ចង់ឱ្យជីវិតគូមានក្ដីសុខ សុភមង្គល គួរតែមានគ្រឹះទាំង ៤ នេះ

ជីវិតគូដែលយើងគ្រប់គ្នាស្ញប់ស្ញែង និងប្រាថ្នាចង់បាននោះគឺ ចាប់តាំងពីថ្ងៃដែលកាន់ដៃគ្នាមក គឺកាន់ដៃគ្នារហូតអស់មួយជីវិត គឺជាជីវិតគូដូចជាជីដូនជីតារបស់យើង មិនថាឆ្លងកាត់ព្យុះភ្លៀង ឈ្លោះគ្នាហើយត្រូវគ្នា ត្រូវគ្នាហើយក៏ឈ្លោះគ្នាយ៉ាងណា ក៏លោកទាំងពីរនៅតែកាន់ដៃគ្នាជាប់ដើរឆ្លងរហូតមកដល់សព្វថ្ងៃនេះ។

មនុស្សជំនាន់មុន ចិត្តគំនិតរបស់គាត់គឺ របស់ប្រើចាស់ខូច អ្វីដែលពួកគាត់នឹករកវិធីមុនគេគឺ《ជួសជុល》 ប៉ុន្តែមនុស្សសម័យថ្មី បើរបស់ណាខូចហើយ នឹកឃើញមុនគេគឺ《ប្តូរថ្មី》

ទោះបីជាពាក្យ ជួសជុល និងប្តូរ វាខុសគ្នាតែមួយពាក្យពិតមែន ប៉ុន្តែយើងក៏អាចមើលដឹងពីឥរិយាបថរបស់មនុស្សពីរជំនាន់នេះខុសគ្នាយ៉ាងណាហើយ។

គូដែលអាចកាន់ដៃគ្នានៅជាមួយគ្នាអស់មួយជីវិតបាន តើពួកគាត់ហែលឆ្លងមកដោយវិធីណា? អ្នកចិត្តវិជ្ជាបានសរុបសេចក្តីជារួមគឺមាន៤ចំណុចដូចខាងក្រោម ៖

Image_2021 12 29_110154

១. អាចអធ្យាស្រ័យ និងសម្របខ្លួនដើម្បីដៃគូទៅវិញទៅមកគ្រប់ពេល

ប្តី និងប្រពន្ធ គឺមិនមានបែងចែកអ្នកណាខ្លាំងអ្នកណាខ្សោយនោះឡើយ ក៏មិនមែនវែកញែករកហេតុផលត្រូវខុសនោះដែរ។ ពីព្រោះគ្រួសារតែមួយ ដើមឡើយ គឺមិនអាចយកហេតុផលត្រូវ ឬខុសមកនិយាយទេ គឺយកក្តីស្រឡាញ់ជាធំ។

ដូច្នេះហើយទើបនិយាយថា គួរតែសម្របតាមដៃគូ ផ្លាស់ប្តូរដើម្បីអាចចុះសម្រុងជាមួយនឹងគ្នាវាជាវិធីល្អបំផុត។ ព្រោះថាការប្រើហិង្សា ឬធ្វើសង្រ្គាមត្រជាក់ មិនអាចដោះស្រាយបញ្ហាបានទេ។ ហើយវិធីសាស្រ្តអាចធ្វើឱ្យចំណងស្នេហ៍នៅតែមានសំណើមបាននោះគឺ ផ្លាស់ប្តូរខ្លួនឯងដើម្បីឱ្យចុះសម្រុងជាមួយដៃគូទៅវិញទៅមក។

ប៉ុន្តែបើគិតតែសម្របតាមរហូតក៏មិនមែនជាវិធីល្អដែល យើងអាចទ្រាំលែងបាន ហើយផ្ទុះឡើងនៅថ្ងៃណាមួយក៏មិនដឹង។ ត្រឹមត្រូវណាស់ថាយើងផ្លាស់ប្តូរខ្លួនដើម្បីចុះសម្រុងជាមួយដៃគូបាន ក៏ព្រោះតែយើងចេះយោគយល់អធ្យាស្រ័យដល់ដៃគូរបស់យើងផងដែរទើបអាចទៅរួច បើមិនដូច្នោះទេ ទ្រាំយូរៗគង់នឹងផ្ទុះនៅថ្ងៃណាមួយមិនខានឡើយ ហើយក៏តម្រូវឱ្យយោគយល់ កែប្រែ ទាំងពីរនាក់ដូចគ្នា។

