ស្នេហា គឺបែបហ្នឹងមែនទេ? ស្រឡាញ់គ្នាបែបណា ទើបមិនបែកគ្នា?

- បានជួបមនុស្សដែលត្រូវចិត្ត មាននិស្ស័យ ហើយក៏ស្រឡាញ់គេខ្លាំងដែរ តែគេមិនមែនកើតមកសម្រាប់យើង គេអាចនឹងមានគូរួចហើយ ឬគេមិនបានស្រឡាញ់យើងវិញទេ គេក៏បានបដិសេធនឹងយើងដែរ!

- បានជួបមនុស្សដែលស្រឡាញ់យើង ព្រមធ្វើគ្រប់យ៉ាងដើម្បីយើង លះបង់គ្រប់យ៉ាងដើម្បីយើង តែគួរឱ្យស្ដាយ ម្នាក់នោះ មិនមែនជាមនុស្សដែលយើងស្រឡាញ់ យើងក៏បដិសេធនឹងគេ!

May be an image of 3 people

- ទម្រាំបានជួបមនុស្សដែលយើងស្រឡាញ់ គេក៏ស្រឡាញ់យើងវិញ ចំណាយពេលយូរណាស់ អ្នកខ្លះ បែកបាក់ស្នេហាមិនដឹងប៉ុន្មានដងទេ ទម្រាំបានជួបមនុស្សដែលស្រឡាញ់ ថ្នាក់ថ្នម បានជួបស្នេហាសមបំណង ចំណាយពេលយូរណាស់ទើបបានជួបគ្នា តែបែរជាមិនអាចចំណាយពេលយូររហូតដល់ចាស់ បានរស់នៅជាមួយគ្នា បានជួបមនុស្សល្អហើយ តែចុងក្រោយ បែរជាមិនអាចបានរស់នៅជាមួយគ្នា!

ខ្ញុំធ្លាប់សួរខ្លួនឯងថា តើស្នេហាបែបណា ទើបអាចរក្សាបានយូរអង្វែង? តើស្រឡាញ់គ្នាបែបណា ទើបមិនបែកគ្នា? អ្នកខ្លះ មានឱកាសបានស្រឡាញ់គ្នា តែបែរជាមិនចេះថែរក្សាគ្នាឱ្យបានល្អ ស្របពេលដែលអ្នកខ្លះ ស្រឡាញ់គ្នា ចង់ថែរក្សាគ្នា រស់នៅជាមួយគ្នាដល់ចាស់ តែព្រហ្មលិខិតមិនអាណិតអាសូរ នៅតែបំបែកពួកគេឱ្យបែកបាក់គ្នា​!

May be an image of 3 people and indoor


ធ្លាប់មានមនុស្សម្នាក់ប្រាប់ខ្ញុំថា « កុំធ្វើល្អនឹងគាត់ពេក គាត់មិនចង់ពេលបែកគ្នាទៅ ពិបាកបំភ្លេចខ្ញុំ គាត់មិនចង់ឱ្យក្នុងជីវិតដិតដាមមានតែរូបខ្ញុំ គាត់ខ្លាច ខ្លាចថាពេលមួយត្រូវបែកគ្នា គាត់ខ្វះខ្ញុំមិនបាន គាត់មិនចង់ឱ្យខ្ញុំល្អពេក ខ្លាចថា ថ្ងៃក្រោយទៅ រកអ្នកណាមកជំនួសខ្ញុំបាន ដោយសារតែភាពល្អរបស់ខ្ញុំ »។

May be an image of 2 people, rose and text that says "stonerbkk ขอ Love is the answer, whatever the question. melonp.official"

តែសម្រាប់ខ្ញុំ ខ្ញុំមិនគិតបែបហ្នឹងទេ ខ្ញុំធ្លាប់ខុសឆ្គងនឹងមនុស្សល្អក្បែរខ្លួន ខ្ញុំធ្លាប់ធ្វើឱ្យគេឈឺចាប់ ព្រោះតែខ្ញុំមិនបានស្រឡាញ់គេ ខ្ញុំមិនបានតបសេចក្ដីល្អទៅគេវិញ ដូច្នេះហើយ ខ្ញុំបានប្រាប់ខ្លួនឯងថា មនុស្សដែលល្អនឹងខ្ញុំ ខ្ញុំនឹងល្អជាមួយគេអស់ពីចិត្តហើយសម្រាប់មនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំនឹងលះបង់គ្រប់យ៉ាងដើម្បីគេ តាមលទ្ធភាពរបស់ខ្ញុំ ធ្វើនូវអ្វីដែលខ្ញុំគួរធ្វើដើម្បីគាត់ ខ្ញុំនឹងស្រឡាញ់ឱ្យអស់ពីចិត្ត ធ្វើឱ្យអស់ពីលទ្ធភាព ខ្ញុំគ្រាន់តែចង់ធ្វើអ្វីៗ ដើម្បីមនុស្សដែលខ្ញុំស្រឡាញ់ ទាន់នៅមានឱកាស បើទោះបីជាថ្ងៃក្រោយយើងបែកគ្នាទៅ ក៏ខ្ញុំបានអស់ចិត្ត យ៉ាងហោចណាស់ ខ្ញុំបានធ្វើដើម្បីគាត់អស់ពីចិត្តហើយ ខ្ញុំបានផ្ដល់ឱ្យគាត់នូវរឿងដែលល្អៗ និងការចងចាំដ៏មានន័យហើយ ថ្ងៃក្រោយបែកគ្នា យើងក៏សល់ការចងចាំល្អៗជាមួយគ្នា។

May be an image of 2 people, people standing and flower

បើស្រឡាញ់ ត្រូវធ្វើល្អចំពោះមនុស្សដែលខ្លួនស្រឡាញ់ កុំស្រឡាញ់គិតដល់ថ្ងៃបែក ថ្ងៃបែកគង់តែជួប គ្រាន់តែយើងមិនដឹងថា យូរ ឬឆាប់រវាងពួកយើង តែអ្វីដែលសំខាន់ ធ្វើល្អចំពោះមនុស្សដែលយើងស្រឡាញ់ ធ្វើឱ្យបានល្អបំផុត ថែរក្សាពេលវេលាដែលមានជាមួយគ្នាឱ្យបានល្អ ថ្ងៃមុខ ទើបមិនស្ដាយក្រោយ៕

អត្ថបទ ៖ pHknongsrok / Knongsrok (មនុស្សចុងក្រោយ)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ knongsrok

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550