ចង់ក្លាយជាមនុស្សរឹងមាំមែនទេ? អូខេ! អ្នកអាចក្លាយជាមនុស្សរឹងមាំបាន តែអ្នកសួរខ្លួនឯងប៉ុន្មានសំណួរនេះសិន ហើយអ្នកអាចធ្វើបានប៉ុន្មានចំណុចដែរ?

- អ្នកក្លាយជាមនុស្សចិត្តដាច់ហើយឬនៅ? ឬនៅស្ទាក់ស្ទើរ ចិត្តទន់នៅឡើយទេមែនទេ?

- អ្នកចិត្តទូលាយគ្រប់គ្រាន់ នឹងទទួលយកការពិតហើយឬនៅ? មិនថាល្អ ឬអាក្រក់ អ្នកហ៊ានប្រឈមមុខដែរឬទេ?

- អ្នកព្រមដើរចេញ ពីកន្លែងស្រណុក សុខស្រួលរបស់អ្នកហើយឬនៅ? ធ្លាប់នៅឆ្ងាយពីឪពុកម្ដាយ ក្រុមគ្រួសារ ប្រើជីវិតខ្លួនឯងហើយឬនៅ?

- ពេលជួបបញ្ហា ការលំបាក អ្នកហ៊ានរ៉ាប់រង គិត ដោះស្រាយតែម្នាក់ឯងដែរទេ? ឬអីបន្តិច សូម្បីតែរឿងហូបចុក ក៏រត់រកគ្រួសារ បងប្អូន?

- អ្នកធ្លាប់ឆ្លងកាត់អារម្មណ៍ ដែលសម្ងំនៅតែម្នាក់ឯង ដោយគ្មានអារម្មណ៍ថា ឯកា ទាល់តែសោះ តែបែរជាមានអារម្មណ៍ថា​ជីវិតនេះជារបស់ខ្លួនឯង ពោរពេញដោយភាពស្ងប់ស្ងាត់ ហើយវាក៏ជាអ្វីដែលអ្នកចង់បានដូចគ្នា!

- អ្នកធ្លាប់បដិសេធការចេញក្រៅ ទៅដើរលេង ស៊ីផឹកជាមួយមិត្តភក្តិ ហើយសម្រេចចិត្តនៅតែម្នាក់ឯង មិនមែនខឹង ឬអន់ចិត្តទេ តែវាជាវិធីមួយដែលបង្ហាញថា អ្នកចាស់ទុំគ្រប់គ្រាន់ ដែលចង់នៅម្នាក់ឯង ច្រើនជាងចូលរួមការស៊ីផឹកអត់ប្រយោជន៍!

38f8de912abf5f2df2c67ec37cbb0eda

- អ្នកធ្លាប់ឆ្លងកាត់ ការបោកប្រាស់ កុហក ធ្វើបាប ខ្សែលើពីមនុស្សក្បែរខ្លួន ហើយធ្លាប់ត្រូវមនុស្សក្បែរខ្លួនបំផុតបំផ្លាញទំនុកចិត្ត​ និងភាពជឿជាក់ប៉ុន្មានដងហើយ? ហើយអ្នកអាចជម្នះវាបានដែរទេ?

- អ្នកធ្លាប់ឆ្លងកាត់ការបែកបាក់មិត្តភាព និងបាត់បង់មនុស្សជាទីស្រឡាញ់ដែរទេ?

- អ្នកធ្លាប់ទៅណាមកណាតែម្នាក់ឯង ខ្លួនទីពឹងខ្លួន សូម្បីតែទៅញុំាអីក៏ម្នាក់ឯង ដើរលេងក៏ម្នាក់ឯងដែរទេ?

- អ្នកឈប់ខឹង ឈប់អន់ចិត្តជាមួយនឹងអ្នកណាទៀត ជាពិសេស ពេលដែលពឹងគេមិនបាន អ្នកក៏មិនមានអារម្មណ៍ខឹងគេដែរ ផ្ទុយទៅវិញ អ្នកបែរជាយល់ថា ពឹងគេមិនបាន ធ្វើម៉េច យើងពឹងខុសមនុស្ស ខុសពេល គេមិនជួយយើង ក៏ព្រោះតែគេមានហេតុផល!

- អ្នកអាចយល់បានគ្រប់យ៉ាង គ្រប់រឿង ក៏លែងមានអារម្មណ៍ខឹង ឬចងចិត្តគុំនឹងអ្នកណា ផ្ទុយទៅវិញ អ្នកបែរជាត្រូវខំប្រឹងដោយខ្លួនឯង ជួយខ្លួនឯង ធ្វើបានប៉ុនណា យកប៉ុណ្ណឹង!

- មិនថានៅជាមួយមិត្តភក្តិ សាច់ញាតិ បងប្អុន ក្រុមគ្រួសារ ឬនៅតែម្នាក់ឯងនោះទេ អ្នកបែរជាអាចសម្របខ្លួនបានគ្រប់ស្ថានភាព និងកាលៈទេៈ ដោយគ្មានបញ្ហាអ្វីឡើយ!

- អ្នកឈប់ខ្វល់ពីការគិត និងពាក្យសម្ដីរបស់អ្នកដទៃហើយឬនៅ? អ្នកអាចធ្វើបានទេ ដោយរក្សាភាពស្ងៀមស្ងាត់ មិនតបត មិនប្រកាន់នឹងមនុស្សអគតិ ដែលមិនយល់ពីអ្នក?