Image_2021 12 29_110055

២. មានគំនិត និងការយល់ឃើញប្រហាក់ប្រហែលគ្នា

លើលោកយើងនេះ គឺពិបាកនឹងរកបានមនុស្សពីរនាក់ដែលមានទស្សនៈវិស័យ និងចក្ខុវិស័យដូចគ្នាបេះបិទណាស់។ ប៉ុន្តែបើប្តី និងប្រពន្ធ អាចមានទស្សនៈប្រហាក់ប្រហែលគ្នា នោះអាចធ្វើឱ្យអ្នកទាំងពីរដើរលើផ្លូវរួមគ្នាបានកាន់តែឆ្ងាយ។ គិតមើលថាបើប្តី និងប្រពន្ធមានគោលដៅជីវិតដូចគ្នា ប្រធានបថនិយាយដូចគ្នា ចំណងចំណូលចិត្តតែមួយ វាជារឿងគួរឱ្យរីករាយណាស់។

លើលោកនេះ គម្លាតដែលឆ្ងាយបំផុតមិនមែននៅជើងមេឃឯនាយសមុទ្រនោះទេ គឺពួកយើងនៅជិតគ្នាមែនពិត ប៉ុន្តែចិត្តនៅឆ្ងាយដាច់ពីគ្នា អ្នកកំពុងនិយាយពីគោ គាត់បែរជាយល់ថាអ្នកកំពុងនិយាយពីក្របីទៅវិញ វាជារឿងគួរឱ្យសង្វែគបំផុត។ ឱ្យតែបែបហ្នឹងយូរទៅ អ្នកទាំងពីរនឹងឃ្លាតឆ្ងាយពីគ្នាបន្តិចម្តងៗ គេងគ្រែតែមួយ ប៉ុន្តែមានសុបិនផ្សេងគ្នា។

Image_2021 12 29_105925


៣. ដឹងគុណផ្តល់តម្លៃពីការលះបង់របស់ដៃគូ

មនុស្សដែលចេះដឹងគុណ ទើបអាចទទួលក្តីស្រឡាញ់ពីអ្នកដទៃបានកាន់តែច្រើន ជីវិតទើបកាន់តែប្រសើរឡើង។ ហើយវាក៏សក្តិសមប្រើក្នុងជីវិតអាពាហ៍ពិពាហ៍ដូចគ្នា។ ពាក្យសាសងដ៏ផ្អែមល្ហែមរបស់ប្តីប្រពន្ធនោះគឺ អរគុណ បង(អូន) ពីមុនធ្វើល្អដាក់បង(អូន)យ៉ាងណា ឥឡូវក៏នៅតែធ្វើល្អដាក់បង(អូន)ដូចដើម។

ពេលស្តាប់ឮពាក្យនេះហើយ ក្នុងនាមជាប្តី ឬប្រពន្ធ តើអ្នកណាដែលថាមិនរំភើបចិត្តនោះ។ យើងនឹកឃើញភាពល្អរបស់ដៃគូ ទើបជីវិតគូរបស់យើងកាន់តែល្អប្រសើរឡើងថែមទៀត។ ហើយទំនាក់ទំនងស្នេហាបែបនេះនឹងកាន់តែប្រសើរឡើងដូចគ្នា។

Image_2021 12 29_105940

៤. រួមសុខរួមទុក្ខជាមួយគ្នា គាំទ្រគ្នារហូត

ប្តីប្រពន្ធចេះរួមសុខជាមួយគ្នា ក៏អាចរួមទុក្ខជាមួយគ្នាបាន មិនថាឋិតក្នុងកាលៈទេសៈបែបណាគឺនៅគាំទ្រដៃគូជានិច្ចមិនបោះបង់គ្នា។ យើងទាំងអស់គ្នាបានឃើញគូច្រើនណាស់ ដែលអាចរួមទុក្ខជាមួយគ្នា ប៉ុន្តែពេលបានសុខហើយមិនបាននៅរួមសុខជាមួយគ្នាទេ។ ហើយខ្លះទៀត អាចរួមសុខបាន ពេលមានទុក្ខក៏ដាក់សាប៊ូកែងបាត់ស្រមោលឈឹង។

តើនេះជាការពិសោធន៍ចិត្តមនុស្សមែនទេ? ឬក៏ជាការពិសោធន៍តម្លៃជីវិតអាពាហ៍ពិពាហ៍? តើមានហេតុផលអ្វីដែលបណ្តាលឱ្យប្តីប្រពន្ធជាច្រើនពេលមានឧបសគ្គក៏បែកបាក់គ្នា?

