មិនថាជាប្តីប្រពន្ធឬសង្សាទេ បើតែងនិយាយពាក្យទាំង ៣ នេះជាប់មាត់ ភាគច្រើនមិនសូវស្រលាញ់អ្នកប៉ុន្មានទេ

“រឿងដែលមានវិប្បដិសារីបំផុតនៅក្នុងជីវិត គឺមនុស្សដែលធ្លាប់នាំយើងទៅកាន់ឋានសួគ៌ ក្រោយមកក៏បានរុញយើងឱ្យធ្លាក់ឋាននរគវិញ។” បានសន្យាគ្នារួចហើយថា  ស្រលាញ់គ្នាមួយជីវិត បែរជានៅពាក់កណ្តាលផ្លូវបានធ្វើខុសចំពោះស្នេហាមួយនេះទៅវិញ តាមពិតទៅវាមិនបានកើតឡើងភ្លាមៗ នោះគឺមានប្រផ្នូលតាំងពីដំបូងមកម្ល៉េះ។ ពេលដែលចិត្តគេគ្មានអ្នក ទើបមិនខ្វល់ខ្វាយពីអ្នក ហើយតែងប្រើពាក្យទាំង ៣ នេះនិយាយជាប់មាត់មិនឈប់។

១. “ចាំលើកក្រោយទៅ” គឺជាការដោះសារនិយាយឱ្យរួចពីមាត់

ក្នុងរឿងស្នេហា អ្វីដែលខ្លាចបំផុត គឺជាភាពដោះសារនិយាយឱ្យរួចពីមាត់។ មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ យកអ្នកដាក់ក្នុងចិត្ត រមែងតែមានភាពក្លៀវក្លាចំពោះអ្នកគ្មានដែនកំណត់ឡើយ សុខចិត្តចំណាយពេលវេលាចំណាយទឹកចិត្តចំពោះអ្នក។

គេចងចាំរាល់ពិធីដែលមានទាក់ទងនឹងអ្នក នឹងជូនកាដូដល់អ្នកដោយយកចិត្តទុកដាក់ ទោះជារវល់យ៉ាងណាក៏ឆ្លៀតពេលមកកំដរអ្នកដែរ ឬប្រាប់អ្នកជាដំណឹងថាគេថ្ងៃនេះរវល់ណាស់ កុំឱ្យអ្នកមានក្តីបារម្ភពីគេ។ ខ្វល់ពីអារម្មណ៍ ខ្វល់ពីទឹកចិត្តរបស់អ្នក នឹករលឹកដល់អ្នកគ្រប់ពេល កំដរអ្នកយូរអង្វែង។ តែពេលដែលគេប្រែប្រួលចិត្ត ហើយការស្រលាញ់របស់គេក៏ប្រមូលត្រលប់មកវិញទាំងអស់ដែរ។ គេបានភ្លេចខួបអនុស្សាវរីយរបស់អ្នកទាំងពីរ ពេលដែលអ្នកណាត់ជួបគេមុន ក៏មានតែពាក្យថា “ចាំលើកក្រោយចុះ”។

ពេលវេលា របស់មួយនេះ សុទ្ធតែទុកឱ្យមនុស្សសំខាន់។ បើនៅក្នុងចិត្តគេគ្មានតំណែងរបស់អ្នក ប្រាកដណាស់ឱ្យតែថ្ងៃដែលមានទាក់ទងនឹងអ្នក គេមិនបានទុកដាក់ក្នុងចិត្តឡើយ គ្មានកម្មវិធីដើម្បីអ្នក គ្មានការភ្ញាក់ផ្អើល ក៏គ្មានកាដូអ្វីដែរ សេសសល់តែពាក្យដែលនិយាយឱ្យរួចតែពីមាត់ មិនអាចបង្ហាញភាពជាក់ស្តែងជារៀងរហូត។ ពេលដែលគេមើលរំលងអ្នកម្តងហើយម្តងទៀត យកលេសឱ្យរួចតែពីមាត់ ដូច្នេះអ្នកនៅក្នុងចិត្តរបស់គេលែងសំខាន់ទៀតហើយ។

4f27a7d9ea9782f88b1e71f7ff5a9ec6

២. “ កុំចេះដឹងរឿងខ្ញុំច្រើនពេក” គឺជាភាពធុញទ្រាន់ចង់នៅឱ្យឆ្ងាយពីអ្នក

ឥរិយាបថនៃការស្រលាញ់ និងមិនស្រលាញ់ តាមពិតទៅគ្រាន់តែមើលគឺដឹងហើយ។ ពេលដែលគេស្រលាញ់អ្នក តែងតែមានអារម្មណ៍ពឹងផ្អែក និងជឿជាក់លើអ្នកយ៉ាងខ្លាំង។ ពេលដែលជួបនឹងរឿងដែលមិនសប្បាយចិត្តរមែងតែងនិយាយប្រាប់អ្នកពីទុក្ខលំបាក ជួបរឿងលំបាកក៏សួរយោបល់ប្រឹក្សាជាមួយអ្នកដែរ។ ហើយពេលដែលអ្នកនិយាយរអ៊ូរទាំដែលចេញពីក្តីស្រលាញ់របស់អ្នក គឺគេយល់ថា គឺជាពាក្យសម្ដីដ៏ផ្អែមល្អែមដែលគេចូលចិត្តស្តាប់បំផុត មិនថាអ្នកនិយាយអ្វីនោះទេ គេតែងអត់ធ្មត់ស្តាប់អ្នកនិយាយ ទទួលយកបានទាំងអស់ រីករាយយ៉ាងខ្លាំង។ តែពេលដែលចិត្តគេគ្មានអ្នកហើយ ខ្លួនប្រាណគេឃ្លាតឆ្ងាយ មានចិត្តធុញទ្រាន់ អ្នកនិយាយតែប៉ុន្មានម៉ាត់ ក៏ធ្វើឱ្យគេមានអារម្មណ៍មិនល្អដែរ។


