មនុស្សប្រុសម្នាក់ចិត្តប្រែប្រួលហើយ គេមិនចាកចេញពីអ្នកភ្លាមទេ តែគេចមិនផុតពីសញ្ញាទាំងនេះឡើយ

ពេលដែលមនុស្សប្រុសលែងស្រលាញ់មនុស្សស្រីណាម្នាក់ហើយ បើគេនិយាយពាក្យបែកគ្នាដាក់នាងផ្ទាល់មាត់ នោះនឹងធ្វើឱ្យនាងឈឺចាប់ខ្លាំងជាមិនខាន អាចដោយសារគេប្រាប់ពីមូលហេតុច្បាស់លាស់ទៅកាន់នាង ទោះជាពេលនោះ មនុស្សស្រីដឹងថា ខ្លួនបានបាត់បង់ស្នេហាមែនពិត ឈឺចាប់មែនពិត ទាំងនេះទោះជាមិនអាចទម្លាក់ចោលបានភ្លាមៗមែន តែពេលយូរៗទៅ នាងនឹងអាចបំភ្លេចបាន ព្រមទាំងអាចចាប់ផ្តើមជីវិតសារឡើងវិញបានដែរ។

ខ្លាចតែមនុស្សប្រុសដែលលែងស្រលាញ់យើងហើយ នៅធ្វើពុតជាស្រលាញ់ ផ្តល់សញ្ញាខុសឱ្យនាងមានភាពយល់ច្រលំ ប៉ុន្តែទោះស្រលាញ់ ឬមិនស្រលាញ់ គឺពិបាកបិទបាំងចំពោះមនុស្សស្រីណាស់ ទោះជាមនុស្សប្រុសមិនបានបញ្ជាក់ឥរិយាបថច្បាស់លាស់ក៏អាចធ្វើឱ្យមនុស្សស្រីចាប់អារម្មណ៍ដឹងដែរ មនុស្សស្រីគួរតែឆាប់យល់ពីមនុស្សប្រុសបន្តិចទៅ ដើម្បីចៀសវាងខ្លួនឯងដើរក្នុងវិថីស្នេហាដែលពោរពេញដោយភាពក្លែងបន្លំធ្វើឱ្យចិត្តទទួលរងការឈឺចាប់។

ត្រូវដឹងថា មនុស្សប្រុសម្នាក់ប្រែចិត្តហើយ មិនអាចឃ្លានឆ្ងាយពីអ្នកភ្លាមៗនោះឡើយ តែក៏មិនអាចគេចផុតពីសញ្ញាទាំងនេះដែរ តើអ្នកមានដឹងថាជាសញ្ញាអ្វីខ្លះទេ?

១

១. ប្រែទៅជាអាថ៌កំបាំង លាក់បាំងនឹងអ្នកគ្រប់យ៉ាង

បើមនុស្សប្រុសម្នាក់ស្រលាញ់អ្នកនោះ គេនឹងមើលសំខាន់ចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ គេនឹងគិតគូរដល់អ្នក ទទួលខុសត្រូវលើអ្នក ឱ្យតែជារឿងរបស់អ្នក គេនឹងទុកក្នុងចិត្ត រឿងដែលអ្នកបានផ្តែផ្តាំ គេនឹងចង់ចាំទុកក្នុងចិត្ត មានរឿងអ្វីគេនឹងនិយាយឱ្យអ្នកស្តាប់ គេមិនលាក់បាំងរឿងខ្លួនគេឡើយ ព្រោះគេយល់ថា គ្មានអ្វីគួរឱ្យលាក់បាំងឡើយ អ្នកគឺជាមនុស្សដែលគេទុកចិត្តបំផុត។

ផ្ទុយមកវិញ បើគេមិនចាប់អារម្មណ៍លើអ្នកសោះ គឺមិនចង់រាប់រកអ្នកអ្វីឡើយ នៅពេលនេះ គេមិនបើចិត្តចំពោះអ្នកឡើយ មានរឿងអ្វីក៏មិនប្រាប់អ្នកដែរ ហើយគេអាចនឹងមានការលាក់បាំងអំពីរឿងរបស់គេ អ្វីក៏មិនប្រាប់អ្នក ទោះជាអ្នកយកចិត្តទុកដាក់នឹងគេយ៉ាងណា សួរនាំគេយ៉ាងណា គេនៅតែមិនព្រមប្រាប់អ្នកដែរ គេធ្វើឱ្យអ្នកយល់ថា គេប្រៀបដូចជាមនុស្សម្នាក់ផ្សេងទៀតអ៊ីចឹង។

តាមពិតទៅ មិនចាំបាច់គិតច្រើនឡើយ មនុស្សមិនស្រលាញ់អ្នក មិនបានទុកអ្នកក្នុងចិត្តហើយ ទើបបង្ហាញសញ្ញាបែបនេះចេញមក។

