បុរសដែលសក្តិសមឱ្យអ្នកយកជាដៃគូជីវិត ​កុំសម្រេចចិត្តជ្រើសយកព្រោះតែរូបរាងសម្រស់ខាងក្រៅរបស់គេ

មនុស្សស្រី បើអ្នកជ្រើសដៃគូជីវិត សូមកុំមើលគេតែលើសម្បកក្រៅឱ្យសោះ មនុស្សប្រុសខ្លះ សាច់ស រូបស្អាតសង្ហា តែចិត្តគំនិត បែរជាមនុស្សដែលអាត្មានិយម គ្មានភាពស្មោះត្រង់នោះឡើយ តែនេះក៏មិនមែនមានន័យថា មនុស្សប្រុសស្បែកខ្មៅ រូបអាក្រក់ ទើបមានចិត្តស្មោះនោះដែរ មនុស្សប្រុសខ្លះ ខ្មៅទាំងរូប ខ្មៅទាំងចិត្ត អាក្រក់ទាំងសម្រស់ រកចិត្តស្មោះមិនបានទៀត សាវាជាងអ្នករូបសង្ហាខ្លះទៀតផង។

មនុស្សប្រុសខ្លះ ធំតែមាឌ តែគ្មានអាចជួយកិច្ចការ សម្រាលបន្ទុកអ្វីអ្នកបានទេ បានតែដើរលេង ស៊ីផឹក ជួបជុំមិត្ត ចេញក្រៅរកស្រីថែមទៀត។ មនុស្សប្រុសបែបនេះ មិនចេះនឹងរកលុយហើយ ថែមទាំងដាក់បន្ទុក ឱ្យយើងរកលុយ រកស៊ីចិញ្ចឹមគេថែមទៀតផង។

មនុស្សប្រុសខ្លះ ឆ្លាត ពូកែធ្វើការ ពូកែរកលុយ មានសមត្ថភាពខ្ពស់ តែមនុស្សប្រុសប្រភេទនេះ ក៏អាចនឹងមើលងាយប្រពន្ធដែរ ព្រោះតែភាពខ្លាំងពូកែ មានសមត្ថភាពរបស់គេនេះហើយ ដែលធ្វើឱ្យគេខ្លាចជាមនុស្សអំនួតក្អេងក្អាង បើប្រពន្ធមិនចេះធ្វើការរកលុយទៀតនោះ ចាំតែឱ្យគេនេះធ្វើបាប គាបសង្កត់ទៅ។

241535128_393435402138287_42360990271293564_n

មនុស្សប្រុសខ្លះ មានចំណេះដឹងជ្រៅជ្រះ រៀនបានច្រើន តែចរិតរឹងរូស ព្រោះគេគិតថា គេជាបណ្ឌិត រៀនចប់ថ្នាក់បរិញ្ញា រឿងអីមកស្ដាប់សម្ដីមនុស្សស្រីនោះ អាចច្បាស់ជាមិនស្ដាប់ការណែនាំ ឬយោបល់របស់មនុស្សស្រីឡើយ ខ្លាចអន់។

តាមពិត ការមើលមនុស្ស កុំមើលតែលើសម្បកក្រៅ កុំមើលតែលើរូបរាង រូបសម្រស់របស់គេ សម្បកខាងក្រៅ គ្រាន់តែជាការតុបតែង រៀបចំរបស់មនុស្សយើងតែប៉ុណ្ណោះ តែធាតុពិតខាងក្នុង ទើបជារឿងសំខាន់។ ដូចគ្នានឹងមនុស្សប្រុសខ្លះ ជាកូនអ្នកមានទ្រព្យស្តុកស្ដម្ភ ចុះបើចំយើងជាកូនអ្នករកស៊ី គិតថាគេមកទ្រាំរកស៊ីជាមួយយើងមែន? អត់ទេ គេជាអ្នកប្រុសតូច អ្នកប្រុសធំ ធ្លាប់តែស្រណុក មុខជានៅជាមួយយើងមិនបានយូរឡើយ។

ដូច្នេះហើយ បើរើសដៃគូ គួរតែរើសមនុស្សដែលសក្តិសម សមល្មមទាំងឋានៈ វណ្ណៈគ្រួសារ ទាំងរូបរាងសម្រស់ក៏ប្រហាក់ប្រហែលគ្នា ទើបវាមិនគ្រាំចិត្តទៅថ្ងៃមុខ មិនជួបការបែកបាក់ ប្រេះឆាក្នុងក្រុមគ្រួសារ។ ម្យ៉ាងវិញទៀត បើអ្នកជ្រើសដៃគូជី​វិត អ្នកក៏គួរតែមើលលើចំណុចទាំងប៉ុន្មានខាងក្រោមនេះ។

241193935_393435285471632_3918995407710915102_n

១. បុរសដែលសក្តិសមឱ្យអ្នកយកជាដៃគូជីវិត!