តាមពិតគឺមកពីអ្នកទាំងពីរមិនបានគិតថា មានជីវិតតែមួយ មានដង្ហើមតែមួយរួមគ្នា។ ប្តីប្រពន្ធដែលឆ្លងកាត់ឧបសគ្គច្រើន ឆ្លងកាត់រឿងស្លាប់រស់ច្រើន ឆ្លងកាត់ជីវិតឡើងចុះមិនទៀង នោះទើបអាចទុកចិត្តគ្នា ពឹងពាក់គ្នាទៅវិញទៅមក ហើយមិនអាចអត់អ្នកណាម្នាក់បានក្នុងជីវិតនេះ។ ហើយប្តីប្រពន្ធដែលគ្មានជំនឿចិត្តលើគ្នា គឺពិបាកនឹងរួមទុក្ខជាមួយគ្នាណាស់។ គ្រាន់តែជួបគ្រោះបន្តិចជួបការដកពិសោទធ៍ជីវិតតែបន្តិច ក៏ចាប់ផ្តើមរិះគន់ចាប់កំហុសដៃគូរៀងខ្លួន រួចក៏លែងដៃគ្នារត់យករួចខ្លួនបាត់ទៅហើយ។

ពាក្យមួយឃ្លាគេនិយាយថា «ស្រឡាញ់គ្នាជារឿងងាយស្រួល ប៉ុន្តែនៅកំដរគ្នារហូតវាជាការពិបាកខ្លាំងណាស់»។

Image_2021 12 29_110144

ស្នេហាពេលចាប់ផ្តើមដំបូងគឺ ធំធេងលើសអស់អ្វីៗក្នុងលោក បែបពុះកញ្រ្ជោលរោលរាលខ្លាំងណាស់។ ប្រៀបដូចទេវបុត្រជិះសេះស និងព្រះនាងម្ចាស់តូចមានស្នេហារ៉ូមែនទិក អាចរស់នៅជាមួយគ្នាដោយមានក្តីសុខតទៅហោង។(ចប់)

តែគេអត់បានរៀបរាប់ភាគបន្តទេ ក្រោយមករស់ជាមួយគ្នា តើពិតជាបានសុខមែនអត់? ស្នេហាពិតវាមិនដូចស្នេហាក្នុងរឿងនិទាននោះទេ គឺត្រូវការមានភាពអំណត់អត់ធ្មត់ខ្លាំងណាស់ ក្នុងនោះភាពផ្អែមល្ហែមក៏មាន ប្រៃល្វីងជូរចត់ក៏ត្រូវតែមានដូចគ្នា។ ក្រោយពេលភាពផ្អែមល្ហែង ការក្រែងចិត្ត បេះដូងដើរខុសចង្វាក់ត្រូវបានបញ្ចប់ អ្វីដែលបង្ហាញនៅចំពោះមុខនោះគឺ តួនាទី និងភារៈកិច្ចត្រូវរ៉ាប់រង និងការងារផ្ទះរញ៉េរញ៉ៃកំប៉ិកកំប៉ុក និងសម្ពាធជីវិតនោះហើយ។ អាចដើរឆ្លងផុត ឬមិនផុត វាអាស្រ័យលើអ្នកទាំងពីរ ចេះយោគយល់អាធ្យាស្រ័យឱ្យគ្នាប៉ុនណា? ខំថែរក្សាភាពផ្អែមល្ហែម និងក្តីសុខពីជីវិតបាននេះប៉ុនណា?

មនុស្សយើងឆ្លងកាត់ពីពេលស្រឡាញ់គ្នារហូតដល់បានរៀបការជាមួយគ្នា គឺអាចបញ្ជាក់ពីសក្ខីភាពស្នេហារបស់អ្នកទាំងពីរ ប្រៀបដូចជាកាំជ្រួចភ្លឺត្រចះត្រចង់លើវេហា ក្រោយមកក៏នៅសល់តែផ្ទះមេឃខ្មៅងងឹតស្ងប់ស្ងាត់ដូចដើមវិញ ដូចជាស្រឡាញ់គ្នាត្រូវតែទទួលយកភាពមិនពេញលក្ខណៈរបស់ដៃគូ មិនយកចិត្តអញជាធំ ប៉ុន្តែយកចិត្តយើងជាគោល គ្រួសារយើងជាធំ។

ប្រភព ៖ 心灵新世界

បកប្រែកែសម្រួល និងរក្សាសិទ្ធដោយ ៖ សុខ គឹមទៀវ