រឿងគូជីវិត ទោះប្រឹងជ្រើសយ៉ាងណា ក៏នៅតែខុសចិត្តដែរ

មនុស្សគ្រប់រូប គឺសុទ្ធតែមានដៃគូជីវិត តែគួរឱ្យស្ដាយ អ្នកខ្លះមានសំណាងបានស្គាល់ត្រឹមតែជីវិតគូតែប៉ុណ្ណោះ តែមិនអាចរួមរស់ជាដៃគូជីវិតរួមចិត្តមួយថ្លើមមួយ មិនអាចរស់នៅជាមួយគ្នាដោយក្ដីសុខ សុភមង្គល មើលថែគ្នាដល់ចាស់រៀងៗខ្លួនឡើយ។

មែនហើយ បើនិយាយដល់រឿងជ្រើសរើសដៃគូជីវិត វាជារឿងមួយដែលពិបាកនឹងគិត រឹតតែពិបាកក្នុងការសម្រេចចិត្តខ្លាំងណាស់ យ៉ាងណាមិញ ក៏មានមនុស្សខ្លះ កាន់តែជ្រើស កាន់តែខុស រឹតតែព្យាយាមមើលចិត្តថ្លើមគ្នា តែចុងក្រោយក៏នៅតែមានរឿងខុសចិត្តដដែល សួរថា ចំពោះរឿងដៃគូជីវិត តើគួរជ្រើសបែបណា ទើបមិនឱ្យជួបរឿងខកចិត្ត មិនជួបបញ្ហាពេលរស់នៅជាមួយគ្នា មិនមានការឈ្លោះទាស់នឹងគ្នា?

0445665436d34e75fc2ece1ec0c8c2c7

វាមិនអាចទៅរួចឡើយ បើចង់ឱ្យជ្រើសរើសដៃគូជីវិតបានល្អដូចចិត្តគ្រប់រឿងនោះ ព្រោះមនុស្សយើងម្នាក់ៗ មិនអាចល្អឥតខ្ចោះនោះឡើយ តែបើមនុស្សនោះល្អខ្លាំងពេក ល្អគ្រប់ចំណុចពេក អាចនឹងត្រូវរស់នៅតែម្នាក់ឯងទៅវិញ ព្រោះគេមិនអាចរស់នៅជាមួយនឹងនរណាម្នាក់បានឡើយ មនុស្សល្អពេក ល្អគ្រប់ចំណុចពេក ច្រើនតែត្រូវរស់នៅឯកាតែម្នាក់ឯង ព្រោះគ្មានអ្នកណា អាចសម្របខ្លួនតាមមនុស្សល្អដូចគេបានទេ។

ដូច្នេះ ការជ្រើសរើសដៃគូជីវិត គឺតែងតែមានរឿងខុសឆ្គងខ្លះ ដៃគូខ្លះ ធ្វើឱ្យយើងហត់មាត់ តែដៃគូខ្លះក៏ធ្វើឱ្យយើងហត់ចិត្ត ដូច្នេះ ការជ្រើសរើស ឬរស់នៅក្នុងជីវិតគូ គឺរមែងរឿងខុសចិត្ត ហើយក៏មានរឿងហត់នឿយ ដែលចៀសមិនផុតឡើយ។


C3b283993b7c59f0cb2015cf566b3662

ការជ្រើសមនុស្សម្នាក់មករស់នៅជាមួយ រួមដំណើរជីវិតជាមួយ យើងមិនអាចរកបានមនុស្សដែលល្អគ្រប់ចំណុច ត្រូវចិត្តយើងគ្រប់រឿងបានទេ តែអ្វីដែលសំខាន់ តើគេអាចសម្របការរស់នៅជាមួយយើងបានឬអត់? តើយើង អាចទទួលយកគ្រប់ចំណុចរបស់គេបានដែរឬទេ? អ្នកទាំងពីរ អាចបំពេញនូវចំណុចខ្វះខាត ចំណុចខ្វះចន្លោះ អាចជួយស្រោចស្រង់គ្នាទៅវិញទៅមកបានទេ? អ្នកទាំងពីរជាដៃគូជួយកែលម្អគ្នា ឬគ្រាន់តែជាគូមើលបំណាំ ចាំតែចាប់កំហុសគ្នា?

ការប្រើជីវិតគូ គឺត្រូវចេះសម្រប ទទួលយក កែប្រែ កែលម្អ ​ត្រូវចេះយោគយល់ អធ្យាស្រ័យ អភ័យ មានចិត្តមេត្តា ការគោរព ជឿជាក់ ឱ្យតម្លៃ អ្វីដែលសំខាន់ គឺក្ដីស្រឡាញ់ និងភាពស្មោះត្រង់ ត្រូវតែមានចំពោះគ្នាទៅវិញទៅមក អាចធ្វើប៉ុណ្ណឹងបាន អ្នកអាចរស់នៅជាមួយគ្នាបានយ៉ាងមានសុភមង្គលហើយ៕

អត្ថបទ ៖ pHknongsrok / KNongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ knongsrok

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550