មួយជីវិតមនុស្សស្រី អ្វីដែលនាងខ្លាចបំផុត គឺខ្លាចជ្រើសដៃគូជីវិតខុស

មនុស្សស្រី១០០នាក់ ស្ទើរតែ១០០ហើយ ដែលខ្លាចបំផុត ខ្លាចជ្រើសដៃគូជីវិតខុស ខ្លាចយកប៉ះចំមនុស្សដែលគ្មានចិត្តស្មោះភក្ដី ខ្លាចយកប៉ះចំប្ដីដែលមានចិត្តគំនិតកាចសាហាវ ប្រើហិង្សា វាយធ្វើបាបនាង គ្មានចិត្តអាណិតស្រឡាញ់ គ្មានភាពផ្អែមល្ហែម មិនចេះមើលថែ ថ្នាក់ថ្នមលើរូបនាងដែលជាភរិយា។

មនុស្សស្រី ទោះបីនាងត្រូវលំបាក ហត់នឿយច្រើនយ៉ាងណាក៏ដោយ ក៏នាងមិនដែលនឹងត្អូញត្អែរ ឬបោះបង់ចោលឡើយ ដើម្បីក្រុមគ្រួសារ ដើម្បីប្ដី ដើម្បីកូន នាងនឹងមិនរុញរា ក្នុងការលះបង់អ្វីទាំងអស់ មិនថានាងត្រូវបាត់បង់រូបរាង រូបសម្រស់ រួមទាំងពេលវេលាពេញមួយជីវិតរបស់នាង នាងក៏សុខចិត្តផ្ដល់ និងចំណាយគ្រប់បែបយ៉ាង អ្វីដែលសំខាន់ នាងគ្រាន់តែចង់បានការគោរព ស្រឡាញ់ ឱ្យតម្លៃ និងអាណិត មេត្តាចំពោះនាង មើលថែនាង ការពារនាងក្នុងនាមជាដៃគូជីវិត។

F7fe0d2aa3ced482d4deccca100a5f48

មួយជីវិតមនុស្សស្រីនេះ ចាប់ពីវ័យកុមារ ដល់វ័យជំទង់ ឬពេញវ័យ នាងត្រូវចំណាយដើម្បីឪពុកម្ដាយ និងក្រុមគ្រួសាររបស់នាង។ តែពេលឈានដល់ជីវិតរៀបការ មានប្ដី អ្វីៗនាងត្រូវធ្វើដើម្បីដៃគូជីវិត។ រហូតដល់ពេលមានកូន​ នាងក៏លែងមានសិទ្ធសេរីភាពអ្វីទាំងអស់ ទាំងកាយ ទាំងចិត្ត នាងបានលះបង់ដើម្បីកូនៗ និងប្ដីរបស់នាងហើយ។

ប៉ុន្តែគួរឱ្យសោកស្ដាយ មានមនុស្សស្រីច្រើនណាស់ ដែលត្រូវលះបង់ដោយឥតន័យ ទោះបីនាងខំលះបង់ច្រើនប៉ុនណាក៏ដោយ ក៏នាងនៅតែត្រូវប្ដី និងកូនធ្វើបាប ទាំងកាយ និងចិត្ត។ ទោះបីនាងត្រូវលះបង់ទាំងជីវិតនាងទៀត ក៏នាងនៅតែមិនអាចកែប្រែចរិតសន្ដានចោលម្សៀតរបស់ប្ដីនាងបានដែរ ចុងក្រោយ អ្វីដែលនាងទទួលបានមកវិញនោះគឺ ការឈឺចាប់ ភាពសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំង ដែលមួយជីវិតនេះ មិនអាចឱ្យខ្លួនឯងមានសំណាងក្នុងរឿងគូជីវិត។


Ddc97aca6a5e9b92c3abe22974bb7e36

មនុស្សស្រីខ្លាចណាស់ ក្នុងការជ្រើសរើសដៃគូរួមដំណើរពេញមួយជីវិតនាង ​ប៉ុន្តែពេលខ្លះ កាន់តែគិត កាន់តែជ្រើសរើស តែចុងក្រោយ ក៏នៅតែខុស ព្រោះមនុស្សប្រុស ចិត្តគំនិតរមែងប្រែប្រួលទៅជានិច្ច ទោះបីនាងល្អប៉ុនណា ស្រឡាញ់ ថ្នាក់ថ្នម យកចិត្តស្វាមីប៉ុនណា ក៏នៅតែមិនអាចប្ដូរយកតម្លៃ ក្ដីស្រឡាញ់ និងការគោរព ភាពស្មោះត្រង់ពីមនុស្សប្រុសចិត្តក្បត់នោះបានដែរ។

ព្រោះតែហេតុនេះហើយ ទើបធ្វើឱ្យមនុស្សស្រីភាគច្រើនក្នុងពេលបច្ចុប្បន្ននេះ សឹងតែនិយាយពាក្យថា "លាហើយជីវិតអាពាហ៍ពិពាហ៍" នាងពិតជាខ្លាចនឹងការរៀបការ ខ្លាចរហូតដល់លែងហ៊ានឱ្យបុរសណាម្នាក់ ចូលមកក្នុងជីវិតរបស់នាង ព្រោះតែនាងខ្លាចថា ជីវិតទាំងមូលត្រូវបំផ្លាញដោយសារតែ ការជ្រើសរើសដៃគូជីវិតខុស៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ knongsrok

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550