មនុស្សទោះស្រឡាញ់ប៉ុនណាក៏ដោយ តែបើចេញចរិតមក មើលងាយ ចង់ត្រួតត្រាយើងហើយ បែកគ្នា ដើរផ្លូវរៀងខ្លួនទៅ

មនុស្សពីរនាក់ស្រឡាញ់គ្នា ច្បាស់ណាស់ ថាត្រូវតែចេះគោរព ឱ្យតម្លៃ និងជឿជាក់លើគ្នាទៅវិញទៅមក ទើបអាចឱ្យជីវិតគូបានយូរអង្វែង និងមានក្ដីសុខសុភមង្គល។

តែយ៉ាងណាមិញ ប្រសិនបើស្រឡាញ់គ្នា តែមិនដែលគោរព ឱ្យតម្លៃ ជឿជាក់លើគ្នា បែរជាចេញចរិតមកមើលងាយ ចង់ត្រួតត្រាលើគ្នាហើយនោះ ទោះស្រឡាញ់ខ្លាំងប៉ុនណាក៏ដោយ ក៏មិនគួរបន្តដែរ មនុស្សយើងសំខាន់ណាស់គឺការទទួលបានការគោរពឱ្យតម្លៃពីដៃគូ តែបើគេមិនឱ្យតម្លៃយើងផង គេមើលងាយយើង គេចង់មកបញ្ជា ត្រួតត្រាលើយើង សួរថា យកមនុស្សបែបហ្នឹងមកធ្វើអី យកមកឱ្យគេបញ្ជាក្បាលយើងតាមចិត្តឬយ៉ាងណា?

ដៃគូជីវិត មិនអាចឱ្យគេមកមើលងាយ ប្រមាថ ត្រួតត្រាយើងបានតាមចិត្តឡើយ។ មនុស្សខ្លះបញ្ជានេះបញ្ជានោះ មិនមែនយើងមិនតាមគេទេ តែគេកំពុងតែចង់ត្រួតត្រាលើដំណើរជីវិតយើង។ យ៉ាងណាមិញ មនុស្សដែលមានប៉ុន្មានចំណុចខាងក្រោមនេះ មិនគួរយកធ្វើជាដៃគូជីវិតទេ ទោះទ្រាំបានម្ដង មិនប្រាកដថា ទ្រាំបានមួយជីវិត ទោះគេសន្យាថាកែ ក៏មិនហើយប្រាកដថា គេកែប្រែ ហើយមិនធ្វើវាម្ដងទៀតនោះឡើយ។

241775962_6837430199615823_5041676415727609485_n

១. តែងតែមើលងាយយើង

មនុស្សយើងម្នាក់ៗ សុទ្ធតែមានតម្លៃរៀងៗខ្លួន ដូច្នេះហើយ ដៃគូជីវិត យើងមិនអាចយកមនុស្សដែលតែងតែមើលងាយយើង មកធ្វើជាដៃគូជីវិតនោះឡើយ។ ត្រូវចាំថា មនុស្សដែលមើលងាយយើង គេច្បាស់ជាមិនគោរព ឱ្យតម្លៃយើងទេ ដូច្នេះ ក្នុងភ្នែកគេ ក៏គ្មានយើងដែរ យើងបានត្រឹមតែជាមនុស្សងល្ងង់ ចាំតែស្ដីបន្ទោស ប្រមាថមើលងាយតែប៉ុណ្ណោះ។

២. ព្យាយាមត្រួតត្រាលើយើង

គ្មានក្ដីសុខ គ្មានសេរីភាពឡើយ មនុស្សដែលចូលមកចង់ត្រួតត្រា​ បង្គាប់បញ្ជាលើយើងហើយនោះ មួយជីវិតនេះ គេនឹងត្រួតត្រាលើយើគ្រប់ពេល គ្រប់រឿង បែបហ្នឹង មួយជីវិតហ្នឹង គឺយើងមិនអាចធ្វើអ្វីដែលយើងចង់បាននោះឡើយ យើងច្បាស់ជាចាំតែនៅក្រោមបញ្ជាគេតែប៉ុណ្ណោះ។

