បុរសត្រូវចាំ! ក្នុងអំឡុងពេលទាក់ទងគ្នាជាសង្សារ ស្រីៗមិនចូលចិត្តឱ្យអ្នកសួរនាំនាងរឿងទាំង៥នេះឡើយ

ពេលដែលចាប់ផ្ដើម ឬកំពុងតែទាក់ទងគ្នាឈ្មោះត្រឹមជាសង្សារ មើលចិត្តថ្លើមគ្នា មិនមែនមានន័យថា អ្នកត្រូវដឹង និងសួរដេញដោលដៃគូគ្រប់រឿងនោះឡើយ។ ជាពិសេសក្នុងរឿងទាំង៥ខាងក្រោមនេះ ស្រីៗស្អប់បំផុត និងមិនចង់ឱ្យដៃគូរបស់នាងសួរនាំ ជីកឫសជីកគល់នោះទេ ព្រោះវាជាការរំខានអារម្មណ៍របស់នាងខ្លាំង។ ដូច្នេះប្រុសៗត្រូវចងចាំទុក និងគួរតែចៀសវាង បើមិនចង់ឱ្យទំនាក់ទំនងរបស់អ្នក មានភាពរកាំរកូស ឈ្លោះទាស់ ឬបែកបាក់គ្នា។

១. ហាមសួរនាំរឿងសង្សារចាស់

152355950_1098736683865204_7023390171293131031_o

ជារឿងដែលមិនគួរសួរនាំឡើង​ ចំពោះសំណួរដែលពាក់ព័ន្ធនឹងទំនាក់ទំនងអតីតកាល ឬសង្សារចាស់ កុំថាឡើងត្រឹមសង្សារ ឬមើលចិត្តគ្នា សូម្បីតែក្លាយជាប្ដីប្រពន្ធ ក៏មិនគួរំឭក ជីកកកាយរឿងកាលពីមុននោះដែរ ព្រោះរឿងនេះវាបានកន្លងហួសអស់ទៅហើយ ហើយការដែលនាងជ្រើសរើសយកអ្នក ក៏មានន័យថា នាងចង់ចាប់ផ្ដើមជាថ្មី ប្រាកដជាមិនចង់រំឭកដើមដល់អ្នកចាស់ទេ។ ពេលខ្លះ ការជីកកកាយរឿងស្នេហាកាលពីមុនរបស់នាង គឺអាចនឹងមានន័យថា អ្នកកំពុងតែឆ្កឹះដំបៅចាស់របស់នាងជាថ្មី អ្នកកំពុងតែធ្វើឱ្យនាងកាន់តែឈឺចាប់ ពេលរំឭកដល់រឿងចាស់កាលពីមុន ឬវាអាចនឹងជាចំណុចមួយដែលធ្វើឱ្យចំណងស្នេហារបស់អ្នក ស្ថិតក្នុងដំណាក់កាលទើសទាល់ចិត្តចំពោះគ្នា ព្រោះការសួរនាំរឿងសង្សារចាស់ វាក៏ជាការបង្ហាញថា អ្នកមិនទុកចិត្តនាងឡើយ។

២. ហាមសួរនាំរឿងប្រាក់ចំណូលរបស់នាង

152942823_1098736523865220_7568699223787007671_o

វាមិនទាន់ដល់ពេលទេ ដែលអ្នកត្រូវទៅដឹងរឿងចំណូលចំណាយរបស់ដៃគូនោះ ព្រោះក្នុងខណៈពេលនេះ លុយអូន គឺនៅតែជាលុយអូននៅឡើយទេ។ ដូច្នេះហើយ អ្នកមិនគួរសួរនាំនាងថា "រកបានប៉ុន្មាន? ប្រាក់ខែប៉ុន្មាននោះឡើយ"។ លើកលែងតែថា អ្នក និងនាងចាប់ផ្ដើមអាជីវកម្ម ឬរកស៊ីចូលហ៊ុនគ្នា ទើបអ្នកមានសិទ្ធសួរនាំ ព្រោះនេះចំណូលរួម។

៣. ហាមសួរនាំរឿងក្នុងគ្រួសារនាង

151030063_1094683377603868_9018157516545035964_n

រឿងផ្ទៃក្នុងគ្រួសារ មនុស្សស្រីមិនងាយនិយាយប្រាប់អ្នកណាឡើយ ជាពិសេសគឺសង្សាររបស់នាង ព្រោះការនិយាយរឿងក្នុងគ្រួសារប្រាប់គេ គឺហាក់ដូចជាដើរស្រាតអ៊ីចឹង សម្រាប់មនុស្សស្រី នាងគិតកិត្តិយសគ្រួសារណាស់។ ជាពិសេស ស្ថិតត្រឹមជាការទាក់ទង ជាសង្សារ នាងនៅតែទុកអ្នកជាអ្នកដទៃនៅឡើយទេ។ ប៉ុន្តែប្រសិនបើអ្នកទាំងពីរ រៀបការ ក្លាយជាប្ដីប្រពន្ធហើយនោះ កុំថាឡើយរឿងគ្រួសារ ឬបញ្ហាធំប៉ុនណា ក៏នាងមិនលាក់អ្នកដែរ ព្រោះតែបានក្លាយជាចំណែកសំខាន់មួយក្នុងជីវិតនាង ដូច្នេះ នាងចង់ឱ្យអ្នកដឹងគ្រប់រឿងដែលពាក់ព័ន្ធនឹងនាង។


