ប្រទេសខ្មែរមានប្រហុក ប្រទេសថៃមានកាពិ ចំណែកឯប៉ែកអឺរ៉ុបមានឈីសដែលសុទ្ធសឹងតែជាម្ហូបអាហារដែលជះក្លិនស្អុយ។ ប្រទេសជប៉ុនក៏មានអាហារស្អុយប្រចាំប្រទេសខ្លួនផងដែរដែលមានឈ្មោះថា Natto។ វាជាអាហារបែបប្រពៃណីដែលមានលក្ខណៈស្អិតៗ អន្ធិលៗ ធ្វើឡើងពីការផ្អាប់ទុកសណ្តែកសៀងរយៈពេលយូរ។
ជនជាតិជប៉ុនរហូតដល់ទៅ៦២%ចូលចិត្តរសជាតិម្ហូបមួយនេះ ចំណែកឯ១៣%មិនចូលចិត្តនោះទេ។ យ៉ាងណាមិញ អ្នកខ្លះទៀតក៏នៅតែញុំាវាដោយសារគុណប្រយោជន៍ចំពោះសុខភាព។ នៅតាមផ្ទះជនជាតិជប៉ុនតែងមានប្រហុកសណ្តែកនេះមួយក្រឡក្នុងផ្ទះបាយដូចតែខ្មែរមានក្រឡប្រហុកត្រីនៅក្នុងផ្ទះផងដែរ។
អ្វីដែលកាន់តែអស្ចារ្យនោះគឺមិនមែនដោយសារក្លិនស្អុយរបស់មុខម្ហូបមួយនេះទេ តែដោយសារអត្ថប្រយោជន៍ទៅលើសុខភាពរបស់អ្នកបរិភោគ។ ជនជាតិជប៉ុនជឿជាក់ថា Natto ជាមុខម្ហូបសាកសិទ្ធិក្នុងការជំនួយដល់លំហូរឈាមនិងការប្រឈមនឹងជម្ងឺបេះដូង។ មិនខុសនោះទេ ព្រោះការស្រាវជ្រាវថ្មីៗពិតជាបានរកឃើញថាវាជួយកាត់បន្ថយភាពប្រឈមនឹងការដាច់សសៃឈាមខួរក្បាលនិងគាំងបេះដូងពិតមែន។
សណ្តែកនៅពេលផ្អាប់ទុកកាន់តែយូរនាំឲ្យកាន់តែមានជីវជាតិហេតុដូចនេះហើយទើបវាមានប្រសិទ្ធិភាពក្នុងការជួយទ្រទ្រង់សុខភាព។ ជីវជាតិទាំងនោះរួមមានប្រូតេអុីន ជាតិដែកនិង Fiber ដែលសុទ្ធសឹងតែមានឥទ្ធិពលវិជ្ជមានមកលើសម្ពាធឈាមនិងទម្ងន់។
បន្ថែមពីលើនេះទៀត Natto ក៏ជួយឲ្យអ្នកបរិភោគក្មេងជាងវ័យថែមទៀតផង។ វាសម្បូរទៅដោយវីតាមីន K វីតាមីន B6 និងវីតាមីន E ជាដើមដែលជួយពន្លើនការផ្លាស់ប្តូរកោសិកាថ្មីៗ ធ្វើឲ្យស្បែកនៅក្មេងខ្ចី៕
ប្រភព៖ បរទេស