- មិនសំខាន់ថា គាត់ចាស់ ឬក្មេងទេ អ្វីដែលសំខាន់ តើចិត្តគំនិត អត្តចរិតរបស់គាត់ចាស់ទុំ អាចមើលថែ​ ការពារ ឃុំគ្រងអ្នកបានល្អឬក៏អត់?


- មិនសំខាន់ថា គាត់មាន ឬក្រ ឬកម្រិតមធ្យមនោះឡើយ អ្វីដែលសំខាន់ គាត់អាចផ្ដល់ឱ្យអ្នកនូវការរស់នៅក្នុងជីវិតដ៏សាមញ្ញ តែពោរពេញទៅដោយសេចក្ដីសុខ សុភមង្គលពេញលេញ គាត់មានសមត្ថភាពរកលុយដើម្បីផ្គាប់តម្រូវដល់ក្រុមគ្រួសារ!

- មិនសំខាន់ថា គាត់ទាប ខ្ពស់ ខ្មៅ ឬសនោះទេ អ្វីដែលខាន់ គាត់មានរាងកាយមាំមួន មានបញ្ញា ស្មារតីល្អ ដែលអាចឱ្យអ្នកទទួលបាននូវអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាពនៅពេលដែលនៅជាមួយគាត់!

- មិនសំខាន់ថា អតីតកាលរបស់គាត់បែបណានោះទេ អ្វីដែលសំខាន់គាត់មានបច្ចុប្បន្នដ៏ល្អជាមួយនឹងអ្នក គាត់ក៏អាចផ្ដល់ឱ្យអ្នកនូវអនាគតមួយដ៏ល្អប្រសើរ!

បុរសម្នាក់នោះ ត្រូវតែជាបុរសដែលអាចឱ្យអ្នកនូវមោទកភាព ដែលអ្នកសម្រេចចិត្តជ្រើសរើសយកគាត់ គាត់មិនធ្វើឱ្យអ្នកមានអារម្មណ៍ថាសោកស្ដាយ ដែលជ្រើសគាត់ជាដៃគូជីវិត អ្វីដែលសំខាន់ គាត់ជាមិត្ត​ ជាបង ជាឪពុក ដែលអាចផ្ដល់ឱ្យអ្នកនូវសេចក្ដីសុខគ្មានដែនកំណត់។

241522049_393435192138308_8614030871672550573_n

២. មនុស្សពីរនាក់ស្រឡាញ់គ្នា

- មិនចាំបាច់ទាល់តែត្រូវនៅជាមួយគ្នាគ្រប់ពេល ២៤ម៉ោងនោះទេ តែអ្វីដែលសំខាន់ គឺចេះឆ្លៀតពេលនៅកំដរគ្នា ក្បែរគ្នាគ្រប់ពេលដែលត្រូវការ និងចេះបង្កើតពេលវេលាល្អៗ ជាពិសេស ក្នុងថ្ងៃពិសេសៗ គឺមិនទុកគ្នាចោល!

- មិនចាំបាច់ទាល់តែប្រើពាក្យផ្អែមល្ហែមគ្រប់ម៉ាត់ តែអ្វីដែលសំខាន់ គ្រប់ម៉ាត់ដែលនិយាយជាមួយគ្នា​ គឺត្រូវតែជាពាក្យល្អៗ ចេះថ្នមចិត្តគ្នាទៅវិញទៅមក!

- មិនចាំបាច់ទាល់តែស្របតាមគ្នាគ្រប់រឿងទេ តែគ្រប់រឿងដែលនិយាយជាមួយគ្នា ត្រូវតែមានហេតុផល ផ្ដល់នូវគំនិតប្រឹក្សា ផ្ដល់មតិយោបល់ដល់គ្នាទៅវិញទៅមក ឱ្យបានច្បាស់លាស់!

- កុំប្រចណ្ឌ កុំហួងហែងគ្នា តែត្រូវចេះគោរព ជឿជាក់ ការពារ ថែរក្សាគ្នាទៅវិញទៅមក! >៕

អត្ថបទ ៖ មនុស្សចុងក្រោយ / Knongsrok

រូបភាពរក្សាសិទ្ធិ ៖ Aok Sokunkanha

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ knongsrok

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550