ហេតុអីមនុស្សយើង អាចដោះស្រាយបញ្ហាឱ្យអ្នកដទៃបាន តែមិនអាចដោះស្រាយបញ្ហាក្នុងជីវិតខ្លួនឯងបាន?

ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សយើងគ្រប់គ្នា តែងតែពូកែជួយជាគំនិតល្អៗ ប្រឹក្សា និងដោះស្រាយបញ្ហាឱ្យអ្នកដទៃ តែបែរជាមិនអាចដោះស្រាយបញ្ហាឱ្យជីវិតខ្លួនឯង? អ្នកខ្លះទៀត មិនហ៊ានសូម្បីតែប្រឈមមុខ​ជាមួយនឹងបញ្ហានៅក្នុងជីវិតខ្លួនឯងថែមទៀតផង។

ជាក់ស្ដែងណាស់ គ្រប់យ៉ាងនៃរឿងទាំងនេះ គឺសុទ្ធតែមានហេតុផលដែលគ្រប់គ្នាប្រហែលជាស្មានមិនដល់នោះឡើយ។ ហេតុផលនោះគឺ មកពីជាមួយនឹងបញ្ហាជីវិតរបស់អ្នកដទៃ គឺយើងប្រើខួរក្បាលទៅគិត ត្រិះរិះពិចារណា ដោយមានស្មារតី ហើយនិយាយបកស្រាយ ជួយជាគំនិត និងជួយដោះស្រាយឱ្យគេ។

82d224dcfded0fab5fb226871f5e28e5

ប៉ុន្តែ ក្រឡេកមកមើលបញ្ហាក្នុងជីវិតខ្លួនឯងវិញ​ មនុស្សយើងរមែងប្រើបេះដូង ប្រើមនោសញ្ចេតនាទាំងស្រុង ដើម្បីទៅប្រឈមជាមួយនឹងបញ្ហាទាំងអស់នោះ ដូច្នេះហើយ ទើបយើងមិនអាចដោះស្រាយបញ្ហានៅក្នុងជីវិតខ្លួនឯងបាន។

វាជារឿងដែលមិនអាចគេចវេស ឬបដិសេធថាវាមិនមែនជាការពិត តែរឿងទាំងនេះ គឺយើងក៏ទទួលស្គាល់ថា វាបែបហ្នឹងមែន។ មនុស្សយើងគឺពិតជាទន់ជ្រាយណាស់ នៅពេលដែលខ្លួនឯងជួបបញ្ហាដោយផ្ទាល់ ដូចពាក្យគេថា​ បញ្ហា នៅពេលដែលជួបខ្លួនឯងផ្ទាល់ទើបដឹង ដំបៅលើខ្លួនឯង ទើបដឹងថាឈឺប៉ុនណា។ យ៉ាងណាមិញ បញ្ហាក្នុងជីវិតក៏ដូចគ្នា នៅពេលដែលខ្លួនឯងជួបផ្ទាល់ ខ្លួនឯងក៏នឹងទន់ជ្រាយ ខ្លួនឯងក៏នឹងប្រើបេះដូង ប្រើចិត្ត ប្រើមនោសញ្ចេតនា ដូច្នេះហើយ ការប្រើបេះដូង ប្រើមនោសញ្ចេតនាបែបនេះហើយ ទើបធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សដែលទន់ជ្រាយជាទីបំផុត។


C4b5c4820dc4f1e0430c839a9a7d7c61

មនុស្សយើងភាគច្រើន តែងតែជួយដោះស្រាយបញ្ហាឱ្យអ្នកដទៃ ស្ដាប់បញ្ហារបស់អ្នកដទៃដោយការគិតពិចារណា ប្រឹក្សាយោបល់ឱ្យគេ ពោរពេញដោយកម្លាំងចិត្ត ពោរពេញដោយក្ដីសង្ឃឹម ព្រោះអាចបែងចែក និងវិភាគបញ្ហាទាំងអស់នោះបាន ហើយអាចប្រាប់អ្នកដទៃ​ ផ្ដល់កម្លាំងចិត្តដល់អ្នកដទៃដោយស្នាមញញឹម ទាំងដែលការពិត ខ្លួនឯងពោរពេញដោយភាពស្មុគស្មាញ ក្នុងជីវិតខ្លួនឯង កកស្ទះដោយបញ្ហាច្រើនលើសលប់ ហើយសុទ្ធតែជារឿងដែលខ្លួនឯងពិបាកប្រឈមមុខ ហើយក៏មិនអាចនឹងដោះស្រាយបានទៀតផង។

មានមនុស្សតិចណាស់ ដែលអាចដោះស្រាយបញ្ហាក្នុងជីវិតខ្លួនឯង​ ប្រើភាពក្លាហានទៅប្រឈមមុខ ប្រើសតិទៅដោះស្រាយ លុះត្រាតែមនុស្សនោះ រឹងមាំខ្លាំង មានសតិខ្លាំង ដែលអាចប្រើខួរក្បាល ទៅគ្រប់គ្រងលើបេះដូង និងមនោសញ្ចេតនា តែបើប្រើអារម្មណ៍ទាំងស្រុងនោះ គឺមិនអាចដោះស្រាយបញ្ហាបានឡើយ គឺមានតែភាពទន់ខ្សោយ ហើយថមថយទៅបន្តិចម្ដងៗតែប៉ុណ្ណោះ៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ knongsrok

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550