ទោះជាអ្នកពេលខ្លះរំឭកគេឱ្យថែសុខភាពផង ឬក៏ប្រាប់គេថាកុំភ្លេចផឹកទឹកឱ្យច្រើនផង យកចិត្តទុកដាក់បារម្ភពីគេ ក៏គេយល់ថាអ្នករអ៊ូរទាំច្រើនដែរ។ នៅក្នុងភ្នែកគេមានតែពាក្យថា “ធុញទ្រាន់” តែងពោលពាក្យចេញមកថា៖ “អ្នកគួរឱ្យធុញណាស់” ស្នេហាដែលយូរអង្វែងពិតប្រាកដ គឺមើលយូរយ៉ាងណាក៏មិនស៊ាំ នៅជាមួយគ្នាយូរប៉ុនណាក៏មិនធុញទ្រាន់។ ពេលដែលគេចាប់ផ្តល់ឃ្លាតឆ្ងាយពីអ្នក ចំពោះការផ្តែផ្តាំរបស់អ្នក គេមិនអើពើរ មិនស្តាប់ បែបនេះចិត្តរបស់គេបានដើរចេញពីអ្នកតាំងពីយូរណាស់ហើយ។

4941a30103fecfb3ad86cecefd275663

៣. “រឿងគ្រប់យ៉ាងមកពីអ្នក” បន្ទោសអ្នកមិនឈប់

ការអន់ឱន និងការអធ្យាស្រ័យ គឺជាជីវភាពដ៏ល្អបំផុតសម្រាប់ស្នេហា។ មនុស្សពីរនាក់ដែលស្រលាញ់គ្នា តែងតែស្រលាញ់ថ្នាក់ថ្នមមើលថែគ្នា សូម្បីតែចរិតភាពឆេវឆាវនៅលើខ្លួនរបស់គ្នា ក៏សុខចិត្តរណបតាមគ្នាដែរ។ ទោះជាកើតមានការឈ្លោះគ្នាខ្លាំងប៉ុនណា ក៏មិនដែលគិតចង់បែកគ្នានោះទេ។ ពេលឃើញគេទទួលរងការឈឺចាប់ ភាពខឹងក្រោធក៏បាត់មួយរំពេច ហើយឈប់មាត់ មកធ្វើឱ្យទំនាក់ទំនងស្រុះស្រួលគ្នាឡើងវិញ។ តែពេលដែលស្នេហារលាយបាត់ទៅ ភាពអធ្យាស្រ័យ និងការអត់ឱនក៏បានបាត់បង់ទៅដែរ។ ជាប្រចាំតែងប៉ះទង្គិចគ្នាមិនឈប់ សម្ដីសុទ្ធភាពចាក់ដោត រាល់ថ្ងៃមានរឿងមិនឈប់ រមែងឈ្លោះគ្នាឡើងមុខក្រហមអស់ហើយ។ ទោះជាកំហុសរបស់ខ្លួនឯងក៏ដោយ ក៏អាចរុញច្រានឱ្យគ្នាបានដែរ ទោះជានៅខាងក្រៅរងទុកក៏ដោយ ក៏យកកំហឹងមកជះលើខ្លួនរបស់ដៃគូរដែរ។

ពាក្យថា “សុទ្ធតែមកពីអ្នក” ជំនួសនូវចិត្តធ្លាប់ស្រលាញ់ និងស្នេហាដ៏ជ្រាលជ្រៅ ប្រកាសពីភាពចុងបញ្ចប់នូវស្នេហាមួយនេះ។ ពេលដែលមនុស្សប្រុសម្នាក់ស្រលាញ់អ្នក តែបើស្តីបន្ទោសដាក់អ្នកដោយមិនបានបែងចែកល្អអាក្រក់ មិនថាខុស ឬត្រូវ សុទ្ធតែទម្លាក់កំហុសឱ្យអ្នក ដូច្នេះទំនាក់ទំនងរបស់អ្នកក៏ឈានចូលក្នុងគ្រោះថ្នាក់ដែរ។

ស្រលាញ់ ឬអត់ អ្នកទាំងពីរសុទ្ធតែដឹងយ៉ាងច្បាស់។ ពាក្យសម្ដីដែលនិយាយ ទំនាក់ទំនងជាប្រចាំ នៅមានឥរិយាបថដែលគេមានចំពោះអ្នក គឺកុហកអ្នកដទៃមិនបានទេ។ តែបើគេតែងយកពាក្យទាំង ៣ ខាងលើនិយាយចេញមកដដែលៗពេក ដូចជាការនិយាយឱ្យរួចតែពីមាត់ មិនចង់នៅក្បែរអ្នក និងបន្ទោសអ្នករហូតនោះ ដូច្នេះចិត្តរបស់គេបានទៅឆ្ងាយពីអ្នកបាត់ទៅហើយ។ ក្តីស្រលាញ់ដែលបង្ខិតបង្ខំពិតជាមិនល្អឡើយ បើអ្នកមានអារម្មណ៍អស់សង្ឃឹម និងនឿយហត់នោះ យល់ល្អប្រមូលចិត្តរបស់អ្នកមកវិញ ហើយចាប់ផ្តើមសារជាថ្មី៕

អត្ថបទ ៖ បក្សីទេព / Knongsrok