែប​នេះ ​នឹង​ប៉ះពាល់​ដល់​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នកខ្លាំងណាស់។

មិនត្រូវប្រើអំពើហឹង្សា


ទោះ​ខឹង​យ៉ាង​ណា​ក៏​ដោយ មិនត្រូវប្រើហឹង្សាជាដាច់ខាត ព្រោះអំពើហិង្សាក្នុងគ្រួសារនឹងបង្កឱ្យមានផលវិបាក និងគ្រោះថ្នាក់ជាច្រើននាពេលអនាគត។ ការប្រើហឹង្សា​លើដៃគូមិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​រាង​កាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​របួស​ផ្លូវ​ចិត្ត​ទៀត​ផង។

មិនត្រូវកម្ទេចរបស់របរក្នុងផ្ទះ

ទទួលស្គាល់ថា ខណៈ​ពេល​ឈ្លោះ​ប្រកែក​គ្នា​ មនុស្សម្នាក់ៗអាច​ទប់​កំហឹង​មិន​បាន រហូតឈានដល់ការ​វាយ​កម្ទេច​របស់​ក្នុងផ្ទះផងដែរ។ ប្រសិនបើអ្នកមានទង្វើអាក្រក់បែបនេះ នឹងធ្វើឲ្យប៉ះពាល់សុភមង្គលគ្រួសារធ្ងន់ណាស់ ជាពិសេសកូនៗ។

ហាមដាច់ខាតមិនត្រូវគំរាមសម្លាប់

នេះ​ជា​ទង្វើ​ដ៏​ល្ងង់ខ្លៅ​បំផុត​ក្នុង​នាម​ជា​ប្តី​ប្រពន្ធ​ ​ដាច់ខាត​កុំ​ធ្វើ​រឿង​បែប​នេះ​ឱ្យ​សោះ​ក្រែង​បាត់បង់​កិត្តិយស។ ប្រសិនបើម្នាក់​គំរាម​សម្លាប់ ហើយ​ភាគី​ម្ខាង​ទៀត​យល់ព្រម តើ​ដោះស្រាយ​យ៉ាង​ណា? តើ​ពេល​នោះ​មាន​ការ​ឈឺ​ចាប់ ឬ​ទុក្ខ​ព្រួយ​ទេ?

ប្រភព៖ បរទេស