- អ្នកលះបង់គំនុំ សងសឹក ចេះបើកចិត្ត ហើយឈប់ខ្វល់ពីអ្វីទាំងអស់ ព្រោះអ្វីដែលសំខាន់បំផុតសម្រាប់អ្នក គឺធ្វើរឿងដែលអ្នកគួរធ្វើ មិនមែនយកពេលទៅគិត ឬខ្វាយខ្វល់ដល់រឿងអត់ប្រយោជន៍ឡើយ!

- អ្នកលែងឌឺដង ផ្លែផ្កា ក៏មិនខ្វល់នឹងមនុស្សមិនឱ្យតម្លៃអ្នកដែរ ព្រោះអ្នកស្គាល់ និងដឹងពីគុណតម្លៃរបស់ខ្លួនឯងច្បាស់រួចហើយ!

9f5abbe75d8b7ec3a24ab4e128bc575d

តាមពិតទៅ ពាក្យថារឹងមាំ ដ្បិតវាខ្លី តែខ្លឹម មនុស្សម្នាក់ មុននឹងក្លាយជាមនុស្សរឹងមាំម្នាក់ មិនមែនឆ្លងកាត់ត្រឹមការលំបាកម្ដងជាពីរដងនោះទេ ក៏មិនមែនព្រោះតែពឹងគេ គេមិនជួយ ក៏ខឹងគេ ស្អប់គេ គុំកួននឹងគេនោះដែរ។ មនុស្សដែលរឹងមាំពិតប្រាកដម្នាក់ គេមិនចិត្តចង្អៀតឡើយ ហើយក៏មិនមែនថា គេមិនចេះយំនោះដែរ។ ផ្ទុយទៅវិញ មនុស្សដែលរឹងមាំ គេចេះទ្រាំ ចេះអំណត់ តែក៏ចេះអត់ឱន បើកចិត្តទូលាយ ចេះអភ័យ ហើយក៏ព្រមទទួលស្គាល់ការពិត។

ពេលជួបបញ្ហា ការលំបាកខ្លាំង តាមពិត គេក៏ចេះយំដែរ គ្រាន់តែគេយំហើយ គេក្រោកឈរឡើងវិញ គេក៏មិនយំយូរដែរ តែការដែលគេយំ មិនមែនព្រោះតែឈឺចាប់ទេ តែយំព្រោះតែបន្ធូរអារម្មណ៍ កុំឱ្យតានតឹងពេក។ មនុស្សរឹងមាំ គេសុំានឹងស្ថានភាពគ្រប់បែបយ៉ាង អាចឈរបានគ្រប់កាលៈទេសៈ ហើយក៏អាចរស់នៅជាមួយនឹងពិភពស្ងប់ស្ងាត់បានដោយងាយ។

5aac7e1b436cef17771fea88fa389b09

តាមពិតទៅ មនុស្សរឹងមាំ ជីវិតគេគឺពិតជាឯកាខ្លាំងណាស់ តែគេមិនមានអារម្មណ៍ថា អផ្សុកសូម្បីតែបន្តិច ព្រោះថា ពិភពឯការបស់គេ បានក្លាយជាមិត្តល្អរបស់គេទៅហើយ។ មនុស្សរឹងមាំ ត្រូវព្រមលះបង់គ្រប់បែបយ៉ាង ​​​​​​​​ហើយក៏ធ្វើគ្រប់យ៉ាង មិនមែនដើម្បីតែខ្លួនឯនោះទេ តែគេធ្វើ និងលះបង់ដើម្បីគ្រួសារ ដើម្បីមនុស្សជាទីស្រឡាញ់ និងមនុស្សដែលនៅក្បែរខ្លួនគេ។

មនុស្សរឹងមាំម្នាក់ ជីវិតគេប្រហែលជាមើលទៅសោះកក្រោះណាស់ សម្រាប់មនុស្សខ្លះ គេប្រហែលជាមិនចេះរស់នៅក្នុងជីវិតបែបហ្នឹងឡើយ ជីវិតរបស់មនុស្សរឹងមាំម្នាក់ វាពិតជាពិបាកខ្លាំង តែទម្រាំតែឈានដល់ចំណុចមួយហ្នឹង មនុស្សរឹងមាំ ក៏បានលត់ដំ និងឆ្លងកាត់គ្រប់យ៉ាងរួចអស់ហើយ។ ដូច្នេះហើយ បើចង់ក្លាយជាមនុស្សរឹងមាំ សួរខ្លួនឯងថា ព្រមដាក់ចុះដែរទេ? ព្រមបើកចិត្តដែរទេ? ព្រមទទួលយកដែរទេ? ព្រមឆ្លងកាត់ដែរទេ? ព្រមសាកល្បងដែរទេ? ព្រមលះបង់ដែរទេ? ព្រមចាកចេញដែរទេ? ព្រមធ្វើជាមនុស្សឯកាដែរទេ? សួរខ្លួនឯងឱ្យច្បាស់ ហើយចម្លើយដែលព្រម ក៏មិនប្រាកដថា អ្នកអាចធ្វើបាននោះឡើយ ព្រោះចំណុចសំខាន់នៃមនុស្សរឹងមាំគឺ ចិត្ត បេះដូង ធំទូលាយ គិតគ្រប់យ៉ាងដោយវិជ្ជមាន គិតក្នុងផ្លូវល្អជានិច្ច៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ knongsrok

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550