241873338_6837430012949175_8581773950853656085_n

៣. គ្មានភាពជឿជាក់លើយើង


មនុស្សរស់នៅជាមួយគ្នា តែបើគ្មានភាពជឿជាក់ មិនដែលទុកចិត្តយើងទេនោះ រស់នៅជាមួយគ្នាក៏គ្មានក្ដីសុខដែរ។ ត្រូវចាំថា មនុស្សពីរនាក់ស្រឡាញ់គ្នា សំខាន់ណាស់ គឺការគោរ និងជឿទុកចិត្តលើគ្នា តែបើគ្មានការជឿជាក់លើគ្នាទេ ​​ច្បាស់ជាងាយនឹងឱ្យអ្នកដទៃមកបំបែកបំបាក់បានយ៉ាងងាយ។

៤. ប្រចណ្ឌរករឿងខុសទំនង

ធម្មតា ការប្រចណ្ឌ កើតព្រោះតែក្ដីស្រឡាញ់ តែបើប្រចណ្ឌខុសទំនងវិញ វាមានន័យថា គេមិនដែលទុកចិត្ត និងជឿជាក់លើក្ដីស្រឡាញ់របស់យើងឡើយ មនុស្សបែបហ្នឹង អាចប្រចណ្ឌបានសូម្បីតែសាច់ញាតិ បងប្អូនរបស់យើង ក៏គេអាចនឹងប្រចណ្ឌដែរ ដូច្នេះ មិនថាយើងទៅណាមកណា ជាមួយអ្នកណា គឺរមែងស្ថិតក្រោមក្រសែភ្នែក ការតាមដាន ហួងហែងរបស់គេ ចឹងយើងច្បាស់ជាគ្មានសេរីភាព គ្មានក្ដីសុខឡើយ។

241837509_6837430046282505_8352564592920785090_n

៥. គ្មានភាពស្មោះត្រង់ចំពោះយើង

មនុស្សក្បត់យើងម្ដងហើយ ច្បាស់ជាអាចក្បត់យើងបានម្ដងទៀត មនុស្សដែលនិយាយថាកែ មិនមែនមានន័យថា អាចកែបាននោះឡើយ សន្ដានមនុស្សពីបាកកែបំផុត ដូច្នេះ​សម្រាប់មនុស្សដែលគ្មានភាពស្មោះត្រង់ចំពោះយើង មនុស្សដែលធ្លាប់ក្បត់យើង គេច្បាស់ជាក្បត់យើងម្ដងហើយម្ដងទៀត ដូច្នេះ យើងម៉េចនឹងអាចអភ័យឱ្យគេបានមួយជីវិតទៅ​។ រស់នៅជាមួយនឹងមនុស្សដែលគ្មានភាពស្មោះត្រង់ យើងច្បាស់ជាត្រូវប្រុងប្រយ័ត្នខ្លួនគ្រប់ពេលវេលាមិនខាន វាពិតជាហត់នឿយខ្លាំងណាស់។

៦. ប្រើហិង្សា គ្មានហេតុផល

ខ្លាចបំផុត មនុស្សដែលប្រើហិង្សា គ្មានហេតុផល មនុស្សបែបហ្នឹង គឺស្មើនឹងមនុស្សដែលគ្មានចំណេះដឹង គ្មានការយល់ដឹងជ្រៅជ្រះ ដូច្នេះ គេងាយនឹងបង្កគ្រោះថ្នាក់ដល់យើងខ្លាំងណាស់។ ម្យ៉ាងទៀត រស់នៅជាមួយនឹងមនុស្សដែលចូលចិត្តប្រើហិង្សា គ្មានហេតុផលបែបនេះ យើងច្បាស់ជាត្រូវគ្រាំវេទនាពេញមួយជីវិត វេទនាទាំងចិត្ត វេទនាទាំងកាយ ​​ដូច្នេះហើយ ត្រូវចេញឱ្យឆ្ងាយ បែកគ្នាឱ្យហើយទៅ កុំឱ្យគ្រាំចិត្តទៅថ្ងៃមុខ៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ knongsrok

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550