៤. ហាមសួរនាំរឿងការងាររបស់នាង

153115809_1098736813865191_7584975882219584959_o

មនុស្សស្រីពេលហត់នឿយនឹងការងារ នាងគ្រាន់តែចង់បានមនុស្សម្នាក់ដែលនៅជិតនាងបំផុត ហើយគ្រាន់តែសម្លឹងមើលមុខ ក៏អាចយល់ពីចិត្តនាង ដោយមិនចាំបាច់នាងនិយាយ ឬរអ៊ូប្រាប់អ្នកនោះឡើយ។ ម្យ៉ាងទៀតសម្រាប់មនុស្សស្រី នាងយកចិត្តទុកដាក់ណាស់ចំពោះការងារ ហើយក៏មានការងារខ្លះ វាគឺជាអាថ៌កំបាំងដែលមិនអាចប្រាប់អ្នកណាបានឡើយ ដូច្នេះនាងនឹងមិននិយាយចេញមកទេ។ ប៉ុន្តែប្រសិនបើអ្នកកាន់តែសួរនាំនាង វានឹងកាន់តែធ្វើឱ្យនាងរឹតតែស្មុគស្មាញ ធុញថប់ទ្វេដង។ ដូច្នេះហើយ កុំចេះតែសួរនាំ សាំញុំាដាក់នាង បើឃើញនាងមិនសប្បាយចិត្ត ត្រឹមតែយកចិត្តទុកដាក់ ឬជូននាងទៅញុំាអី ធ្វើឱ្យនាងសប្បាយចិត្តទៅបានហើយ។ បញ្ហា បើនាងចង់ប្រាប់ អ្នកក៏ត្រូវតែធ្វើជាអ្នកស្ដាប់ដ៏ល្អ។ ប៉ុន្តែអ្នកអាចសួរនាងត្រឹមថា "ធ្វើការថ្ងៃនេះយ៉ាងម៉េចដែរ? ហត់អត់? ខំធ្វើការ កុំភ្លេចញុំាបាយ..."។

៥. ហាមសួរនាំរឿងទំនាក់ទំនងនាង និងមិត្តភក្តិនាង

153516451_1098736870531852_8286276823100263228_o

ដឹងទេថា មនុស្សស្រីនាងមានអាថ៌កំបាំងច្រើនជាមួយមិត្តភក្តិ តែមិនមែនជារឿងលាក់បាំង ក្នុងបំណងក្បត់ចិត្តអ្នកឡើយ ដូច្នេះរឿងនាង និងមិត្តភក្តិ សូមកុំសួរនាំច្រើនពេក នាងមិនចង់ឱ្យដឹង មិនមែននាងលាក់ទេ តែមកពីនាងមិនអាចនិយាយប្រាប់អ្នកបាន ជួនកាល វាក៏អាចជាអាថ៌កំបាំងមិត្តរបស់នាង ដូច្នេះមិនអាចនិយាយផ្ដេសផ្ដាសបានឡើយ។ លើសពីនេះ យើងជាមនុស្សប្រុស ក៏កុំទៅចង់ដឹងរឿងស្រីៗពេក ដូចដឹងស្រាប់ហើយថា មនុស្សស្រី នាងមានភាពអៀនខ្មាសច្រើន ដែលមិនអាចនិយាយប្រាប់យើងបាន។

151259213_1094683390937200_4600149843698583477_n

តែយ៉ាងណាមិញ សារជាតិមនុស្សស្រី នាងស្មោះត្រង់ចំពោះដៃគូណាស់ បើទោះបីជាមានឈ្មោះត្រឹមសង្សារដោយ សំខាន់គឺស្ថិតនៅលើអ្នក អាចធ្វើឱ្យនាងជឿជាក់ និងទុកចិត្តបានកម្រិតណា​ តើអ្នកបានធ្វើខ្លួនឱ្យសក្តិសមនឹងទទួលដឹងរឿងគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងនាងហើយឬនៅ? ម្យ៉ាងទៀតមនុស្សប្រុសត្រូវចាំថា មិនថារឿងអ្វីទេ បើគេចង់ប្រាប់យើង មិនបាច់ឱ្យយើងទៅសួរជម្រេញគេដដែលៗនាំធុញឡើយ គេនឹងប្រាប់ឱ្យយើងដឹងដោយមិនបាច់ប្រឹង តែបើយើងចង់ដឹងរឿងគេជ្រុលពេក វានឹងក្លាយជាការបំពានលើសិទ្ធិសេរីភាពគ្នា យើងកំពុងតែបំពានលើដែនគំនូសរបស់ដៃគូហើយ ហើយការឈ្លានពានមួយនេះ វានឹងធ្វើឱ្យទំនាក់ទំនងអ្នកកាន់តែបែកខ្ញែក​ បាត់បង់ទំនុកចិត្ត និងចាប់ផ្ដើមរកាំរកូស ហើយបើរឿងណាធំហួស នឹងបង្កើតបានជាជម្លោះ ឈ្លោះទាស់គ្នាធ្ងន់ធ្ងរមិនខាន៕

អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖ knongsrok

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550