២


២. មិនទទួលខុសត្រូវចំពោះអ្នក ចេះតែគេចវេសពីអ្នក

បើមនុស្សប្រុសម្នាក់ស្រលាញ់អ្នក គឺនឹងរក្សាទង្វើដែលប្រកបដោយទំនួលខុសត្រូវ គេខ្វល់ពីរឿងអ្នកគ្រប់យ៉ាង នឹងកំដរអ្នករាល់ពេលដែលអ្នកត្រូវការគេ។ ឱ្យតែអ្នកជួបទុក្ខលំបាក គេនឹងផ្តល់ការគាំពារ និងរក្សាសន្យាជាមួយអ្នកនឹងត្រូវធ្វើឱ្យបាន គេស្រលាញ់អ្នកដោយចិត្តស្មោះ គេនឹងផ្តល់ទីពុំនាក់ដល់អ្នកក្នុងពេលដែលសំខាន់ណាមួយ។

ផ្ទុយមកវិញ ពេលដែលមនុស្សប្រុសម្នាក់រាប់អានអ្នក បើគេមិនចាប់អារម្មណ៍អ្នកទេ គេមិនព្រមទទួលខុសត្រូវចំពោះរឿងរបស់អ្នកឡើយ ពេលដែលអ្នកមានបញ្ហាទៅរកគេ គេតែងមានលេសជាច្រើនដើម្បីរុញច្រានរឿងនេះចេញ គឺគេមិនព្រមចំណាយពេលមកកំដរអ្នក ក៏មិនព្រមចំណាយទឹកចិត្តមកដោះស្រាយបញ្ហាដែលអ្នកបានជួបប្រទះនៅក្នុងជីវិតឡើយ នៅក្នុងពេលនេះ បើអ្នកមានអារម្មណ៍អស់សង្ឃឹម ទ្រាំមិនបានចង់រករឿងគេ បង្ហាញពីចិត្តគំនិតរបស់ខ្លួនទៅកាន់គេ តែគេបែរជាមិនព្រមធ្វើការបកស្រាយអ្វីសម្រាប់អ្នកសោះ នេះជាសញ្ញាមួយដែលចង់ប្រាប់អ្នកថាគេមិនបានទុកអ្នកជាមនុស្សសំខាន់របស់គេឡើយ នៅក្នុងចិត្តគេគ្មានតំណែងរបស់អ្នកទេ។

៣

៣. គ្មានការចាប់អារម្មណ៍ចំពោះអ្នក សោះអង្គើយដាក់អ្នក

បើគេស្រលាញ់អ្នក គឺចង់នៅជាមួយអ្នកមិនចង់ចាកចេញទៅណានោះឡើយ ឥរិយាបថ ឬពាក្យសម្ដីរបស់គេបង្កប់ភាពទន់ភ្លន់ និងភាពកក់ក្តៅចំពោះអ្នក ហើយគេធ្វើរឿងគ្រប់យ៉ាងដើម្បីអ្នក ប្រើគ្រប់មធ្យោបាយដើម្បីទាញចិត្តរវាងអ្នកទាំងពីរឱ្យខិតជិតគ្នា។ ពេលវេលាដែលនៅជាមួយអ្នក គេមានពាក្យច្រើនចង់ប្រាប់ទៅអ្នក ពេលដែលនៅឆ្ងាយពីអ្នក គេតែងតែបង្ហាញភាពមិនដាច់ចិត្តពីអ្នក ពេលដែលនៅក្នុងចិត្តរបស់គេមានអ្នក ទើបគេអាចបង្ហាញសញ្ញាទាំងនេះឡើងមក។

ផ្ទុយមកវិញ បើមនុស្សប្រុសម្នាក់មើលអ្នកមិនចូលភ្នែក មិនចង់រស់នៅជាមួយអ្នកនោះ ឥរិយាបទដែលគេមានចំពោះអ្នក គឺបង្ហាញចេញមកសុទ្ធតែភាពសោះកក្រោះ មិនចង់ក្បែរអ្នកឡើយ ពេលដែលអ្នកចូលទៅស្និទ្ធស្នាលជាមួយគេ គេរមែងតែងបដិសេធ មិនព្រមប៉ះពាល់អ្នកហើយងាកខ្លួនចេញធ្វើយ៉ាងណាចង់នៅឆ្ងាយពីអ្នក លែងឱ្យអ្នកមានអារម្មណ៍ថាស្និទ្ធស្នាលកក់ក្តៅដូចកាលពីមុន បែបនេះ គេលែងខ្វល់ពីអ្នកហើយ សូមអ្នកសង្កេតមើលផង៕

អត្ថបទ​ ៖ បក្សី ទេព / Knongsrok