ដោយហេតុផលសំខាន់ទាំង ៣ នេះហើយ ដែលធ្វើឱ្យគ្រួសារកាន់តែធ្លាក់ចុះ ដុនដាប គ្មានភាពរីកចម្រើន

គ្រួសារមានទ្រព្យស្ដុកស្ដម្ភ វាមិនស្មើនឹងគ្រួសារដែលមានក្ដីសុខ សុភមង្គល ភាពកក់ក្ដៅ និងរីករាយនោះឡើយ បើទោះបីជាគ្រួសារអ្នកមានទ្រព្យ មានលុយច្រើនប៉ុនណាក៏ដោយ តែបើក្នុងផ្ទះគ្មានសុភមង្គលទេ គ្រួសារអ្នកក៏គ្មានអ្វីដែលអស្ចារ្យ គ្មានការចងចាំល្អៗដូចគ្នា។ គ្រួសារមានភាពរីករាយ ចុះសម្រុង ទើបគ្រួសារនោះមានភាពរីកចម្រើន រុងរឿង ល្អប្រសើរ។ យ៉ាងណាមិញ ព្រោះតែហេតុផលទាំង ៣ ខាងក្រោមនេះហើយ ដែលធ្វើឱ្យគ្រួសារអ្នកកាន់តែធ្លាក់ចុះ គ្មានសិរី កាន់តែដុនដាបជារៀងរាល់ថ្ងៃ។

539ac2aac13b9880a5fb28d041cc6b52

១. ឪពុកម្ដាយព្រងើយនឹងកូន គ្មានភាពស្និទ្ធស្នាល ឬទំនើងកូនជ្រុលហួសហេតុពេក

កូន គឺជាអនាគតនៃគ្រួសារ ជាអ្នកស្នងនូវមរតកនៃវង្សត្រកូល ប៉ុន្តែប្រសិនបើអ្នកគិតតែពីខំប្រឹងធ្វើការរកលុយ ដោយមិនមានពេលវេលា និងភាពស្និទ្ធស្នាលជាមួយនឹងកូនៗហើយនោះ សួរថា តើអ្នកខំប្រឹងដើម្បីអ្វី។​ ការបាត់បង់ពេលវេលានៅក្បែរកូនៗ នោះគឺជាការបង្រៀនឱ្យកូនក្លាយជាក្មេងដែលឯកា ខ្វះភាពកក់ក្ដៅ រស់នៅក៏ពិបាកនឹងប្រឡូកក្នុងសង្គមដែរ។

ក្នុងនាមជាឪពុកម្ដាយ បើគ្មានពេលវេលាឱ្យកូនៗទេ មិនអាចចំណាយពេល ផ្ដល់ភាពកក់ក្ដៅដល់កូនហើយនោះ វាក៏លែងជាគ្រួសារទៀតហើយ ម្យ៉ាងទៀត ការដែលបណ្ដោយឱ្យកូនមានគម្លាតរវាង កូនៗ និងឪពុកម្ដាយ វាពិតប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់កូនជាខ្លាំង។

លើសពីនេះ ព្រោះតែគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់កូន ក៏មិនអាចនឹងស្ដីថា ប្រៀនប្រដៅកូនបាន កូននឹងក្លាយជាក្មេងមិនល្អ ចរិតរឹងរូស មានះ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ ឪពុកម្ដាយខ្លះ ទំនើងកូនជ្រុល ព្រោះតែគ្មានពេលវេលាគ្រប់គ្រាន់ កូនក៏ប្រែជាក្មេងធ្វើអ្វីតាមតែអំពើចិត្ត លែងចេះគិតល្អអាក្រក់ លទ្ធផលអាចនឹងភ្លើតភ្លើន ដើរផ្លូវខុស បាត់បង់អនាគតមិនខាន។

7e94663e7458dab4914732f4a870c42c


២. មិនជឿលើបាបបុណ្យ មិនជឿលើការធ្វើអំពើល្អ

ពាក្យចាស់ពោលថា « មិនជឿ កុំប្រមាថ » មនុស្សខ្លះ មិនជឿលើបាបបុណ្យ មិនខំប្រឹងសន្សំអំពើល្អទេ តែងតែមានសេចក្ដីប្រមាថ ធ្វើតែអំពើអាក្រក់ ផ្ចាញ់ ផ្គើន នេះហើយជាហេតុនាំឱ្យវិនាសទៅថ្ងៃមុខ គ្រួសារក៏គ្មានក្ដីសុខ​ ដោយហេតុតែបាបដែលបានសាងឡើង។

មនុស្សដែលមិនធ្វើល្អ គ្មានសេចក្ដីល្អ គ្មានចិត្តគំនិតល្អ រមែងធ្វើតែទង្វើអាក្រក់ បំពាន ឈ្លានពាន អុចអាលឱ្យអ្នកដទៃឈ្លោះគ្នាក៏មាន មនុស្សទាំងនេះ ថ្ងៃមុខទៅ គ្មានក្ដីសុខ គ្រួសារក៏ត្រូវបែកបាក់ ជីវិតនឹងត្រូវរស់នៅឯកាដល់ថ្ងៃស្លាប់ គ្មានញាតិ គ្មានមិត្តនៅក្បែរយកអាសារនោះឡើយ។

61f7edfcd08e839bf7b0dcd15f7760ee

៣. ខឹង អន់ចិត្ត គុំកួន ឈ្លោះប្រកែក គ្មានសិរីសួស្ដី

ក្នុងគ្រួសារដែលមានតែពាក្យជេរប្រទេច ឈ្លោះប្រកែក វាយតប់គ្មានស្ទើរតែរាល់ថ្ងៃ គឺគ្មានសិរីសួស្ដី មនុស្សក្នុងគ្រួសារ ក៏ខាតបង់លាភសំណាង គ្មានទេវតាទ្រព្យណាចូលមកនៅក្នុងផ្ទះ ព្រះក៏មិនតាមថែរក្សាដែរ។ គ្រួសារដែលបើកភ្នែកមក ម្ដាយជេរកូន ឪពុកវាយធ្វើបាបម្ដាយ កូនៗដើរប៉ៅឡែ អាវាសែ មិនស្ដាប់បង្គាប់ វាជាព្យុះក្នុងគ្រួសារ រស់នៅគ្មានក្ដីសុខ គ្មានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការរកស៊ី នេះហើយ ដែលធ្វើឱ្យគ្រួសារនោះកាន់តែធ្លាក់ចុះ ដុនដាប រហូតឈានដល់ការបែកបាក់ ព្រាត់ប្រាស់គ្នា៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ knongsrok

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550